27 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ថា គម្រោង​ជីក​ព្រែក​ហ្វូណន​ជា​ការ​បំពាន​ច្បាប់​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចេញ​មុខ​សម្រេច​នានា​លើ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​ទង្វើ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ ព្រោះ​លោក ហ៊ុន សែន មិន​មាន​តួនាទី​ផ្លូវការ​ណា​មួយ​ដែល​ត្រូវ​សម្រេច​លើ​គម្រោង​ព្រែកជីក​នេះ​ទេ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​លិខិត​វិភាគ​មួយ​ស្ដីពី​ភាព​ចម្រូងចម្រាស​នៃ​គម្រោង​ព្រែកជីក​ហ្វូណន នៅ​ថ្ងៃទី​២០ ឧសភា នេះ​ថា យោង​តាម​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ចុះ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ ចែង​ថា គម្រោង​សាងសង់​ធំៗ ដូចជា គម្រោង​ព្រែកជីក ជាដើម ត្រូវតែ​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា និង​ព្រះមហាក្សត្រ​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ។ ជាង​នេះ​ទៀត ត្រូវ​ឆ្លងកាត់​លទ្ធកម្ម​សាធារណៈ​តាម​នីតិវិធី​ដេញថ្លៃ​ជា​សាធារណៈ​ចាប់តាំងពី​ការ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​វាយតម្លៃ ក្រុមហ៊ុន​អនុវត្ត​គម្រោង និង​ការ​សម្រេច​នានា​ដោយ​រដ្ឋសភា​ផង​ដែរ។

ចំណែក​ឯ​រាជរដ្ឋាភិបាល​មាន​មុខនាទី និង​អំណាច​ត្រឹមតែ​ប្រតិបត្តិ​តាម​ច្បាប់​ដោយ​ការ​ដាក់​ឲ្យ​មាន​ការ​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ឱ្យ​សាងសង់​តាម​កិច្ចសន្យា​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​សម្រេច​ដោយ​ស្ងាត់ៗ ទាំង​ការ​ដាក់​ឈ្មោះ ការ​កំណត់​ថ្លៃ​សាងសង់ និង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ជីក​ព្រែក​នេះ ជាដើម មិនមែន​ជា​រឿង​ហួសហេតុ​ទេ​ដែល​គេ​សង្ស័យ​អំពី​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា។

ប្រភព​ដដែល​បន្ត​ថា វត្តមាន​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​ជា​ផ្នែក​នៃ​កម្មវិធី ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​រដ្ឋាភិបាល​ចិន ជា​ភស្តុតាង​មួយ​យ៉ាង​ច្បាស់​ដែល​អាច​នាំ​ទៅ​រក​ការ​ផ្សារភ្ជាប់​គម្រោង​ព្រែកជីក​នេះ​បាន​គ្រប់​ពេល។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា អះអាង​ថា ក្រៅពី​ការ​សង្ស័យ​ពី​ការ​តភ្ជាប់​បណ្ដាញ​ផ្លូវទឹក និង​ផ្លូវគោក​របស់​រដ្ឋាភិបាល​ចិន ជាមួយ​ព្រែកជីក​នេះ ក៏​មាន​ការ​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការ​សាងសង់​ព្រែក​នេះ​ដែរ។

ប្រភព​ដដែល​បន្ត​ថា ទឹកប្រាក់ ១៧០០​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​ចំណាយ​លើ​ការ​ជីក​ព្រែក​ដែល​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ បង្ហាញ​ថា ព្រែក​នេះ​ត្រូវការ​ចំណាយ​លុយ​រហូត​ដល់ ៩​លាន ៤​សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គីឡូម៉ែត្រ ដែល​ជា​ការ​ចំណាយ​ដ៏​ខ្ពស់​បំផុត។

ទន្ទឹម​នេះ បើ​ប្រៀបធៀប​នឹង​ការ​ចំណាយ​លើ​ការ​សាងសង់​ផ្លូវជាតិ​លេខ ៦​អា ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប កម្ពុជា​បាន​ខ្ចី​លុយ​ពី​ប្រទេស​ចិន ត្រឹមតែ ៤៥០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយ​បើ​ធ្វើការ​គណនា​លើ​ចម្ងាយ​ផ្លូវ ៣២១​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​សៀមរាប នោះ បាន​បង្ហាញ​ថា ការ​ធ្វើ​ផ្លូវជាតិ​លេខ ៦​អា ចំណាយ​ត្រឹមតែ ១​លាន ៥​សែន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​ប្រវែង​ផ្លូវ​មួយ​គីឡូម៉ែត្រ។

ដូច្នេះ យោង​លើ​ការ​គណនា​នេះ បង្ហាញ​ថា កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​លើ​ការ​សាងសង់​ព្រែកជីក​នេះ​លើស​ការ​សាងសង់​ផ្លូវជាតិ​លេខ ៦​អា ចំនួន ៦​ដង ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​អំពី​ផែនការ​ចំណូល​ដែល​នឹង​បាន​មកពី​គម្រោង​ព្រែកជីក​នេះ​ទៀត​នោះ ក៏​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ថា មាន​អំពើពុករលួយ​ក្នុង​ការ​ចំណាយ​លើ​ព្រែកជីក​នេះ​ដែរ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​អនុវត្ត​គម្រោង​ជីក​ព្រែក​នេះ​តាម​នីតិវិធី​ច្បាប់ និង​បង្ហាញ​តម្លាភាព​ដើម្បី​ទប់ស្កាត់​អំពើពុករលួយ រួម​ទាំង​ពិចារណា​ធ្វើ​ផែនការ​ថវិកា​ជាតិ​សម្រាប់​ការ​ចំណាយ​លើ​គម្រោង​ព្រែកជីក​ផង​ដែរ។

ជាង​នេះ​ទៀត ក៏​ត្រូវ​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​គាំទ្រ​នយោបាយ​ឯករាជ្យ ឬ​សហការ​ជាមួយ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​សេរី ជាជាង​ដាក់​ខ្លួន​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ដូច​ពេលនេះ។

កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ត្រូវតែ​អនុវត្ត​គម្រោង​ព្រែកជីក​នេះ​ឱ្យខាងតែ​បាន ហើយ​លោក​ក៏​បាន​ប្រាប់​ទៅ​រាជរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​ការដ្ឋាន​សាងសង់​ព្រែក​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់​ដែរ ព្រោះ​កម្ពុជា​មិន​មាន​អ្វី​ត្រូវ​រង់ចាំ​ក្នុង​ការ​សាងសង់​ព្រែកជីក​នេះ​ទៀត​ទេ។

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់ ១៧០០​លាន​ដុល្លារ​អាមេរិក ត្រូវ​សាងសង់​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ក្នុង​ទម្រង់ BOT ដែល​គេ​មើល​ឃើញ​ថា​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​រដ្ឋាភិបាល​ចិន។

ទាក់ទិន​នឹង​ការ​សាងសង់​ព្រែកជីក​នេះ មតិ​ជាតិ និង​អន្តរជាតិ​ជាច្រើន តែងតែ​លើក​ជា​សំណួរ​ថា តើ​គម្រោង​ព្រែកជីក​នេះ​បង្កើត​ឡើង​នៅ​ពេល​ណា? អ្នក​ណា​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត? តើ​គម្រោង​នេះ​មាន​ការ​សម្រេច​ពី​រដ្ឋសភា​ដែល​ជា​តំណាង​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែរ​ឬ​ទេ? តើ​មាន​ការ​ដេញថ្លៃ​សាងសង់​ជា​សាធារណៈ​តាម​ច្បាប់​ឬ​ក៏​អត់?

ជុំវិញ​ការ​សាងសង់​ព្រែកជីក​នេះ ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ពឹងផ្អែក​ទាំងស្រុង​លើ​រដ្ឋាភិបាល​ចិន ចំពោះ​ការ​សាងសង់​ព្រែក​នេះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​ចិន​ចុះ​កិច្ចសន្យា​ជា​ផ្លូវការ​យល់ព្រម​លើ​គម្រោង​នេះ​នៅឡើយ​ទេ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ដែល​បង្ហាញ​ពី​ផែនការ​គម្រោង​សាងសង់​អំពី​ព្រែក​នេះ​ក្រោម​តម្លាភាព​នៃ​ច្បាប់​របស់​កម្ពុជា​ណា​មួយ​នៅឡើយ​ទេ រហូត​ដល់​ពេលនេះ គឺ​មាន​តែ​ការ​សម្រេច​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត អះអាង​ថា រាជរដ្ឋាភិបាល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន​នៅ​ក្នុង​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា ខាងមុខ​នេះ។

ទោះជា​មេដឹកនាំ​រាជរដ្ឋាភិបាល​អះអាង​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា​យ៉ាង​ណាៗ​ក៏ដោយ មជ្ឈដ្ឋាន​ខ្មែរ និង​បរទេស នៅតែ​មិន​ទាន់​អស់ចិត្ត ហើយ​គេ​ចេះ​តែ​ព្យាយាម​ស្រាវជ្រាវ​រក​ការពិត​បន្ថែម​ទៀត ដើម្បី​បង្ហាញ​អំពី​តម្លាភាព​ខ្លះ។ កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា សប្តាហ៍​មុន សារព័ត៌មាន Al Jazeera ផ្សាយ​អត្ថបទ​មួយ​យ៉ាង​វែង​អំពី​គម្រោង​អភិវឌ្ឍន៍​លើ​ផ្ទៃ​ប្រទេស​កម្ពុជា​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា។

ទស្សនវិស័យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កូន​ត​ត្រកូល​ពី​ឪពុក​លោក ហ៊ុន សែន ចង់​បាន​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ពលរដ្ឋ​មាន​ចំណូល​មធ្យម​នា​ឆ្នាំ​២០៣០ ហើយ​មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០។ យោង​តាម​ការ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Visual Capitalist បច្ចុប្បន្ន​នេះ ចំណូល​សម្រាប់​ពលរដ្ឋ​ម្នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ហៅ​តាម​អង់គ្លេស​ថា GDP per capita ក្នុង​ចំណោម​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​ទាំង ១០ គឺ ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ គឺ​លើស​តែ​ប្រទេស​ភូមា ដែល​រក​ចំណូល​បាន ១​ពាន់​ដុល្លារ និង​លាវ ២​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ដើម្បី​បំពេញ​បំណង​តាម​ទស្សនវិស័យ និង​ចក្ខុវិស័យ​នោះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ព្យាយាម​ស្វែងរក​ជំនួយ និង​ការ​បណ្ដាក់ទុន​ពី​បរទេស ដោយ​ទទូច​អង្វរ​ប្រទេស​ណា​ដែល​ចង់​រកស៊ី​ជាមួយ​ប្រទេស​កម្ពុជា។ មហា​ផែនការ masterplan របស់​លោក ហ៊ុន ម៉ាណែត មាន ១៧៤​គម្រោង ដោយ​ត្រូវការ​ប្រើ​ថវិកា​ជិត ៣៧​ពាន់​លាន​ដុល្លារ។ គម្រោង​ទាំងអស់​នោះ​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ចំនួន ៩ មាន​ដូចជា​ថ្នល់​ទំនើប​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប Expressway ថ្នល់​រថភ្លើង​ទំនើប​ល្បឿន​លឿន​លើ​ដី​ភ្នំពេញ-ប៉ោយប៉ែត High Speed Train ថ្នល់​រថភ្លើង​រត់​ក្រោម​ដី​ក្នុង​ក្រុង​ភ្នំពេញ Underground train ជាដើម។ល។

ចិន​ហក់​ចូល​វិនិយោគ​មុន​គេ​ដោយ​យក​គម្រោង​ខ្លះ ប៉ុន្តែ​ដោយ​មាន​ការ​ចោទ​ថា ចិន​ប្រើ​ជំនួយ​ជា​អន្ទាក់​បំណុល ក្រុង​ប៉េកាំង​ក៏​ញញើត​ដាក់​ទុន​លើ​គម្រោង​ណា​ដែល​ប្រើ​ថវិកា​លើស​ពី ១​ពាន់​លាន​ដុល្លារ​ឡើង​ទៅ។ ពី​ឆ្នាំ​ទៅ ក្រុមហ៊ុន​ចិន ថ្នល់ និង​ស្ពាន Road and Bridge (CRBC) ផ្តើម​បើក​ការដ្ឋាន​ធ្វើ​ថ្នល់​ទំនើប​ល្បឿន​លឿន​ភ្នំពេញ-បាវិត ជាប់​ព្រំដែន​យៀកណាម ប្រើ​ថវិកា​អស់ ១៣៥០​លាន​ដុល្លារ។ ថ្នល់​រថភ្លើង​ទំនើប​ល្បឿន​លឿន​ភ្នំពេញ-ប៉ោយប៉ែត ប្រើ​ថវិកា ១៩៣០​លាន​ដុល្លារ ថ្នល់​រថភ្លើង​ទំនើប​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ ប្រើ​ថវិកា ១៣៣០​លាន​ដុល្លារ។ ប្រព័ន្ធ​ថ្នល់​រថភ្លើង​ក្រោម​ដី subway system ក្នុង​ក្រុង​ភ្នំពេញ និង​ក្រុង​សៀមរាប ប្រើ​ថវិកា​សរុប ៣៥០០​លាន​ដុល្លារ។

ចំពោះ​ក្រុមហ៊ុន​ចិន ដែល​លោក ហ៊ុន ម៉ាណែត ហៅថា​ក្រុមហ៊ុន​ឯកជន​នោះ ដូចជា​ក្រុមហ៊ុន ថ្នល់​និង​ស្ពាន CRBC គឺជា​ក្រុមហ៊ុន​នាំមុខ​ជា​រនាំង​បម្រើ​ផល​ប្រយោជន៍​គោលនយោបាយ​ជាតិ-អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន ដែល​ឧបត្ថម្ភ​ទុន​ដោយ​សហគ្រាស​រដ្ឋ​ដ៏​ធំ​មួយ​ឈ្មោះ ក្រុមហ៊ុន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ចិន Chinese Communications Construction Company (CCCC)។

គម្រោង​ផែនការ​អភិវឌ្ឍន៍​ជាតិ​នៃ​បក្ស​ប្រជាជន​កម្ពុជា គឺ​ប្រើ​ធនធាន​ទុន​បរទេស ពីព្រោះ​ប្រទេស​កម្ពុជា​គ្មាន​ថវិកា​ក្នុង​ឃ្លាំង​រដ្ឋ​គ្រប់គ្រាន់ ហើយ​ខ្ចី​បុល​បរទេស​ជិត​លើស​ចំណុះ។ ដូច្នេះ​មាន​តែ​ដើរ​តាម​របៀប BOT គឺ​បរទេស​ទាញ​យក​ផល​ឲ្យ​រួច​ដើម​ជាច្រើន​ទសវត្ស​មុន​សិន ដូចជា ៣០, ៥០, ៧០, ៩០​ឆ្នាំ​ជាដើម ទើប​ឲ្យ​ខ្មែរ​ត្រង​ផល​តាម​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស