អ្នកឃ្លាំមើលជំរុញឱ្យក្រុមប្រឆាំងគ្រប់និន្នាការ និងគ្រប់មជ្ឈដ្ឋាន បន្តចលនាចរន្តប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឱ្យរឹងមាំបន្តទៀត ប៉ុន្តែត្រូវរក្សាគោលការណ៍ដើមរបស់គណបក្សសង្គ្រោះជាតិ ខណៈក្រុមប្រឆាំងកំពុងអនុវត្តមានសកម្មភាពនយោបាយស្របនឹងការចង់បានរបស់លោក ហ៊ុន សែន។
ប្រធានវិទ្យុផ្សាយសំឡេងប្រជាធិបតេយ្យ (VOD) លោក ប៉ា ងួនទៀង លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៣ ខែឧសភា នេះថា មន្ត្រីបក្សប្រឆាំងទាំងអស់ ជាពិសេសមេដឹកនាំប្រឆាំងដែលមានសេរីភាពនៅក្រៅប្រទេស ត្រូវតែរក្សាគោលជំហរ និងគោលការណ៍ដើមដែលជាចរន្តប្រឆាំងរបស់គណបក្សសង្គ្រោះជាតិ ដើម្បីជំរុញឱ្យមានការចូលរួមពីចលនាប្រឆាំងនានាឱ្យបានកាន់តែច្រើន ក្នុងគោលដៅឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈនៃការបោះឆ្នោតនៅថ្ងៃខាងមុខ។
លោក ប៉ា ងួនទៀង លើកឡើងថា សព្វថ្ងៃនេះ ក្រុមប្រឆាំងកំពុងអនុវត្តសកម្មភាពនយោបាយស្របនឹងការចង់បានរបស់លោក ហ៊ុន សែន ទាំងស្រុង គឺការបោះបង់គោលការណ៍ដើមរបស់គណបក្សសង្គ្រោះជាតិ។ លោកបន្តថា ការធ្វើបែបនេះ នឹងធ្វើឱ្យសកម្មភាពចលនាប្រឆាំងកាន់តែធ្លាក់អន់ថយទៅៗប៉ុណ្ណោះ។
ប្រធានវិទ្យុផ្សាយសំឡេងប្រជាធិបតេយ្យរូបនេះបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រុមប្រឆាំងមិនត្រូវផ្ដាច់ទំនាក់ទំនងក្នុងចំណោមអ្នកប្រឆាំងដូចគ្នាឡើយ ដើម្បីរក្សាកម្លាំងប្រឆាំងដែលមានស្រាប់ ដែលនឹងបង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកការរួបរួមនៅពេលក្រោយ។
លោក ប៉ា ងួនទៀង បញ្ជាក់ថា ការរួបរួមមិនមែនទាល់តែទៅចូលរួមរស់នៅក្រោមដំបូលនៃការដឹកនាំរបស់ក្រុមណាមួយនោះទេ ប៉ុន្តែពួកគេត្រូវរួបរួមក្នុងគោលដៅរួម និងចែកគ្នាធ្វើសកម្មភាពប្រឆាំងទៅតាមមុខសញ្ញារៀងៗខ្លួន នោះទើបធានានូវការបំបែកបំបាក់របស់បក្សកាន់អំណាចដែលលោក ហ៊ុន សែន ធ្លាប់ធ្វើលើក្រុមប្រឆាំងកន្លងមក។
កាលពីជាង ៦ឆ្នាំមុន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ក្រោយប្រធានបក្សនេះ គឺលោក កឹម សុខា ត្រូវរងនូវការចោទប្រកាន់ពីបទក្បត់ជាតិ។ ចំណែកមន្ត្រីជាន់ខ្ពស់បក្សនេះចំនួន ១១៨នាក់ ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំដែរ។
បន្ទាប់ពីលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនទាំងយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានដឹកនាំអ្នកគាំទ្ររបស់ខ្លួនចេញក្រៅប្រទេស ក្រោមហេតុផលថា ដើម្បីរកការគាំទ្រពីអន្តរជាតិឲ្យជួយដាក់សម្ពាធលើរដ្ឋាភិបាលក្រុងភ្នំពេញ និងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ប៉ុន្តែមកទល់នឹងពេលនេះ យុទ្ធនាការនេះបានស្ងប់ស្ងាត់ស្ទើរតែទាំងស្រុងអស់ទៅហើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

