26 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ដែល​វិបត្តិ​នេះ​លេច​ចេញ​តាមរយៈ​នៃ​ការ​រឹត​បន្តឹង​ការ​ផ្តល់​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ផ្អាក​រាល់​ការ​អភិវឌ្ឍ​មួយ​ចំនួន​សម្រាប់​អាណត្តិ​ដំបូង​របស់​ខ្លួន​នា​ពេលនេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា តាមរយៈ​សារាចរ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី​ការ​រឹត​បន្តឹង​ការ​ចំណាយ​ថវិកា​របស់​ឃុំ-សង្កាត់​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ឧសភា នេះ បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​សញ្ញា​បង្ហាញ​ថា រដ្ឋាភិបាល​ថ្មី​នេះ​ក៏​នឹង​ដួល​រលំ​នៅ​ថ្ងៃ​ណា​មួយ​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ខ្វះខាត​ថវិកា​បែប​នេះ ក៏​បណ្តាល​មកពី​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ដែរ ដែល​ពួកគេ​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ព្រមទាំង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​នា​ពេល​កន្លង​មក​នោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​រដ្ឋាភិបាល​ក្មេងខ្ចី​មួយ​នេះ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​បែប​នេះ​ហើយ ទើប​រដ្ឋាភិបាល​បន្ត​ពូជ​ពី​ឪពុក​ទៅ​កូន​មួយ​នេះ​អស់​ជម្រើស រហូត​នាំគ្នា​ទៅ​គប់គិត​ជាមួយ​ឧកញ៉ា​ខិលខូច និង​គ្រូ​ជោគជ័យ​បោកប្រាស់ ព្រមទាំង​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដូចជា លោក ចេន ហ្ស៊ី ជាដើម ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ទ្រទ្រង់​រដ្ឋាភិបាល និង​រក្សា​អំណាច​ត​ពូជ​ត្រកូល​ហ៊ុន​នោះ។

កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សារាចរ​មួយ​ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ឧសភា នេះ ស្ដីពី​ការ​ធ្វើ​វិចារណកម្ម និង​ការ​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សម្រាប់​អនុវត្ត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០២៤ ថា ខ្លួន​សម្រេច​អនុវត្ត​នូវ​ច្បាប់​គ្រប់គ្រង​ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០២៤។

សារាចរ​នេះ​លើកឡើង​ថា រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ-សង្កាត់ ត្រូវ​ផ្អាក​រាល់​គម្រោង​អភិវឌ្ឍន៍​ដែល​ប្រើប្រាស់ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ចំណូល​ទទួល​បាន​ពី​ការ​បែងចែក​ចំណូល​សារពើពន្ធ។ ជាង​នេះ​ទៀត ក្រសួង​ត្រូវ​កាត់​ព្យួរ​ឥណទាន​ចំណាយ​របស់​រដ្ឋបាល​រាជធានី-ខេត្ត​ចំនួន​៥ ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​បន្ទាយមានជ័យ ផង​ដែរ។

ខ្លឹមសារ​សារាចរ​ដដែល​នេះ បញ្ជាក់​ថា ចំណែក​រដ្ឋបាល​ខេត្ត​ដទៃ​ទៀត​ត្រូវ​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​លើ​ការ​អនុវត្ត​ចំណូល​របស់​ខ្លួន ក្នុង​នោះ ត្រូវ​កាត់បន្ថយ​ចំណាយ​ផ្សេងៗ ជាពិសេស​ការ​ចំណាយ​លើ​រដ្ឋបាល​ដែល​មិន​ចាំបាច់ ឬ​ការ​ចំណាយ​អភិវឌ្ឍ​មូលដ្ឋាន​ដែល​មិន​សំខាន់ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​អាណត្តិ​ចាស់​របស់​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​ទម្លាក់​ថវិការដ្ឋ​ដល់​ឃុំ-សង្កាត់​បន្ថែម ដើម្បី​ចំណាយ​លើ​ការ​អភិវឌ្ឍ​មូលដ្ឋាន​រយៈពេល ៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨ ក្នុង​គោលដៅ​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន ដែល​រដ្ឋ​គ្រោង​ចំណាយ ១​ឆ្នាំ ១% នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់​ជាតិ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ចំណាយ​ដល់​ឃុំ-សង្កាត់​នីមួយៗ ត្រូវ​ផ្អែក​លើ​ចំនួន​ប្រជាពលរដ្ឋ ភាព​ក្រីក្រ និង​ចំនួន​ភូមិ​នៃ​រដ្ឋបាល​ឃុំ-សង្កាត់​ទាំងនោះ ក្នុង​នោះ ថវិកា ៣០% ប្រគល់​ឱ្យ​ស្មើៗ​គ្នា ចំណែក​ថវិកា ៣០% ទៀត​ផ្អែក​លើ​ចំនួន​ពលរដ្ឋ ដោយឡែក​ថវិកា ៣០% ផ្សេង​ទៀត គឺ​ផ្អែក​លើ​សន្ទស្សន៍​ភាព​ក្រីក្រ​របស់​ពលរដ្ឋ និង ១០% ទៀត គឺ​អាស្រ័យ​លើ​ចំនួន​ភូមិ​នៃ​រដ្ឋបាល​ឃុំ-សង្កាត់​នីមួយៗ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សារាចរ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ កំពុង​អនុវត្ត​ផ្ទុយ​ស្រឡះ​ពី​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​អាណត្តិ​មុន ដែល​បញ្ហា​នេះ​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការ​លើក​កម្ពស់​សេវា​សាធារណៈ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស