ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗនៅវាលយន្តហោះអន្តរជាតិភ្នំពេញ-ពោធិ៍ចិនតុង ដោយគ្មានដីកាតុលាការ អំឡុងពេលដែលលោកកំពុងចាកចេញពីមាត់ទ្វារយន្តហោះនៅថ្ងៃទី៩ ខែឧសភា នេះ ដោយចោទរឿង «ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីលោកបានធ្វើដំណើរទៅជួបជុំអ្នកគាំទ្រគណបក្សនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ ប៉ុន្តែនៅពេលដែលលោកវិលត្រឡប់ចូលក្នុងប្រទេសវិញ ស្រាប់តែអាជ្ញាធរចាប់ខ្លួនលោកដោយគ្មានមូលហេតុតែម្តង។
ការចាប់ខ្លួនមន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះ ធ្វើឡើងស្របពេលដែលការរិះគន់អំពីការរឹតត្បិតសេរីភាពនយោបាយពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិទៅលើរាជរដ្ឋាភិបាលកាន់តែខ្លាំងឡើងៗនៅពេលនេះ។
ក្រោយការចាប់ខ្លួន ស្នងការនគរបាលរាជធានីភ្នំពេញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃដដែលនេះថា ករណីចាប់ខ្លួនលោក ស៊ុន ចន្ធី គឺអនុវត្តតាមដីកាបញ្ជូនខ្លួនពីសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ប្រភពដដែលបញ្ជាក់ថា លោក ស៊ុន ចន្ធី បានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងនាំឱ្យមានភាពវឹកវរក្នុងសង្គម។
ទាក់ទិននឹងបញ្ហានេះ ដីកាបញ្ជូនខ្លួនពីសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក៏ទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះដែរ (ថ្ងៃទី៩ ឧសភា) ដែលបញ្ជាឱ្យស្នងការនគរបាលរាជធានីភ្នំពេញចាប់ខ្លួនលោក ស៊ុន ចន្ធី ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ក្នុងថ្ងៃជាមួយគ្នានេះ គឺថ្ងៃទី៩ ខែឧសភា នេះ គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ភ្លាមៗដោយថ្កោលទោសដាច់អហង្ការចំពោះការចាប់ខ្លួនមេបក្សរបស់ខ្លួននៅពេលនេះ។
គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនលោក ស៊ុន ចន្ធី ជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើខ្លួន។ គណបក្សកម្លាំងជាតិព្រមានថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរលទ្ធិប្រជាធិបតេយ្យតនៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលអំពាវនាវឱ្យរាជរដ្ឋាភិបាលដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាព និងដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាដែលកំពុងតែអាប់អួរសព្វថ្ងៃនេះ។
អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី ដែលបានរួមដំណើរជាមួយលោក ស៊ុន ចន្ធី ទៅប្រទេសជប៉ុន បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី បានធ្វើឡើងដោយសមត្ថកិច្ចមិនបានបង្ហាញដីកា និងប្រាប់ពីបទល្មើសអ្វីទាំងអស់។ លោកថា ការចាប់ប្រធានគណបក្សកម្លាំងជាតិរូបនេះ មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងបញ្ហាផ្សេងៗទៀត។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ឧសភា នេះថា ស្លឹកឈើពិតជាជ្រុះមិនឆ្ងាយពីគល់មែន។ លោកបន្ថែមថា លោក ហ៊ុន ម៉ាណែត កាន់តែប្រើអំណាចផ្ដាច់ការដូចលោក ហ៊ុន សែន ជាឪពុកគាត់ដែរនៅពេលនេះ។
លោក អ៊ុំ សំអាន លើកឡើងថា សម័យលោក ហ៊ុន សែន ចាប់ខ្លួនលោក កឹម សុខា ប្រធានបក្សប្រឆាំងដាក់គុកទាំងអយុត្តិធម៌កាលពីឆ្នាំ២០១៧ ប៉ុន្តែឥឡូវនេះ លោក ហ៊ុន ម៉ាណែត ក៏បានចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានបក្សប្រឆាំងដាក់គុកទាំងអយុត្តិធម៌ដូចគ្នាដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត គ្មានប្រជាប្រិយភាព និងសមត្ថភាពក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់ប្រជាធិបតេយ្យ ដូច្នេះហើយទើបគាត់ចាប់មេបក្សប្រឆាំងដាក់គុកបែបនេះ ព្រោះគាត់មិនហ៊ានប្រកួតប្រជែងជាមួយបក្សប្រឆាំងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
រយៈពេលចុងក្រោយនេះ គណបក្សកម្លាំងជាតិ ត្រូវគេសង្កេតឃើញថា រងនូវការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលនៃបក្សកាន់អំណាចជាបន្តបន្ទាប់ ក្នុងនោះ សមាជិក និងមន្ត្រីគណបក្សកម្លាំងជាតិត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាហូរហែ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

