33 C
Phnom Penh

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អំពាវនាវ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ ព្រមទាំង​ទម្លាក់​បទ​ចោទប្រកាន់​ទៅ​លើ​សកម្មជន​សង្គម​រូប​នេះ​ទាំងអស់​ថែម​ទៀត។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ដោយ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដោយ​ឈរ​កាន់​បដា​តូចៗ​ជាច្រើន​ផ្ទាំង​ដែល​មាន​រូបថត​លោក កើត សារ៉ាយ និង​សរសេរ​ថា សូម​ដោះលែង​លោក កើត សារ៉ាយ ជាដើម។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា ខ្លួន​រួម​ជាមួយ​នឹង​អង្គការ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជាច្រើន​ទៀត ប្រកាស​ជំហរ​ឈរ​ក្នុង​ភាព​ជា​សាមគ្គី​ជាមួយ​លោក កើត សារ៉ាយ​បន្ត​ទៀត ទោះបីជា​លោក កើត សារ៉ាយ ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ក្រោយ​ពេល​ដែល​លោក​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​អំពី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ ក៏ដោយ ព្រោះ​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ពលរដ្ឋ​គ្រប់​រូប​ក៏​ត្រូវ​តែ​មាន​សិទ្ធិ​ប្រើប្រាស់​សេរីភាព​ទាំងនោះ​ដោយ​គ្មាន​ការ​គំរាមកំហែង និង​ភ័យខ្លាច​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​សកម្មជន​បរិស្ថាន​លោក កើត សារ៉ាយ បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​មេសា កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៤ អង្គការ​លីកាដូ (LICADHO) ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ និង​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទប្រកាន់​លើ​រូបលោក​ម្តង​រួច​មក​ហើយ ក្រោម​ហេតុផល​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។

លោក កើត សារ៉ាយ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ បន្ទាប់ពី​លោក​បាន​ដឹកនាំ​និស្សិត​ចុះ​ទៅ​សិក្សា និង​តាមដាន​ករណី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន​ខេត្ត​ព្រះវិហារ ដែល​រស់នៅ​ក្នុង​ព្រៃ ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ ប៉ុន្តែ​ដោយសារតែ​បញ្ហា​នេះ លោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​តែម្តង។

ក្រោយ​ការ​ចាប់​ខ្លួន​បាន ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥៤​ស្ថាប័ន ដូចជា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ដោយ​លើកឡើង​ថា ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក កើត សារ៉ាយ គឺជា​ការ​បន្ត​បិទ​សំឡេង និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ រួម​ទាំង​ការ​បង្ក្រាប​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​ដែល​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ការពារ​បរិស្ថាន​លោក កើត សារ៉ាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បើក​ចំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឱ្យ​បាន​ពេញលេញ​ដល់​ពលរដ្ឋ ក្នុង​បំណង​លើក​កម្ពស់​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ការ​ចូលរួម​ស្ថាបនា​ប្រទេស​ជាតិ។

ទិន្នន័យ​សង្គម​ស៊ីវិល​បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ប្រមាណ​ជា ៥០​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​មួយ​ចំនួន ដូចជា រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជាដើម បន្ទាប់ពី​អ្នក​ទាំងនោះ​អនុវត្ត​សិទ្ធិ​សេរី​បញ្ចេញមតិ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្តីអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថា អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ពលរដ្ឋ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​យ៉ាង​ធ្ងន់ធ្ងរ ចំណែក​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បង្ក្រាប​ទៅ​លើ​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ​ផង​ដែរ។

កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ របាយការណ៍​ស្ដីពី​សុភមង្គល​ពិភពលោក (World Happiness) បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ឱ្យ​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១១៥ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៣៧ សម្រាប់​សុភមង្គល​ក្នុង​ឆ្នាំ​២០២៣ ដែល​តួលេខ​នេះ​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​លំដាប់​ក្រោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ស្ទើរតែ​ទាំងអស់ គឺ​នៅ​លើ​តែ​ប្រទេស​ភូមា​មួយ​ប៉ុណ្ណោះ​ដែល​ឈរ​លេខ​រៀង​ទី​១១៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស