30 C
Phnom Penh

គណបក្ស​កម្លាំង​ជាតិ​នៅតែ​ប្ដេជ្ញា​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​ដោះលែង​សមាជិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា​នៅ​ចុង​ខែ​មេសា នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សមាជិក​របស់​ខ្លួន ២​នាក់ បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ហេតុផល​នយោបាយ​អស់​រយៈពេល​ប្រមាណ​ជា ១​ខែ​កន្លង​មក​នេះ។

គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​នឹង​ធ្វើ​ការ​ប្រមូលផ្ដុំ​សមាជិក​សមាជិកា​គណបក្ស ដើម្បី​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្នុង​បំណង​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អ៊ុំ វីរៈរដ្ឋ និង​លោក មី សេងហ៊ ហៅ គា វិសាល ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ហេតុផល​នយោបាយ​កាលពី​ពេល​កន្លង​ទៅ​នេះ។

គណបក្ស​កម្លាំង​ជាតិ បញ្ជាក់​ថា ការ​សម្ដែង​មតិ​របស់​ខ្លួន​ខាងមុខ​នេះ នឹង​ចាប់ផ្តើម​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ១១​ព្រឹក​ជា​រៀង​រាល់​ថ្ងៃ ដោយ​លើក​បដា​ពាក្យស្លោក​ដែល​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​របស់​ខ្លួន​ទាំង ២​នាក់​ខាងលើ​នេះ និង​មាន​ការ​កាន់​រូបថត​របស់​ពួកគេ​ផង​ដែរ ព្រោះ​ថា​អ្នក​ទាំង ២​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ជាទីបំផុត។

កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អនុប្រធាន​ក្រុម​ការងារ​បណ្ដោះ អាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក មី សេងហ៊ ហៅ គា វិសាល នៅ​ភូមិ​កោះប៉ែន ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ការ​រើសអើង និង​ជេរប្រមាថ​ជា​សាធារណៈ​តាម​បណ្តឹង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ម៉ៃ ហុងស្រៀង និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ទុក​នៅ​ពន្ធនាគារ​ម​១ ឬ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។

ចំណែក​លោក អ៊ុំ វីរៈរដ្ឋ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ តាម​សាលដីកា​តុលាការ​ខេត្ត​កំពង់ស្ពឺ ពី​បទ​រួម​គំនិត​ក្បត់ ប៉ុន្តែ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ មិន​បាន​បញ្ជាក់​ថា​រួម​គំនិត​ក្បត់​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ គណបក្ស​កម្លាំង​ជាតិ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​សម្ដែង​ពី​ការ​បារម្ភ​លើ​ករណី​ចាប់​ខ្លួន​លោក គា វិសាល ផង​ដែរ ដោយ​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ជា​រូបភាព​បំភិតបំភ័យ​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត គណបក្ស​កម្លាំង​ជាតិ ក៏​បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ដោះលែង​លោក គា វិសាល ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដែរ ដើម្បី​ធានា​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​មុខ។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក គា វិសាល ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ​អំពី​បទ​ញុះញង់ និង​បាន​ចេញពី​ពន្ធនាគារ​វិញ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​រយៈពេល ១​ឆ្នាំ​ពេញ​នៅ​ក្នុង​ពន្ធនាគារ។

ចំណែក​លោក អ៊ុំ វីរៈរដ្ឋ ក៏​ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ ទាក់ទង​នឹង​ការ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នោះ។

សព្វថ្ងៃ​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ប្រមាណ​ជា ៥០​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ពី​បទ រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជាដើម បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។

ជុំវិញ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ក្នុង​បំណង​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​របស់​ខ្លួន​នៅ​ថ្ងៃ​ខាងមុខ​នេះ សាលាក្រុង​ភ្នំពេញ​បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ អញ្ជើញ​ឱ្យ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ចូលរួម​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ចំនួន ១៦​នាក់ កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ កន្លង​ទៅ ប៉ុន្តែ​ក្រោយ​កិច្ចប្រជុំ​នេះ ជំហរ​នៃ​ការ​ប្រកាស​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​របស់​គណបក្ស​កម្លាំង​ជាតិ នៅតែ​រក្សា​ដូច​មុន​ដដែល។

ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី មាត្រា​៥ ចែង​ថា ក្រុម​បុគ្គល​ដែល​មាន​បំណង​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីកន្លែង​សាធារណៈ​ណា​មួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​កាន់​អាជ្ញាធរ​ដែនដី​មាន​សមត្ថកិច្ច​នៅ​កន្លែង​នោះ។ ក្នុង​ច្បាប់​នេះ មិន​បាន​តម្រូវ​ឱ្យ​ក្រុម​បុគ្គល​ដែល​មាន​បំណង​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវតែ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស