26 C
Phnom Penh

រ៉ុក្កែត​ផ្ទុក​ផ្កាយរណប​យោធា​របស់​កូរ៉េខាងជើង​ផ្ទុះ​ធ្លាក់​ដោយ​មិន​អាច​ហោះ​ដល់​គន្លង​លំហ​អាកាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​ទូរទស្សន៍​ជប៉ុន NHK បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃទី​២៨ ឧសភា ថា ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​កូរ៉េខាងជើង ដែល​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ចូល​ទៅ​គន្លង​លំហ​អាកាស​កាលពី​ថ្ងៃទី​២៧ ឧសភា មិន​សម្រេច​តាម​ផែនការ​របស់​ខ្លួន​នោះ​ទេ ដោយសារ​វា​ផ្ទុះ​ធ្លាក់​ត្រឡប់​មក​ផែនដី​វិញ។

ទូរទស្សន៍ NHK បាន​បញ្ចេញ​រូបភាព​ដែល​ចាប់​បាន​រ៉ុក្កែត​បញ្ជូន​ផ្កាយរណប​របស់​កូរ៉េខាងជើង នោះ បាន​ផ្ទុះ​ធ្លាក់។

ជាមួយ​គ្នា​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ KCNA ក៏​បាន​រាយការណ៍​អំពី​ការ​ផ្ទុះ​ធ្លាក់​ផ្កាយរណប​នេះ​ដែរ ហើយ​ថា​កូរ៉េខាងជើង ទទួលស្គាល់​ពី​ការ​ប៉ុនប៉ង​របស់​ខ្លួន​ដើម្បី​យក​ផ្កាយរណប​ស៊ើបការណ៍​ទី​២ ទៅ​ដាក់​នៅ​គន្លង​លំហ​អាកាស បាន​ទទួល​បរាជ័យ​នៅ​ពេល​ដែល​គ្រាប់​រ៉ុក្កែត​ចាប់​បញ្ជូន​ផ្កាយរណប​បាន​ផ្ទុះ​នៅ​លើ​អាកាស។

ការ​ទទួលស្គាល់​របស់​កូរ៉េខាងជើង ធ្វើឡើង​បន្ទាប់ពី​យោធា​កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២៧ ឧសភា បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​បាញ់​អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ និង​ក្រោយ​ទីក្រុង​ព្យុងយ៉ាង បាន​ប្រកាស​ពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​ដែល​មិន​បាន​សម្រេច​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​កងទ័ព​កូរ៉េខាងជើង ក៏​បាន​ចេញ​ផ្សាយ​ថា ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​ផ្ទុក​ផ្កាយរណប​ថ្មី បាន​ទទួល​បរាជ័យ​នៅ​ពេល​ដែល​រ៉ុក្កែត​នេះ​ផ្ទុះ​នៅ​លើ​អាកាស អំឡុង​ការ​ផ្ដាច់​ខ្លួន​ចេញ​ដំណាក់កាល​ទី​១។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ ក៏​បាន​ផ្ដល់​ការ​វិភាគ​អំពី​មូលហេតុ​ដែល​បង្ក​ឱ្យ​ការ​បាញ់​បង្ហោះ​ផ្កាយរណប​បរាជ័យ បណ្ដាល​មកពី​ម៉ូទ័រ​រ៉ុក្កែត​ដំណើរការ​ដោយ​ឥន្ធនៈ​រាវ​ថ្មី​មួយ​ដែល​ទើប​តែ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​មិន​ដំណើរការ​បាន​ល្អ។

កូរ៉េខាងជើង បាន​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍​ដំបូង​បំផុត​របស់​ខ្លួន​ដោយ​ជោគជ័យ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្រោយ​ទទួល​បរាជ័យ ២​លើក​មក​ហើយ។

បើ​ទោះជា​កូរ៉េខាងជើង បរាជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ក៏ដោយ តែ​ប្រទេស​សម្ពន្ធភាព​ត្រីភាគី​នៅតែ​ថ្កោលទោស​របប​នៅ​ក្រុង​ព្យុងយ៉ាង។

ក្រសួង​ការបរទេស​កូរ៉េខាងត្បូង បាន​បញ្ជាក់​ថា បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងត្បូង សហរដ្ឋ​អាមេរិក និង​ជប៉ុន បាន​ថ្កោលទោស​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​ស៊ើបការណ៍​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង ធ្វើឡើង​បន្ទាប់ពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ដោយ​បេសកជន​ពិសេស​នៃ​ប្រទេស​ទាំង​៣ បាន​លើកឡើង​ថា ការ​បាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង ទោះ​ជា​បរាជ័យ​ក៏ដោយ គឺជា​ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​លើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ហាមឃាត់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មីស៊ីល​បាលិស្ទីក​របស់​កូរ៉េខាងជើង និង​បាន​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់។

បច្ចុប្បន្ន កូរ៉េខាងជើង​មាន​ផ្កាយរណប​ស៊ើបការណ៍​មួយ​រួច​ទៅ​ហើយ​នៅ​លើ​លំហ​អាកាស​ដែល​បាន​បាញ់​បង្ហោះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​ជំនួយ​បច្ចេកវិទ្យា និង​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​រាវ​ពី​រុស្ស៊ី។

តែ​យ៉ាងណា កូរ៉េខាងត្បូង និង​កូរ៉េខាងជើង តែងតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​គ្នា​ទៅវិញ​ទៅមក។

កាលពី​ថ្ងៃ​ចន្ទ នេះ កូរ៉េខាងជើង​បាន​ថ្កោលទោស​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ជុំវិញ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​លុប​បំបាត់​អាវុធ​បរមាណូ​នៅ​លើ​ជ្រោយ​កូរ៉េ​ទាំង​ពីរ។

សេចក្តី​ថ្លែងការណ៍​រួម​នៃ​ប្រទេស​ទាំង​បី​នេះ បាន​អំពាវនាវ​ឱ្យ​កូរ៉េខាងជើង បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ដ៏​កម្រ​មួយ​នៅ​ទីក្រុង​សេអ៊ូល ដែល​មាន​វត្តមាន​នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងជើង បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​ប្រកាន់​ជំហរ​បែប​នេះ គឺជា​ការ​ប្រមាថ​មិន​អាច​អត់ឱន​បាន និង​ជា​សេចក្តី​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ។

សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​អ្នក​នាំពាក្យ​កូរ៉េខាងជើង បាន​បញ្ជាក់​ថា ការ​ពិភាក្សា​អំពី​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ គឺជា​ការ​បង្ក​ហេតុ​នយោបាយ​ធ្ងន់ធ្ងរ និង​រំលោភ​លើ​អធិបតេយ្យ​របស់​កូរ៉េខាងជើង។ កូរ៉េខាងជើង បាន​ប្រកាស​ថា គេ​មិន​លុប​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដាច់ខាត ព្រោះ​វា​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រជាជន​កូរ៉េខាងជើង។ ប្រទេស​កូរ៉េខាងជើង ជា​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​បំផុត​លើ​ពិភពលោក ដែល​ក្រុម​បស្ចិម​ប្រទេស​ចាត់ទុក​ថា​ជា​របប​ដ៏​ព្រៃផ្សៃ​ដែល​បាន​គាប​សង្កត់​ពលរដ្ឋ​ខ្លួនឯង​ឱ្យ​ក្លាយ​ជា​ទាសករ​នៃ​របប​ដឹកនាំ​សន្តតិវង្ស។

ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ មិន​បាន​យកចិត្ត​ទុកដាក់​លើ​សេរីភាព និង​ជីវភាព​របស់​ប្រជាជន​ខ្លួន​នោះ​ទេ ដោយ​សុខចិត្ត​រត់​ប្រណាំង​សព្វាវុធ​ប្រជែង​នឹង​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ដែល​គេ​ថា​ក្នុង​គោលដៅ​តែ​មួយ​គត់​ដើម្បី​គំរាម​ប្រទេស​ជិតខាង និង​ការពារ​អំណាច​របស់​គ្រួសារ គីម អ៊ីលស៊ុង ដែល​ជា​ជីតា​លោក គីម ជុងអ៊ុន មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស