26 C
Phnom Penh

មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង បដិសេធ​ការ​អះអាង​ថា​ក្រុមហ៊ុន​ចិន​បង្ហូរ​ជាតិ​ពុល​ចូល​ក្នុង​ស្ទឹង​សង្កែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាក់ទង​នឹង​រឿង​សារធាតុ​គីមី​ដោយឡែក​មួយ​ទៀត មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង បដិសេធ​ជា​ថ្មី​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​ចិន បំពុល​ទឹក​ស្ទឹង​សង្កែ ក្រោយពី​ចលនា​មាតា​ធម្មជាតិ បាន​បន្ត​ផ្សព្វផ្សាយ​ពី​វីដេអូ​ទាក់ទង​នឹង​ការ​បំពុល​ទឹក​ស្ទឹង​សង្កែ ជា​ថ្មី ដោយ​ចោទប្រកាន់​ថា​អំពើពុករលួយ​ជា​ឫសគល់​នៃ​អយុត្តិធម៌​សង្គម ទោះបី​ករណី​រោងចក្រ​ថ្នាំពេទ្យ​របស់​ចិន បង្ហូរ​សារធាតុ​គីមី​ចូល​ស្ទឹង​សង្កែ នៅតែ​មិន​ដែល​ទទួល​ទោស​អ្វី​ទាល់តែសោះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង នៅ​ពេល​ថ្មីៗ​នេះ មន្ទីរ​បាន​ចាត់ទុក​ការ​ផ្សព្វផ្សាយ​រឿង​បំពុល​ទឹកស្ទឹង​សង្កែ​នោះ​ជា​រឿង​ចាស់ និង​ថា​ក្រុម​ដែល​ផ្សព្វផ្សាយ​នេះ​មិន​បាន​ដឹង​ពី​វឌ្ឍនភាព​ដែល​ក្រសួង​បរិស្ថាន បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ការ​លើកលែង​ទៅ​តាម​នីតិវិធី​នោះ​ទេ។

ប្រភព​ដដែល​បាន​អះអាង​ថា មន្ទីរ​បរិស្ថាន​បាន​ព្រមាន​ឲ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​រឿង​នេះ​ជាបន្ទាន់ ដោយ​ចាត់ទុក​ជា​រឿង​មិន​ពិត ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ដល់​សាធារណជន និង​បាន​ទាមទារ​ឲ្យ​លុប​ចោល​ព័ត៌មាន​នោះ​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ មន្ទីរ​បរិស្ថាន​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ហ្វេសប៊ុក ចលនា​មាតា​ធម្មជាតិ គេ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ចិន​ដែល​ធ្លាប់​បង្ហូរ​កាកសំណល់​ពុល​ចូល​ទឹក​ស្ទឹង​សង្កែ កាលពី​ចុង​ឆ្នាំ​២០២៣ មិន​បាន​ដូរ​ទីតាំង​ទៅ​កន្លែង​ថ្មី​ក្នុង​គម្លាត ១០​គីឡូម៉ែត្រ​ដូច​ការ​តម្រូវ​ឲ្យ​អនុវត្ត​ពី​ក្រសួង​បរិស្ថាន​នោះ​ទេ។ ផ្ទុយទៅវិញ រោងចក្រ​ផលិត​ម្សៅ​ដំឡូងមី សម្បក​គ្រាប់​ថ្នាំ​អេតាណុល ជីវគីមី និង​សារធាតុ​បន្ថែម​អាហារ​នៅ​ក្នុង​ខេត្ត​បាត់ដំបង មួយ​នេះ ថែម​ទាំង​បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​នៅ​លើ​ទីតាំង​ចាស់​ដដែល។

ប្រភព​ដដែល​បាន​អះអាង​ថា តាម​រូបភាព​ផ្កាយរណប​ដែល​ចលនា​មាតា​ធម្មជាតិ​លើក​យក​មក​សំអាង រោងចក្រ​ចិន​នេះ​បាន​ពង្រីក​ខ្លួន​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​មួយ​ខែ​ក្រោយ​ក្រសួង​បរិស្ថាន បាន​តម្រូវ​ឲ្យ​ដូរ​ទៅ​តាំង​នៅ​កន្លែង​ថ្មី។

កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ ក្រសួង​បរិស្ថាន បាន​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​មាន​ឈ្មោះ​ថា Phoenix Industrial CO., LTD សង​សំណង​ផល​ប៉ះពាល់​ទៅ​គណៈកម្មាធិការ​មូលនិធិ​បរិស្ថាន និង​សង្គម ដោយ​ពិន័យ​ជា​ទឹកប្រាក់​ជិត ៤៧​ម៉ឺន​ដុល្លារ និង ១៥០​លាន​រៀល។ ការ​ពិន័យ​នេះ គឺ​ដោយ​ក្រសួង​រក​ឃើញ​ថា ក្រុមហ៊ុន​ចិន​ផលិត​ម្សៅ​ដំឡូងមី សម្បក​គ្រាប់​ថ្នាំ អេតាណុល ជីវគីមី និង​សារធាតុ​បន្ថែម​អាហារ​ក្នុង​ខេត្ត​បាត់ដំបង មួយ​នេះ បាន​ធ្វើ​ឱ្យ​បែកធ្លាយ​សំណល់​រាវ ឬ​ទឹក​កខ្វក់​មាន​សារធាតុពុល ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើ​ឱ្យ​ទឹក​ស្ទឹង​សង្កែ​ប្រែ​ជា​ពណ៌​ខ្មៅ និង​ធ្វើ​ឱ្យ​ងាប់​ត្រី​មួយ​ចំនួន។

ក្រសួង​បរិស្ថាន តាមរយៈ​លិខិត​របស់​ខ្លួន បាន​សរសេរ​ថា ក្រុមហ៊ុន «មាន​ចេតនា» បញ្ចេញ​កាកសំណល់​ចូល​ក្នុង​ស្ទឹង ធ្វើ​ឲ្យ​ត្រី​ងាប់ និង​បាន​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​កាកសំណល់​រាវ​របស់​ខ្លួន។ ក្រុមហ៊ុន​បាន​ប្រតិបត្តិការ​ដោយ​មិន​មាន​របាយការណ៍​វាយតម្លៃ​ពី​ហេតុ​ប៉ះពាល់​លើ​សង្គម និង​បរិស្ថាន។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Phoenix Industrial ឈ្មោះ Fangwen Shuai សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស