29 C
Phnom Penh

លីកាដូ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​ទម្លាក់​បទ​ចោទប្រកាន់​ទៅ​លើ​រូបលោក​ទាំងអស់ ពីព្រោះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​ដោយ​គ្មាន​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ឡើយ។

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដោយ​ឈរ​កាន់​បដា​តូចៗ ដែល​មាន​រូបថត​លោក កើត សារ៉ាយ និង​សរសេរ​ថា សូម​ដោះលែង​លោក កើត សារ៉ាយ ជាដើម។

អង្គការ​លីកាដូ បញ្ជាក់​ថា ខ្លួន​រួម​ជាមួយ​នឹង​អង្គការ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជាច្រើន​ទៀត ប្រកាស​ជំហរ​ឈរ​ក្នុង​ភាព​ជា​សាមគ្គី​ជាមួយ​ក្រុម​លោក កើត សារ៉ាយ បន្ត​ទៀត បើ​ទោះបីជា​លោក កើត សារ៉ាយ ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ក្រោយ​ពេល​ដែល​លោក​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​អំពី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ ក៏ដោយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មេសា នេះ​ថា ស្មារតី​របស់​ច្បាប់​ត្រូវតែ​ធ្វើ​ឡើង​ក្នុង​វត្ថុបំណង​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ទូទៅ ប៉ុន្តែ​បើ​មាន​ការ​យក​ច្បាប់​ទៅ​អនុវត្ត​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​បុគ្គល ក្រុម បក្ខពួក ឬ​គណបក្ស​នយោបាយ​ណា​មួយ នោះ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​នូវ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ឡើយ ហើយ​ការ​អនុវត្ត​បែប​នេះ​ក៏​រំលោភ​ទៅ​លើ​ស្មារតី​របស់​ច្បាប់​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្មារតី​របស់​ច្បាប់ នឹង​ធ្វើ​ឱ្យ​សង្គម​ជាតិ​ទាំងមូល​ទទួល​បាន​នូវ​យុត្តិធម៌​ពេញលេញ ហើយ​សង្គម​ដែល​មាន​យុត្តិធម៌​ពេញលេញ នឹង​បំបាត់​រាល់​អំពើ​ទុច្ចរិត​នានា​ដោយ​ប្រសិទ្ធភាព។ ផ្ទុយទៅវិញ បើ​សង្គម​ណា​ដែល​លេច​ចេញ​នូវ​អំពើ​ទុច្ចរិត​កាន់តែ​ច្រើន នោះ​វា​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា ការ​អនុវត្ត​ច្បាប់​ក្នុង​សង្គម​នោះ​ក៏​កំពុង​ធ្លាក់​ចុះ​យ៉ាង​ពិតប្រាកដ។

លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​កែទម្រង់​ការ​ដឹកនាំ​របស់​ខ្លួន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ឡើង​វិញ ជាពិសេស​ការ​លើកស្ទួយ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ទូលំទូលាយ ព្រោះ​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​សង្គម សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បក្ស​ក្រៅ​រដ្ឋាភិបាល ជាដើម សុទ្ធតែ​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភាព​អន់ថយ​នៃ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន ព្រមទាំង​ធ្វើ​ឱ្យ​នីតិរដ្ឋ​របស់​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ផង​ដែរ។

កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក កើត សារ៉ាយ បាន​ដឹកនាំ​និស្សិត​មួយ​ក្រុម​ចុះ​ទៅ​សិក្សា និង​តាមដាន​ករណី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដែល​កំពុង​សម្ងំ​រស់នៅ​ក្នុង​ព្រៃ ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ អ្នកជំនាញ​ខាង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លើកឡើង​ថា ពួកគេ​កំពុង​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ការ​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ដែល​បាន​ធានា​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ។

សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​បង្កើត​សមាគម​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​សិទ្ធិ​បង្កើត​សហជីព ជាដើម ត្រូវ​គេ​សង្កេត​ឃើញ​ថា​កំពុង​រង​នូវ​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល​កម្ពុជា ខណៈ​សកម្មជន​ដែល​ចូលរួម​អនុវត្ត​នូវ​សិទ្ធិ​ទាំងនេះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​មិន​សម​ហេតុផល​ជា​បន្តបន្ទាប់។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២៣ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក The World Justice Project បាន​ដាក់​ចំណាត់ថ្នាក់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស​១៤២ ដល់​កម្ពុជា ដោយសារតែ​គេ​រក​ឃើញ​ពី​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស