33 C
Phnom Penh

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ​និង​បើក​លំហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ២០​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទ​មិន​ត្រឹមត្រូវ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ និង​បើក​លំហ​សិទ្ធិ​សេរីភាព និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កម្មករ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ជិត ២០​ស្ថាប័ន បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​ការងារ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣៨ ក្រោម​ប្រធានបទ «អនុវត្ត​សេរីភាព​មូលដ្ឋាន​ដើម្បី​យុត្តិធម៌​សង្គម» នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ ដើម្បី​ដាក់​ញត្តិ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​បំណង​ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត បន្ទាប់ពី​កម្មករ​និយោជិត​ដែល​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក។

ក្រុម​សង្គម​ស៊ីវិល និង​សហជីព​ទាំងនោះ លើកឡើង​ថា កម្មករ​និយោជិត​គ្រាន់តែ​ចង់​បាន​សិទ្ធិ​សេរីភាព សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ការងារ និង​សិទ្ធិ​បង្កើត​សហជីព ព្រមទាំង​សិទ្ធិ​មូលដ្ឋាន​ដទៃ​ទៀត​ប៉ុណ្ណោះ ដើម្បី​ធានា​ការ​ធ្វើ​ការងារ និង​ការ​រស់នៅ​សមរម្យ​ក្នុង​ភាព​ជា​មនុស្ស មិនមែន​ដើម្បី​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទេ ព្រោះ​សកម្មភាព​របស់​កម្មករ​និយោជិត​ទាំងអស់​កន្លង​មក​មិន​ដែល​រំលោភ​បំពាន​ច្បាប់​ស្ដីពី​ការងារ​ឡើយ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​ការពារ​កម្មករ​និយោជិត​ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ថៅកែ​រោងចក្រ ដែល​ពួកគេ​តែងតែ​ចាត់ទុក​កម្មករ​និយោជិត​ជា​ទាសករ​ក្នុង​សម័យ​ទំនើប​សព្វថ្ងៃ​នេះ ព្រោះ​ថា​កន្លង​មក ថៅកែ​រោងចក្រ​មួយ​ចំនួន​បាន​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ តាមរយៈ​ការ​បញ្ឈប់​កម្មករ​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ ការ​កាត់​អត្ថប្រយោជន៍​កម្មករ និង​ការ​មិន​ធានា​បាន​ក្នុង​ការ​ផ្តល់​ប្រាក់ឈ្នួល​ឱ្យ​បាន​ទៀងទាត់ ជាដើម។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ លើកឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​នៅ​មុខ​ក្រសួង​ការងារ​នៅ​ថ្ងៃទី​១ ឧសភា នេះ​ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សមរម្យ​សម្រាប់​កម្មករ​និយោជិត​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ជីវភាព​សមរម្យ និង​មាន​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស។

លោក វន់ ពៅ សំណូមពរ​ឱ្យ​អាជ្ញាធរ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​កម្មករ​និយោជិត​នៅ​កន្លែង​ការងារ និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គ្រប់​រូបភាព ដើម្បី​គាបសង្កត់​ទៅ​លើ​ថ្នាក់​ដឹកនាំ​សហជីព​ដែល​លើកស្ទួយ​សិទ្ធិ​ការងារ កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន ជាដើម។ លោក​បន្ត​ថា អាជ្ញាធរ​ក៏​ត្រូវ​បញ្ឈប់​ការ​រើសអើង​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ ដើម្បី​រួម​គ្នា​លើក​កម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករ​ស្រប​តាម​ច្បាប់​ការងារ​របស់​កម្ពុជា​ដែល​មាន​ចែង។

ចំណែក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣៨ នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ក្រោម​ប្រធានបទ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ” បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិ​សេរីភាព អត្ថប្រយោជន៍​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ការ​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ ជាដើម។

លិខិត​ដដែល​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​លិខិត​បទដ្ឋាន​គតិ​អន្តរជាតិ​នានា ជាដើម ក្នុង​នោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ចុះ​បញ្ជិកា​នៃ​អង្គការ​វិជ្ជាជីវៈ​សរុប​ជាង ៦​ពាន់ (៦៣១៧) ដែរ រួម​មាន​សហជីព​ចំនួន ៤២​ស្ថាប័ន សហព័ន្ធ​សហជីព​ចំនួន ២៨០​ស្ថាប័ន សហជីព​មូលដ្ឋាន​ជិត ៦​ពាន់​ស្ថាប័ន (៥៩៨៣) និង​សមាគម​និយោជក​មាន​ចំនួន ១២​ស្ថាប័ន​ផង​ដែរ។

យ៉ាងណា​ក៏ដោយ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា នៅ​កម្ពុជា​មាន​តែ​សហជីព​ដែល​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ថៅកែ​រោងចក្រ​ប៉ុណ្ណោះ ទើប​អាច​បន្ត​រស់រាន​មាន​ជីវិត​បាន​ល្អ ប៉ុន្តែ​សហជីព​ឯករាជ្យ​តែង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​កម្ពុជា​រហូត​មក។

ជាក់ស្តែង ការ​បង្កើត​សហជីព​ឯករាជ្យ​នៅ​តាម​ក្រុមហ៊ុន រោងចក្រ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ស្ថិត​នៅ​ក្នុង​ការ​រឹតត្បិត​សេរីភាព​ធ្ងន់ធ្ងរ​ពី​សំណាក់​ថៅកែ​រោងចក្រ ខណៈ​រដ្ឋាភិបាល និង​ក្រសួង​ការងារ​កម្ពុជា ក៏​ត្រូវ​គេ​កត់​សម្គាល់​ឃើញ​ដែរ​ថា ពួកគេ​មិន​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ធានា​ឱ្យ​មាន​ការ​បង្កើត​សហជីព​ឯករាជ្យ​សម្រាប់​កម្មករ​និយោជិត​ឡើយ ក្នុង​នោះ ថ្នាក់​ដឹកនាំ​សហជីព​តែង​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ទាំង​អយុត្តិធម៌ ដូចជា មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ ជាដើម។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) បាន​ផ្សព្វផ្សាយ​វីដេអូ​មួយ​នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ដែល​បាន​លើកឡើង​ថា បើ​មាន​សហជីព​ឯករាជ្យ​នៅ​កន្លែង​ធ្វើការ សហជីព​អាច​ដោះស្រាយ​បញ្ហា​ឱ្យ​កម្មករ​និយោជិត​បាន។ ផ្ទុយទៅវិញ បើ​មិន​មាន​សហជីព​នៅ​កន្លែង​ការងារ​ទេ សូម​កុំ​រំពឹង​ថា​ថៅកែ​រោងចក្រ​ដោះស្រាយ​បញ្ហា​ឱ្យ​កម្មករ​និយោជិត​បាន​ឲ្យ​សោះ។

ទិន្នន័យ​សង្គម​ស៊ីវិល កាលពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​២០២១ មក មាន​សកម្មជន និង​ថ្នាក់​ដឹកនាំ​សហជីព​សរុប​ជាង ១​ពាន់​នាក់​ហើយ (១៥០២​នាក់) ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​ជិត ៥០​កន្លែង (៤៦​កន្លែង) ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​នីតិវិធី និង​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ថៅកែ​រោងចក្រ ដោយ​ការ​គំរាមកំហែង​ក្នុង​ទម្រង់​រើសអើង​សហជីព​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស