37 C
Phnom Penh

កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន​ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រកាស​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន ក្នុង​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា ខាងមុខ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន ម៉ាណែត ផ្តាំ​ចំអក​ទៅ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ថា​ចលនា​ប្រឆាំង​របស់​គាត់​ជុំវិញ​ព្រែកជីក​នេះ នឹង​ត្រូវ​បរាជ័យ​ទាំងស្រុង។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​គម្រោង​រៃ​លុយ​ពី​ពលរដ្ឋ ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន​ទេ បើ​ទោះបីជា​គម្រោង​សាងសង់​ព្រែកជីក​នេះ​មាន​ការ​គាំទ្រ​ជា​លក្ខណៈ​ចលនា​ជាតិ​និយម​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​នៅ​ពេលនេះ​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​រួច​ហើយ​ក្នុង​ការ​សាងសង់​ព្រែកជីក​នេះ​ឱ្យ​បាន ដូច្នេះ​ចលនា​ប្រឆាំង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី នឹង​ត្រូវ​បរាជ័យ​ទាំងស្រុង ព្រោះ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រឆាំង​នឹង​គម្រោង​ដែល​ជា​ចលនា​របស់​ជាតិ​ខ្មែរ ហើយ​ក៏​ជា​គម្រោង​ប្រវត្តិសាស្ត្រ​ដែល​ជា​ផល​ប្រយោជន៍​របស់​ខ្មែរ​ដែរ​នោះ។

លោក​អះអាង​ថា គម្រោង​ព្រែកជីក​ហ្វូណន​មិន​បម្រើ​ឱ្យ​កងទ័ព​បរទេស​ដូច​ការ​ចោទប្រកាន់​របស់​ក្រុម​ប្រឆាំង​នោះ​ទេ ត្បិត​ហេតុផល​គឺ​នៅ​ត្រង់​ថា ព្រែក​ដែល​មាន​ជម្រៅ​ត្រឹមតែ​ជាង ៤​ម៉ែត្រ​កន្លះ​មួយ​នេះ នឹង​មិន​អាច​ទទួល​នាវា​ចម្បាំង​របស់​ចិន បាន​ឡើយ។ លោក​បន្ថែម​ថា កម្ពុជា​មិន​ត្រូវការ​ទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​ទេ ព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​រួច​ហើយ ដូច្នេះ​កម្ពុជា​មិន​ត្រូវការ​សង្គ្រាម​ទៀត​ឡើយ​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា គម្រោង​ព្រែកជីក​ហ្វូណន​ជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន ហើយ​ព្រែកជីក​នេះ​ក៏​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ដែរ​ថែម​ទៀត។

លោក សម រង្ស៊ី លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ ក្រោម​បង្គាប់​លោក ហ៊ុន សែន បាន​សម្រេច​សាងសង់​ព្រែកជីក​នេះ​តាម​សំណើ​ចិន​កុម្មុយនីស្ត​យ៉ាង​តក់ក្រហល់ ដោយ​គ្មាន​ស្មារតី​ទទួល​ខុសត្រូវ​ឡើយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ពី​គុណប្រយោជន៍ និង​ផល​ប៉ះពាល់​ពី​បញ្ហា​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​របស់​ព្រែកជីក​នេះ​នៅឡើយ​ទេ។

លោក សម រង្ស៊ី លើកឡើង​ថា បំណង​ធំ​បំផុត​នៃ​ការ​សាងសង់​ព្រែកជីក​នេះ មិនមែន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​ត្រូវការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ឱ្យ​ដល់​ឈូង​សមុទ្រ​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា​របស់​ប្រទេស​វៀតណាម បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន​មិន​ត្រឹមតែ​ជា​គម្រោង​ដែល​បម្រើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​មាន​តម្លៃ​ចម្បង​ក្នុង​ការ​បម្រើ​វិស័យ​យោធា​របស់​ចិន​ដែរ។

បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​ត្រូវតែ​អនុវត្ត​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ព្រោះ​ការ​សាងសង់​ព្រែកជីក​ហ្វូណន មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ទេ ហើយ​ក៏​មិនមែន​ដើម្បី​បម្រើ​ប្រយោជន៍​ឱ្យ​កងទ័ព​ជើងទឹក​ចិន ដូច​ការ​ចោទប្រកាន់​របស់​វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា​របស់​ប្រទេស​វៀតណាម ដែរ។

គម្រោង​ផ្លូវ​នាវាចរណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative ឬ BRI) របស់​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​គ្រោង​នឹង​ត្រូវ​សាងសង់​ប្រវែង ១៨០​គីឡូម៉ែត្រ មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ និង​មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង។

គម្រោង​នាវាចរណ៍​នេះ នឹង​ត្រូវ​សាងសង់​សន្ទះ​ផ្លូវ​នាវា​ចំនួន ៣​កន្លែង សាងសង់​ស្ពាន​ចំនួន ១១​កន្លែង សាងសង់​ផ្លូវ​អម​សងខាង​ប្រវែង ២០៨​គីឡូម៉ែត្រ និង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​លុយ​សាងសង់ ដូច្នេះ​គម្រោង​នាវាចរណ៍​នេះ​ត្រូវ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ក្នុង​ទម្រង់ BOT ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​គ្រប់គ្រង​មុន រដ្ឋាភិបាល​គ្រប់គ្រង​តាម​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស