27 C
Phnom Penh

ក្រុមហ៊ុន​ផលិតកម្ម​ចិន​បង្ហូរ​សារធាតុ​គីមី​ពី​រោងចក្រ​ចូល​ទឹក​ស្ទឹង​តាម​ខេត្ត​មួយ​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​មាតា​ធម្មជាតិ អះអាង​ថា រោងចក្រ​កែច្នៃ​ផ្លែស្វាយ​របស់​ចិន ឈ្មោះ ខេមបូឌាន ហ្គូម ហ្វាម ឯ.ក (Cambodian Gome Farm Food Co., Ltd) បាន​បង្ហូរ​សារធាតុ​គីមី​ចូល​ក្នុង​ស្ទឹង​ក្រាំងអាត់ យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ជំងឺ​មហារីក និង​ជំងឺ​ផ្សេងៗ​ធ្ងន់ធ្ងរ រួម​ទាំង​បំផ្លាញ​បរិស្ថាន​ផង​ដែរ។

ចលនា​មាតា​ធម្មជាតិ (Mother Nature Cambodia) ចេញ​ផ្សាយ​វីដេអូ​មួយ​ប្រវែង​ជាង ២​នាទី​នៅ​ថ្ងៃទី​២១ ឧសភា នេះ​ថា រោងចក្រ​កែច្នៃ​ផ្លែស្វាយ​នៃ​ក្រុមហ៊ុន​ចិន​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ស្ទឹងសំរោង ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​បង្ហូរ​សារធាតុ​គីមី​ពុល​ចូល​ស្ទឹង​ក្រាំងអាត់ អស់​រយៈពេល ៣​ខែ​មក​ហើយ ដែល​បង្ក​ជា​ជំងឺ​ផ្សេងៗ​ចំពោះ​ប្រជាជន និង​សត្វ​ដែល​រស់នៅ​តំបន់​នោះ។

ប្រភព​ដដែល​រៀបរាប់​ថា សារធាតុ​គីមី​ទាំងនោះ​បាន​បង្ក​ជា​ជំងឺ​ដល់​ប្រជាពលរដ្ឋ និង​សត្វ​ដែល​ប្រើប្រាស់​ទឹក​ស្ទឹង​នេះ​ជា​ហូរហែ ដូចជា បណ្តាល​ឱ្យ​ត្រី​ងាប់​ជា​រៀង​រាល់​ថ្ងៃ​ដែល​មាន​ចំនួន​រាប់​តោន ធ្វើ​ឱ្យ​ផល​ដំណាំ​ក្រៀម​ស្លាប់ បង្ក​ជា​ជំងឺ​សើ​ស្បែក​ដល់​ប្រជាជន និង​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ថែម​ទៀត។

ចលនា​មាតា​ធម្មជាតិ អះអាង​ថា ខ្លួន​បាន​យក​ទឹក​ស្ទឹង​នេះ​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ រួច​ហើយ និង​បាន​រក​ឃើញ​ថា កម្រិត PH ទឹក​របស់​ស្ទឹង​នេះ​មាន​ត្រឹមតែ ៤,៨​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ក៏​បាន​រក​ឃើញ​សារធាតុ​គីមី​ពុល​អាសេនិក (Arsernic) កម្រិត ០,១០​មិល្លីក្រាម​ក្នុង​ចំណុះ​ទឹក ១​លីត្រ​ផង​ដែរ ដែល​កម្រិត​សារធាតុ​គីមី​ពុល​នេះ​គឺ​មាន​ចំនួន​លើស​រហូត​ដល់​ទៅ ១០​ដង​នៃ​កម្រិត​គ្រោះថ្នាក់។

ប្រភព​ដដែល​បញ្ជាក់​ថា សារធាតុ​គីមី​ពុល​អាសេនិក (Arsernic) គឺជា​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ជាច្រើន ដូចជា បង្ក​ទៅ​ជា​ជំងឺ​មហារីក​តម្រង​នោម មហារីក​ថ្លើម មហារីក​ក្រលៀន មហារីក​សួត និង​ជំងឺ​ធ្វើ​ឱ្យ​ខូច​គ្រឿង​ក្នុង​ផ្សេងៗ​ទៀត ហើយ​ទឹក​ដែល​ប្រជាជន​បាន​ប្រើប្រាស់​កន្លង​មក កំពុង​បង្ក​ទៅ​ជា​ក្លិន​ស្អុយ​ដែល​មិន​អាច​ឱ្យ​ពួកគេ​ប្រើប្រាស់​បាន​ដូច​មុន​ទៀត​ឡើយ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់​វិធានការ​ស្រាវជ្រាវ​ពី​ការ​បង្ហូរ​សារធាតុ​គីមី​ពុល​ចូល​ក្នុង​ស្ទឹង​ក្រាំងអាត់ ដោយ​ក្រុមហ៊ុន​ចិន​សព្វថ្ងៃ​នេះ។

មាត្រា​២២ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ចែង​ថា បើ​ការ​ប្រព្រឹត្ត​ល្មើស​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ ឬ​ជីវិត​មនុស្ស ដល់​ទ្រព្យសម្បត្តិ​ឯកជន ដល់​ទ្រព្យសម្បត្តិ​សាធារណៈ ដល់​បរិស្ថាន ដល់​ធនធាន​ធម្មជាតិ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ៥០​លាន​រៀល ឬ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៥​ឆ្នាំ ឬ​ត្រូវ​ផ្ដន្ទាទោស​ទាំងពីរ​តែម្តង។ ចំណែក​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស ត្រូវ​ជួសជុល​សង​ការ​ខូចខាត និង​សង​ជំងឺចិត្ត​ថែម​ទៀត។

កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៤ អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាង ១០​នាក់ (១២​នាក់) រួម​មាន​ប្រធាន​នាយកដ្ឋាន​ក្រសួង​បរិស្ថាន លោក សារុន សំបូរ អនុប្រធាន​នាយកដ្ឋាន​ក្រសួង​បរិស្ថាន លោក ចាប សុធី អនុប្រធាន​ការិយាល័យ​កសិកម្ម បរិស្ថាន​ស្រុក លោក ខៀវ ពៅ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ការ​បង្ហូរ​សារធាតុ​គីមី​ពុល​របស់​ក្រុមហ៊ុន​នេះ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​នៅឡើយ​ទេ ខណៈ​ក្រុមហ៊ុន​នៅ​តែ​បង្ហូរ​សារធាតុ​គីមី​ពុល​ចូល​ក្នុង​ស្ទឹង​ដូច​មុន​ដដែល​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ដាក់​ការ​សង្ស័យ​លើ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​ការ​បង្ហូរ​សារធាតុ​គីមី​ពុល​របស់​ក្រុមហ៊ុន​នេះ​ថា ពួកគេ​ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​រឿង​នេះ ព្រោះ​ថា​រយៈពេល ៣​ខែ​មក​ហើយ​បន្ទាប់ពី​ការ​ត្រួតពិនិត្យ ក្រុមហ៊ុន​នៅតែ​អាច​បង្ហូរ​សារធាតុ​គីមី​ពុល​ចូល​ក្នុង​ស្ទឹង​ដូច​មុន​ដដែល ខណៈ​អាជ្ញាធរ​មិន​បាន​អើពើ​ឡើយ។

ក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD ជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​កែច្នៃ​ផ្លែស្វាយ​នៅ​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន​៤ ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​ខេត្ត​កំពង់ស្ពឺ មាន​រោងចក្រ​២ នៅ​ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​១ និង​ខេត្ត​បាត់ដំបង មាន​រោងចក្រ​១ ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ចេញ​លិខិត​បន្ទាន់​មួយ​ព្រមាន​ដល់​ជនជាតិ​ចិន ដែល​ជា​ថៅកែ​រោងចក្រ​កែច្នៃ​ស្វាយ Cambodian Gome Farm Food ខេត្ត​បាត់ដំបង ដែល​បាន​បង្ហូរ​សារធាតុ​គីមី​ពុល​ចូល​ក្នុង​អូរត្រែង ស្ថិត​ក្នុង​ភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ដែល​បណ្តាល​ឱ្យ​ត្រី​ងាប់ និង​បង្ក​ជា​ក្លិន​ស្អុយ​ក្នុង​អូរ​នោះ។

ក្រុមហ៊ុន Cambodian Gome Farm Food ចុះបញ្ជី​នៅ​ឆ្នាំ​២០២១ ដាក់​អាសយដ្ឋាន​នៅ​ភូមិ​ត្បែរ ឃុំ​វស្សា ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ឈ្មោះ ហ្ស៊េ ហ្ស៊ីវ៉ី (Xie Zhiwei) ជា​ប្រធាន​ក្រុមហ៊ុន និង​ជា​នាយក​គ្រប់គ្រង។

សារធាតុ​គីមី​ដែល​បង្ហូរ​ចូល​ក្នុង​អូរត្រែង ខេត្ត​បាត់ដំបង នោះ គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​សារធាតុ​គីមី​ដែល​ក្រុមហ៊ុន Cambodian Gome Farm Food ខេត្ត​ព្រះសីហនុ បាន​បង្ហូរ​ចូល​ក្នុង​ស្ទឹង​ក្រាំងអាត់ នៅ​ពេល​នេះ​ដែរ ដែល​បាន​បង្ក​ជា​ផល​ប៉ះពាល់​ឱ្យ​មាន​ត្រី​ងាប់ ក្លិន​ស្អុយ និង​ធ្វើ​ឱ្យ​ងាប់​ដំណាំ​ដូច​គ្នា។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស