31 C
Phnom Penh

ប្រធាន​គណបក្ស​ភ្លើង​ទៀន សុំ​ពន្យារ​ពេល​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ មូលហេតុ​ជាប់​ភារកិច្ច​នៅ​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ដាក់​ពាក្យ​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ពន្យារ​ពេល​ឱ្យ​លោក ទាវ វណ្ណុល ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោម​ហេតុផល​លោក​កំពុង​មាន​ភារកិច្ច​ចាំបាច់​ជាប់​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក ជូង ជូងី ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​ចេញ​លិខិត​សុំ​ពន្យារ​ពេល​មួយ​ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន មិន​អាច​ចូល​បង្ហាញ​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ការ​ឆ្លើយ​បំភ្លឺ​បាន​ទេ ដោយសារ​ជាប់​ភារកិច្ច​នៅ​ក្រៅ​ប្រទេស មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទាន់​ពេលវេលា​តាម​ដីកា​តុលាការ​ឡើយ។

លោក ជូង ជូងី បញ្ជាក់​ថា ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល នឹង​ចូល​ឆ្លើយ​បំភ្លឺ​ទៅ​កាលបរិច្ឆេទ​ក្រោយ ប៉ុន្តែ​លោក ជូង ជូងី មិន​បាន​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ពេលវេលា​ជាក់លាក់​ណា​មួយ​នោះ​ទេ ខណៈ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ទទួល​លិខិត​សុំ​ពន្យារ​ពេល​របស់​លោក ជូង ជូងី ហើយ​ដែរ កាលពី​ថ្ងៃ​អង្គារ​នេះ។

កាលពី​ថ្ងៃទី​៩ ខែ​មេសា គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល នឹង​ចូល​ឆ្លើយ​បំភ្លឺ​ទៅ​តាម​កាលបរិច្ឆេទ​ក្រោយ ដោយសារតែ​លោក ទាវ វណ្ណុល កំពុង​មាន​ភារកិច្ច​ជាប់​ខ្លួន​ចាំបាច់​នៅ​ក្រៅ​ប្រទេស មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទាន់​ពេល​ចំពោះ​ការ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​សម្រាប់​ថ្ងៃ​ពុធ​នេះ។

ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ត្រូវ​បាន​មេធាវី​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ប្តឹង​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រមុខ​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បន្ទាប់ពី​លោក​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ជប៉ុន Nikkei Asia អំឡុង​ពេល​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាលពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ​នោះ។

ក្រោយ​ការ​ដាក់​ពាក្យបណ្ដឹង​ពី​មេធាវី​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ ឱ្យ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ នេះ ខណៈ​ដីកា​កោះ​នោះ​សរសេរ​ប៊ិក​ក្រហម​ដោយ​ដៃ​បញ្ជាក់​ថា​លើក​ទី​២។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សារព័ត៌មាន​ជប៉ុន ឈ្មោះ Nikkei Asia បាន​ចុះផ្សាយ​សម្ដី​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ មក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មួយ​នេះ​កាន់តែ​អាក្រក់​ទៅៗ។

លោក ទាវ វណ្ណុល លើកឡើង​ថា លោក​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​លោក និង​សមាជិក​គណបក្ស​ភ្លើង​ទៀន​ផ្សេង​ទៀត​យ៉ាង​ខ្លាំង បន្ទាប់ពី​រូបលោក និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ផ្សេង​ទៀត​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​កាមេរ៉ា ២៤​ម៉ោង ដែល​គេ​ប្រើ​ដើម្បី​តាមដាន​សកម្មភាព​របស់​លោក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន​ទាំងនោះ​ជា​ប្រចាំ។

ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បញ្ជាក់​ថា លោក​មិន​ដឹង​ថា​តើ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត ដើម្បី​សម្រេច​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ទេ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ខ្សោយ​ទៅៗ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បន្ត​ពី​លោក ហ៊ុន សែន នៅ​ពេលនេះ។

យ៉ាងណាក៏ដោយ អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​ថា ការ​ចោទប្រកាន់​របស់​លោក ទាវ វណ្ណុល ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​គាត់ ២៤​ម៉ោង គឺជា​រឿង​មិន​ពិត​ទាំងអស់។

ប្រភព​ដដែល​បញ្ជាក់​ថា កាមេរ៉ា​នានា​ដែល​បាន​ដាក់​នៅ​តាម​ទី​សាធារណៈ​ទូទាំង​ប្រទេស ក៏ដូចជា​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គឺ​ក្រោម​មូលហេតុ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ទូទៅ​តែប៉ុណ្ណោះ ហើយ​ក៏​គ្មាន​គោលការណ៍​ដាក់​កាមេរ៉ា​ដោយឡែក​ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​បុគ្គល​ណា​មួយ​នោះ​ដែរ។

អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក ទាវ វណ្ណុល គឺ​មាន​ចេតនា​អាក្រក់​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ព្រោះ​ថា​រាជរដ្ឋាភិបាល​ថ្មី​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា​ការ​ដាក់​ចេញ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ពី​គណបក្ស​ភ្លើង​ទៀន បាន​រង​នូវ​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​តាម​បណ្តឹង​ពី​មេធាវី​រាជរដ្ឋាភិបាល ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​បក្ស​កាន់​អំណាច ដូចជា​លោក ថាច់ សេដ្ឋា លោក សុន ឆ័យ និង​លោក គង់ គាំ ជាដើម ក្នុង​នោះ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុទ្ធ បាន​ឱ្យ​ដឹង​ថា ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០២៤ នេះ មន្ត្រី​គណបក្ស​ភ្លើង​ទៀន ចំនួន ១៧​នាក់​ហើយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស