25.9 C
Phnom Penh

លោក អ៊ុំ សំអាន៖ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា​សន្ធិសញ្ញា​ខុស​ច្បាប់​ចាត់ទុក​ជា​មោឃៈ​ក្រោយ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ដោយ​មិន​បាច់​ប្រកាស​ជា​ផ្លូវការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា ២៤​ឆ្នាំ​មុន មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្លាប់​ទទួល​ស្គាល់​មោឃកម្ម​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​នៅ​ទសវត្ស​១៩៨០ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប៉ុន្តែ​លោក ហ៊ុន សែន បាន​គប់គិត​ជាមួយ​វៀតណាម លួច​បន្ត​សុពលភាព​នៅ​ឆ្នាំ​២០០៥។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន នៅ​ថ្ងៃទី​២៧ ឧសភា នេះ​បាន​បង្ហោះ​លិខិត​របស់​លោក ហ៊ុន សែន មួយ​សន្លឹក​ដែល​បាន​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ នា​ឆ្នាំ​២០០០ ដោយ​អះអាង​ថា សន្ធិសញ្ញា​ព្រំដែន​នា​ទសវត្ស​ទី​៨០ ដូចជា​ឆ្នាំ​១៩៨២, ឆ្នាំ​១៩៨៣, ឆ្នាំ​១៩៨៥ និង​ឆ្នាំ​១៩៧៩ សម័យ​វៀតណាម ត្រួតត្រា​កាន់កាប់​ប្រទេស​កម្ពុជា ត្រូវ​បាន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំងអស់។

លោក អ៊ុំ សំអាន អះអាង​ថា ប៉ុន្តែ ៥​ឆ្នាំ​ក្រោយ គឺ​នៅ​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បែរ​ជា​គំរាម​ព្រះមហាក្សត្រ​បង្ខំ​ឱ្យ​ព្រះអង្គ​ឡាយព្រះហស្តលេខា​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​គាត់​បាន​គប់គិត​ជាមួយ​ភាគី​វៀតណាម លួច​បង្កើត​ឡើង​ដើម្បី​ជួយ​ឱ្យ​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​នានា​ដែល​ថា​មាន​មោឃកម្ម​ទាំងនោះ រស់​ឡើង​ទាំងអស់​ទៅវិញ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ បាត់បង់​ដែនសមុទ្រ ៣០០០០​គីឡូម៉ែត្រ​ក្រឡា និង​ការ​ដាក់​ដែន​សមុទ្រ​ខ្មែរ​ជា​សម្បត្តិ​រួម​ជាមួយ​វៀតណាម ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ក្រៅពី​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែនទឹក សន្ធិសញ្ញា​ខុស​ច្បាប់​នេះ​ក៏​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ព្រំដែន​គោក​អស់​រាប់​ពាន់​ហិកតា​ដែរ ខណៈ​ឥទ្ធិពល​របស់​វា​នឹង​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ​កាន់តែ​អាក្រក់​បន្ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០០០ លោក ហ៊ុន សែន ថ្វាយ​លិខិត​មួយ​ដល់​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម សីហនុ ដោយ​លើកឡើង​ថា ក្រោយ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ត្រូវ​ចូល​ជា​ធរមាន ជាពិសេស​ខ្លឹមសារ​ក្នុង​ចំណុច​ទី​២ មាត្រា​ទី​១ ត្រង់​ចំណុច «ឃ» បាន​ចែង​ថា បញ្ចប់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​មិន​សមស្រប​ទៅ​នឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី​នៃ​កម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់​អំពី​កង្វល់​របស់​ព្រះអង្គ​ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ព្រំដែន និង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨២, ឆ្នាំ​១៩៨៣, ឆ្នាំ​១៩៨៥ និង​ឆ្នាំ​១៩៧៩ រវាង​កម្ពុជា និង​វៀតណាម ដូច្នេះ​ខ្លឹមសារ​ក្នុង​ចំណុច​ទី​២ មាត្រា​ទី​១ ត្រង់​ចំណុច «ឃ» នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មាន​អត្ថន័យ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចប់​សន្ធិសញ្ញា​ព្រំដែន និង​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ឆ្នាំ​១៩៨២, ឆ្នាំ​១៩៨៣, ឆ្នាំ​១៩៨៥ និង​ឆ្នាំ​១៩៧៩ រវាង​កម្ពុជា-វៀតណាម ទាំងស្រុង​ទៅ​ថ្ងៃ​មុខ។

សូម​រំឭក​ថា សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​ចុះ​ហត្ថលេខា​រវាង​នាយករដ្ឋមន្ត្រី ផាំ វ៉ាន់ដុង និង​លោក ហេង សំរិន ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ អាច​បន្ត​រៀងរាល់ ១០​ឆ្នាំ​ម្តងៗ បើសិនជា​ពុំ​មាន​ភាគី​ណា​មួយ​ស្នើ​ឡើង​ដើម្បី​លុប​ចោល​ទេ​នោះ។ ដោយ​ហេតុ​ថា​លោក ហ៊ុន សែន មិន​បាន​ស្នើ​លុប​ចោល​ជា​ផ្លូវការ​ជា​សាធារណៈ ឲ្យ​ជាតិ និង​អន្តរជាតិ​ដឹង​ឮ អនុលោម​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នោះ ក្រុង​ហាណូយ ក៏​ស្នើ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម ឬ​សន្ធិសញ្ញា​ថ្មី​ឆ្នាំ​២០០៥ អនុលោម​តាម​សន្ធិសញ្ញា​ចាស់ៗ​នា​សម័យ​កងទ័ព​យៀកណាម ត្រួតត្រា ឲ្យ​នៅ​ជា​ធរមាន​រស់​រវើក​ដដែល។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នា​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា ជំរុញ​ឱ្យ​ប្រទេស​នេះ​មាន​ការ​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា​ទាំងមូល។

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មិនមែន​ជា​កិច្ចព្រមព្រៀង​តែ​មួយ​នោះ​ទេ គឺ​មាន​កិច្ចព្រមព្រៀង​ពីរ និង​សេចក្តី​ថ្លែងការណ៍​មួយ។ កិច្ចព្រមព្រៀង​ទី​១ គឺ​ស្តីអំពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា ហើយ​កិច្ចព្រមព្រៀង​ទី​២ គឺ​ស្តីអំពី​ការ​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​អព្យាក្រឹត្យ​របស់​កម្ពុជា ដោយឡែក​សេចក្តី​ថ្លែងការណ៍ គឺជា​ការ​លើកឡើង​អំពី​ការ​កសាង​កម្ពុជា​ឡើងវិញ។

មាត្រា​១ នៃ​កិច្ចព្រមព្រៀង​ទី​២ គឺ​ស្តីអំពី​ការ​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​អព្យាក្រឹត្យ​របស់​កម្ពុជា ត្រង់​ចំណុច «ឃ» ចែង​ថា បញ្ចប់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​មិន​សមស្រប​ទៅ​នឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា បើ​គ្មាន​ការ​ឈ្លានពាន​របស់​វៀតណាម មក​លើ​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ទេ ក៏​គ្មាន​សង្គ្រាម​រវាង​វៀតណាម និង​កម្ពុជា ដែរ។ លោក​បន្ថែម​ថា បើ​គ្មាន​សង្គ្រាម​ឈ្លានពាន​នេះ​ទេ ក៏​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែរ ដូច្នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា កិច្ចព្រមព្រៀង​នេះ​មាន​ឥទ្ធិពល​ធំធេង​ណាស់​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្មែរ។

មុន​នឹង​កងទ័ព​វៀតណាម លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ គេ​បាន​ស្រាវជ្រាវ​ឃើញ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ជាច្រើន​ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម ដូចជា​សន្ធិសញ្ញា​ខុស​ច្បាប់​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដោយ​កាត់​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ទៅ​ឱ្យ​វៀតណាម។

សន្ធិសញ្ញា​ខុស​ច្បាប់​ព្រំដែន​គោក​ឆ្នាំ​១៩៨៣ និង​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាដើម ដែល​សុទ្ធសឹងតែ​ជា​កិច្ចសន្យា​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​ខាង​ប្រទេស​វៀតណាម។ ជាង​នេះ​ទៀត គេ​ក៏​រក​ឃើញ​សារាចរ​ណែនាំ​ឆ្នាំ​១៩៨៣ ស្ដីពី​ការ​ណែនាំ​តម្រូវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ៥​គ្រួសារ​នៅ​ទីក្រុង ត្រូវ​មាន​ជនជាតិ​វៀតណាម ៣​គ្រួសារ រីឯ​នៅ​ជនបទ ពលរដ្ឋ​ខ្មែរ ៥​គ្រួសារ​ត្រូវ​មាន​ជនជាតិ​វៀតណាម ២​គ្រួសារ​ថែម​ទៀត។

លើស​ពី​នេះ ក៏​មាន​សារាចរ​ណែនាំ​ឆ្នាំ​១៩៨៦ ក្នុង​ការ​ធានា​នូវ​ផ្តល់​នូវ​ការ​ផ្គត់ផ្គង់ ទី​ស្នាក់​អាស្រ័យ និង​ដីធ្លី​ដល់​ជនជាតិ​វៀតណាម ទាំងនោះ​ផង​ដែរ ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំងនេះ​ត្រូវ​បាន​ធ្វើ​មោឃកម្ម​នៅ​ឆ្នាំ​១៩៩១ ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំងអស់។

ទោះជា​យ៉ាងណា​ក៏ដោយ នៅ​អំឡុង​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​គប់គិត​ជាមួយ​រដ្ឋាភិបាល​វៀតណាម បង្កើត​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ថ្មី​មួយ​ទៀត​ដែល​គេ​ហៅថា សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅ​អំឡុង​ឆ្នាំ​២០០៥ ក្នុង​បំណង​ធានា​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​រវាង​កម្ពុជា-វៀតណាម ឱ្យ​មាន​សុពលភាព​ឡើងវិញ។

ប៉ុន្តែ​ដើម្បី​ឱ្យ​សន្ធិសញ្ញា​នេះ​ស្រប​ច្បាប់ គឺ​មាន​តែ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ទទួលស្គាល់​ប៉ុណ្ណោះ ដូច្នេះ​លោក ហ៊ុន សែន ក៏​បាន​គំរាម​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ សីហមុនី ឱ្យ​ឡាយ​ព្រះហស្តលេខា​ទទួលស្គាល់​សន្ធិសញ្ញា​ខុស​ច្បាប់​នេះ​តែម្តង ប៉ុន្តែ​ត្រូវ​ព្រះអង្គ​បដិសេធ​នៅ​ពេល​នោះ។

យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន គំរាម​ថា បើ​ព្រះអង្គ​មិន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​ទេ គាត់​នឹង​រំលាយ​របប​រាជា​និយម ដោយ​ប្តូរ​ទៅ​ជា​របប​សាធារណរដ្ឋ​វិញ​ជាមិនខាន។ ដោយសារ​មាន​ការ​គំរាមកំហែង​នេះ ព្រះអង្គ​ក៏​សម្រេច​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ខុស​ច្បាប់​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បំណង​ឈ្លានពាន​របស់​វៀតណាម អាច​បន្ត​រហូត​ដល់​សព្វថ្ងៃ​នេះ​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស