របបសឹកនៅប្រទេសមីយ៉ាន់ម៉ា (ម្ញ៉ាន់ម៉ = Myanmar) ឬភូមា បានបដិសេធសំណើរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា ដែលស្នើសុំជួបសួរសុខទុក្ខអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ឃុំខ្លួនក្នុងគេហដ្ឋានក្នុងទីក្រុងណៃពិដោរ ដោយអះអាងថា រដ្ឋាភិបាលយោធាមិនមានហេតុផលក្នុងការសម្របសម្រួលជំនួបក្នុងពេលនេះឡើយ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៨ ខែឧសភា បានឲ្យដឹងថា ក្នុងសារជាសំឡេងបញ្ចេញដោយក្រុមព័ត៌មានរបស់យោធាមីយ៉ាន់ម៉ា អ្នកនាំពាក្យរដ្ឋាភិបាលលោក Zaw Min Tun ថារដ្ឋាភិបាលយោធាមិនមានហេតុផលក្នុងការសម្របសម្រួលជំនួបនោះក្នុងពេលនេះឡើយ។
ប្រភពដដែលអះអាងថា របបសឹកមីយ៉ាន់ម៉ា បានប្ដេជ្ញារៀបចំការបោះឆ្នោតឱ្យខាងតែបាន បើទោះជម្លោះជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតែបន្តកើតមានក្នុងតំបន់ជាច្រើននៅមីយ៉ាន់ម៉ា។
តាមរយៈកិច្ចសន្ទនាជាមួយលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេរដ្ឋប្រហារយោធាភូមា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី៧ ឧសភា លោក ហ៊ុន សែន បានស្នើសុំជួបសួរសុខទុក្ខអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ឃុំខ្លួនក្នុងគេហដ្ឋានក្នុងទីក្រុងណៃពិដោរ។ លោក ហ៊ុន សែន បានឲ្យដឹងថា សំណើសុំជួបនេះ គឺក្នុងបំណងសួរសុខទុក្ខ ដោយសារលោក និងអ្នកស្រី អ៊ុងសាន ស៊ូជី ធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ ឧសភា ថា លោក ហ៊ុន សែន គ្មានឥទ្ធិពលអ្វីសម្រាប់ឱ្យរបបសឹកភូមា ធ្វើតាមគាត់នោះទេ ដូច្នេះក្រៅពីដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួនដោយការស្វែងរកការបង្រួបបង្រួមជាតិ និងព្យាយាមដឹកនាំកម្ពុជាឱ្យឃ្លាតពីរបៀបដឹកនាំតាមបែបផ្ដាច់ការ គឺគ្មានជម្រើសផ្សេងឡើយ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ប្រាប់សារព័ត៌មាន The Cambodia Daily ថា ការមិនអនុញ្ញាតឲ្យមានជំនួបនេះ គឺមានន័យថា របបសឹកនៅតែប្រកាន់ជំហរដូចមុនដដែល ហើយវិបត្តិភូមា ក៏ពិបាកនឹងរកវិធីរំលត់បានដែរ។
កន្លងមក មេយោធាមីយ៉ាន់ម៉ា បានអនុញ្ញាតឱ្យអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai តែម្នាក់គត់ជួបលោកស្រី ស៊ូជី ទោះជាមេដឹកនាំបរទេសជាច្រើនបានស្នើសុំ។ ជំនួបមួយនេះ ត្រូវបានលោក Don បង្ហើបនៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣។ កាលនោះ លោក Don បានបញ្ជាក់ថា លោកស្រី ស៊ូជី មានសុខភាពល្អ ហើយថែមទាំងជាជំនួបដ៏ល្អទៀត។
អតីតមេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី មានវ័យ ៧៨ឆ្នាំ ត្រូវបានយោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួនតាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មកម្ល៉េះ។ អ្នកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទឧក្រិដ្ឋកម្ម រាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូករហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ដែលការចោទប្រកាន់ទាំងនេះ ត្រូវបានអ្នកស្រីបដិសេធ។ អ្នកស្រីត្រូវបានយោធាមីយ៉ាន់ម៉ា ផ្លាស់ប្ដូរពីការឃុំខ្លួននៅពន្ធនាគារ ទៅការឃុំខ្លួនក្នុងផ្ទះនៅក្រុងណៃពិដោរ ក្រោមហេតុផលអាកាសធាតុក្តៅខ្លាំង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

