26 C
Phnom Penh

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនធាន ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប​ដែល​អាច​ទុកចិត្ត​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ចាត់ទុក​ប្រទេស​កម្ពុជា​ជា​មិត្ត​ដែកថែប ស្មោះត្រង់ ដែល​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន។

កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន បាន​លើកឡើង​ថា កម្ពុជា​គឺជា​ប្រទេស​អាទិភាព និង​មិត្ត​ដែកថែប​របស់​ប្រទេស​ចិន ដែល​អាច​ទុកចិត្ត​បាន។

ប្រភព​ដដែល​លើកឡើង​ថា ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​បញ្ជាក់​ប្រាប់​លោក ហ៊ុន ម៉ាណែត ថា ចិន​នៅ​បន្ត​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ត​ទៅ​ទៀត ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីកចម្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់ពី​សមិទ្ធផល​ធំៗ​រវាង​កម្ពុជា-ចិន បាន​លេច​ចេញ​ជា​រូបរាង​ជា​បន្តបន្ទាប់​កន្លង​មក ដូចជា ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ, ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ជាដើម។

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បញ្ជាក់​ថា លោក វ៉ាង វិនធាន បាន​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង ដែល​បាន​ចូលរួម​ចំណែក​ពង្រីង និង​ពង្រីក​ទំនាក់ទំនង រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​បេសកកម្ម​របស់​លោក​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​កន្លង​មក​នេះ។

ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត និង​ឯកអគ្គរដ្ឋទូត​ចិន នៅ​ពេលនេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ផ្សព្វផ្សាយ​ពី​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ដែល​គ្រោង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ​មិថុនា នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ថា ការ​ប្រកាស​ទំនាក់ទំនង​រវាង​កម្ពុជា-ចិន ក្នុង​កម្រិត​ណា​នោះ មិនមែន​ជា​បញ្ហា​ទេ ឱ្យ​តែ​ទំនាក់ទំនង​នោះ​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​មិន​បង្ក​អសន្តិសុខ​ក្នុង​តំបន់ ឬ​មិន​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ចិន ដោយ​ការណ៍​សម្ងាត់​ណា​មួយ។

លោក ម៉ែន ណាត លើកឡើង​ថា ប៉ុន្តែ​ទំនាក់ទំនង​កម្ពុជា-ចិន សព្វថ្ងៃ​នេះ បាន​បង្កប់​នូវ​ការ​សង្ស័យ​ជាច្រើន​សម្រាប់​ពិភពលោក ជាពិសេស​សម្រាប់​ប្រទេស​ក្នុង​តំបន់ ដូច្នេះ​ទោះ​កម្ពុជា​មិន​ប្រកាស​ពី​ទំនាក់ទំនង​នេះ ក៏​នៅតែ​ធ្វើ​ឱ្យ​ពិភពលោក​ព្រួយបារម្ភ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ដែល​គ្រោង​នឹង​ទៅ​កាន់​កម្ពុជា​នា​ពេល​ខាងមុខ​នេះ ក៏​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​អាមេរិក ជុំវិញ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ដែរ ជាពិសេស​ការ​ព្រួយបារម្ភ​បំផុត​របស់​ពិភពលោក គឺ​តំបន់​ជើងទឹក​រាម របស់​កម្ពុជា​តែម្តង។

ចាប់តាំងពី​ឆ្នាំ​២០២០ មក ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​ជោគវាសនា​រួម​គ្នា​ជាមួយ​ចិន និង​បាន​ប្រកាស​យក​ចិន​ជា​មិត្ត «ដែកថែប» កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​នានា​ជាមួយ​ចិន ជា​បន្តបន្ទាប់ ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រហូត​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី «កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន» ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព លោក វណ្ណ ប៊ុនណា បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ការ​មិន​រក្សា​អព្យាក្រឹត្យ​របស់​កម្ពុជា អាច​នឹង​ដើរ​ជាន់​ដាន​អតីតកាល​ដ៏​ជូរចត់​របស់​ខ្លួន ដែល​ជា​ការ​បង្ក​វិនាសកម្ម​លើ​ទឹកដី​របស់​ខ្លួន​ម្តង​ទៀត។

ជុំវិញ​ទំនាក់ទំនង​កម្ពុជា-ចិន សព្វថ្ងៃ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា កម្ពុជា​មិន​ត្រឹមតែ​ពឹងពាក់​ចិន លើ​ការ​ខ្ចី​បុល និង​ពឹង​ចិន ឱ្យ​ជួយ​អភិវឌ្ឍ​ជំនួស​រដ្ឋាភិបាល​របស់​ខ្លួន​ទេ តែ​ថែមទាំង​ពឹង​ចិន ឱ្យ​ជួយ​រក្សា​អំណាច​គ្រួសារ​ឱ្យ​លោក ហ៊ុន សែន ថែម​ទៀត ដូច្នេះ​កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ​នៅ​ពេល​ដែល​កម្ពុជា​កាន់តែ​លង់​ខ្លួន​ក្នុង​ការ​ពឹង​ចិន បែប​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស