27 C
Phnom Penh

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ​ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​បែប​គ្រួសារ​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ចូលរួម​ជាមួយ​នឹង​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​នៅ​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​អំណាច​ដោយ​ពូជ​ពង់​វង្ស​ត្រកូល​នៃ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ ក្រោយ​ពេល​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ថា ចលនា​នេះ​គឺជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ក្នុង​ការ​ចូលរួម​កសាង​កម្លាំង​ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ចេញ​ពី​កណ្ដាប់ដៃ​ត្រកូល​ហ៊ុន​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ជិះជាន់​សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី អះអាង​ថា ចលនា​ប្រជាធិបតេយ្យ​ខ្មែរ គឺជា​ចលនា​មួយ​ដែល​បើក​ផ្លូវ​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​ដែល​មាន​សមត្ថភាព​ពិតប្រាកដ មក​ដឹកនាំ​ប្រទេស​កម្ពុជា​បន្ត​ពី​អ្នក​នយោបាយ​ដែល​មាន​វ័យ​ចំណាស់ ដូចជា​រូបលោក ជាដើម ព្រោះ​ថា​លោក​នឹង​មិន​រៀបចំ​ឱ្យ​កូន​ខ្លួនឯង​មក​ធ្វើ​នយោបាយ​បន្ត​ពូជ​ដូច​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន ឡើយ ប៉ុន្តែ​លោក​នឹង​បើក​ផ្លូវ​ឱ្យ​កូនធម៌​របស់​លោក​ដែល​ជា​ពលរដ្ឋ​ខ្មែរ​ស្រឡាញ់​យុត្តិធម៌ ស្នេហា​ប្រជាធិបតេយ្យ បន្ត​វេន​កសាង​សង្គម​ជាតិ​ពី​រូបលោក​ទៅ​ថ្ងៃ​មុខ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​កាន់កាប់​អំណាច​បន្ត​ពូជ​របស់​ត្រកូល​ហ៊ុន គឺជា​ទង្វើ​មាក់ងាយ​កូន​ខ្មែរ​ស្នេហា​ជាតិ និង​ពូជសាសន៍​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ត្រកូល​ហ៊ុន​នោះ​ទេ ដូច្នេះ​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ​គ្រប់​មជ្ឈដ្ឋាន ត្រូវតែ​ចូលរួម​គ្នា​លុប​បំបាត់​ការ​ដឹកនាំ​តាម​បែប​បន្ត​ពូជ​ដូច​គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​គ្រប់គ្រង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ ពលរដ្ឋ​ខ្មែរ និង​តំណាង​អង្គការ​ស្ថាប័ន​បរទេស​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​ដែល​ស្នេហា​ប្រជាធិបតេយ្យ និង​ស្នេហា​យុត្តិធម៌ បាន​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ឡងប៊ិច លើ​ទឹកដី​សហរដ្ឋ​អាមេរិក ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ផង​ដែរ ដើម្បី​អបអរ​សាទរ​ពិធី​សម្ពោធ​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ ដែល​នឹង​ត្រូវ​ដឹកនាំ​ដោយ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ។

ជុំវិញ​បញ្ហា​នេះ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​លើកឡើង​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា គោលបំណង​នៃ​ការ​បង្កើត​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ពេល​នេះ គឺ​ដើម្បី​ស្វែងរក​ការ​រួបរួម​ចលនា​ខ្មែរ​គ្រប់​និន្នាការ​នៅ​លើ​ពិភពលោក ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​ចេញ​ផុត​ពី​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នកស្រី មូរ សុខហួរ អះអាង​ថា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ មិនមែន​ជា​ចលនា​នយោបាយ​ទេ ប៉ុន្តែ​ជា​ចលនា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​គោលដៅ​ស្វែងរក​ការ​សហការ​ជាមួយ​បុគ្គល និង​ស្ថាប័ន​ផ្សេងៗ ដើម្បី​រួបរួម​កម្លាំង​គ្នា​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស បើក​លំហ​សេរីភាព​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ចលនា​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។

អ្នកស្រី មូរ សុខហួរ ប្ដេជ្ញា​ថា ក្នុង​នាម​អ្នកស្រី​ជា​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ស្វែងរក​ការ​សហការ​ពី​មជ្ឈដ្ឋាន​នានា​នៅ​លើ​ពិភពលោក និង​ពី​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដើម្បី​តស៊ូ​មតិ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​វិលត្រឡប់​ទៅ​រក​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ឡើងវិញ​ឱ្យខាងតែ​បាន។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ក្រោយ​ការ​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាង ២​ឆ្នាំ ហើយ​ក៏​ត្រូវ​ចុះបញ្ជី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​រដ្ឋ​ម៉ាសាជូសិត (Massachusetts) ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​មាន​អ្នកស្រី មូរ សុខហួរ ជា​ប្រធាន បន្ទាប់ពី​អ្នកស្រី​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ មក។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ មាន​គោលដៅ​បង្រួម​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក្នុង​បំណង​បង្កើន​ចលនា​អ្នក​ស្នេហា​ជាតិ​ឆ្ពោះ​ទៅ​បង្កើត​គុណធម៌​ប្រជាធិបតេយ្យ​មួយ​ដែល​អ្នក​ចូលរួម​ទាំងអស់ ធ្វើការ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​លុបបំបាត់​នូវ​ការ​រើសអើង​នយោបាយ ឬ​ជម្លោះ​ក្នុង​ទីលាន​នយោបាយ​ខ្មែរ​ដែល​នាំ​ទៅ​រក​ការ​បែកបាក់​ជាតិ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២៤ អង្គការ Freedom House បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្ដាច់ការ​ធំៗ ៥ ផ្សេង​ទៀត ក្រោយ​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​វិធានការ​គាបសង្កត់​សិទ្ធិ​នយោបាយ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​នា​ពេល​កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស