ព្រែកជីកហ្វូណនតេជោ ដែលកំពុងក្លាយជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុកនោះ ទីបំផុតត្រូវបានលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រកាសជាសាធារណៈថានឹងបើកការសាងសង់ជាផ្លូវការនៅអំឡុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបញ្ចប់ការលើកឡើងដែលជាលក្ខណៈស្រមើស្រមៃនានា។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធសមិទ្ធផលមួយនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះថា ការពន្លឿនការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ គឺដើម្បីបញ្ចប់ការលើកឡើងដែលជាលក្ខណៈស្រមើស្រមៃនានាកន្លងមក។
លោក ហ៊ុន ម៉ាណែត លើកឡើងថា គម្រោងព្រែកជីកហ្វូណន ជាគម្រោងដ៏ពិសេសជាងគម្រោងផ្សេងៗ ព្រោះគម្រោងនេះមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាជនខ្មែរទូទាំងពិភពលោក និងជាគម្រោងដែលមានលក្ខណៈជាតិនិយមផងដែរ ដូច្នេះនរណាចង់និយាយអីក៏និយាយទៅ ប៉ុន្តែកម្ពុជាសាងសង់ព្រែកជីកនេះ គឺដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជាប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា នៅពេលស្មារតីខ្មែររួមគ្នាដាក់ចិត្តនឹងធ្វើ គឺខ្មែរធ្វើបាន សម្រាប់គម្រោងព្រែកជីកហ្វូណននេះ ទោះបីមិនមានការចូលរួមពីវិនិយោគិនបរទេសក៏ដោយ ព្រោះថាគម្រោងសាងសង់ព្រែកជីកហ្វូណននេះមានវិនិយោគទុនភាគច្រើនជារបស់ខ្មែរ និងទុនមួយផ្នែកទៀតជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគម្រោងព្រែកជីកហ្វូណនកំពុងរងនូវការចោទប្រកាន់ថា ព្រែកជីកនេះមិនមែនដើម្បីប្រយោជន៍កម្ពុជាទេ គឺដើម្បីបម្រើឱ្យវិស័យយោធាចិន ប៉ុណ្ណោះ។
គិតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជាបានរង់ចាំការសម្រេចរបស់ក្រុមហ៊ុនចិន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) អស់រយៈពេលប្រមាណជាង ៨ខែហើយ បន្ទាប់ពីរដ្ឋាភិបាលសម្រេចប្រគល់គម្រោងព្រែកជីកនេះឱ្យក្រុមហ៊ុនចិន សិក្សាចាប់តាំងពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ មក។
រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់ចិន ម្តងទៀត និងជំរុញក្រុមហ៊ុននេះជួយសាងសង់ព្រែកជីកនេះឱ្យបានឆាប់។ ជាលទ្ធផល គម្រោងព្រែកជីកនេះក៏ត្រូវបានប្រកាសពីពេលវេលាជាក់លាក់នៃការសាងសង់នៅថ្ងៃទី៣០ ឧសភា នេះតែម្តង។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានអនុម័តឱ្យរដ្ឋាភិបាលសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវចំណាយទុនវិនិយោគប្រមាណជា ១៧០០លានដុល្លារសហរដ្ឋអាមេរិក ក្រោមទម្រង់ BOT ជាមួយក្រុមហ៊ុនចិន ដែលនឹងត្រូវចំណាយពេលសង់ប្រមាណជា ៤ឆ្នាំ។
គម្រោងសាងសង់ព្រែកជីកហ្វូណន បានក្លាយជាចំណុចរសើបលើទីលាននៃការប្រកួតប្រជែងគំនិតដ៏ក្តៅគគុកសព្វថ្ងៃនេះ ដែលមានទាំងមតិរិះគន់ និងមតិគាំទ្រ ទោះជាមតិខ្លះបង្ហាញចេញមកជារបៀបដើរតាមបក្ស គ្មានការស្រាវជ្រាវក៏ដោយ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលនៃបក្សប្រជាជនកម្ពុជា នៅតែចាត់ទុកថាអ្នកដែលប្រឆាំងនឹងគម្រោងព្រែកជីកនេះ គឺជាក្រុមជ្រុលនិយមដែលកំពុងប្រឆាំងនឹងប្រយោជន៍ជាតិខ្មែរ ទោះជាខ្មែរជាច្រើនដឹងថា អ្នកណាជាអ្នកបានបំផ្លាញ និងកំពុងតែបំផ្លាញប្រយោជន៍ខ្មែរយ៉ាងណាក្តី។
ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ (CBRC) គ្រោងនឹងជីកព្រែកនេះដោយភ្ជាប់ទឹកសាបពីទន្លេបាសាក់ ខេត្តកណ្តាល ទៅទឹកប្រៃនៅខេត្តកែប ដែលមានទទឹងក្បាលព្រែកខាងលើប្រវែងពី ១០០ម៉ែត្រ និងរួមស្ដួចខាងក្រោមទៅកាន់សមុទ្រត្រឹម ៨០ម៉ែត្រ រួមទាំងមានជម្រៅទឹកប្រវែង ៥,៤ម៉ែត្រ មានសន្ទះបិទបើកទឹកចំនួន៣ និងស្ពានឆ្លងកាត់ចំនួន ១១ស្ពានផងដែរ។
ចំណែកការលើកទំនប់សងខាង ក្រុមហ៊ុនចិននឹងសាងសង់ថ្នល់ទំនើបឲ្យរថយន្តបើកបរទៅមកសងខាង រួមទាំងសង់ចិញ្ចើមថ្នល់សម្រាប់ធ្វើដំណើរដោយថ្មើរជើងចម្ងាយ ២០៨គីឡូម៉ែត្រថែមទៀតសម្រាប់ប្រជាពលរដ្ឋខ្មែរ ១លាន ៥សែននាក់ដែលរស់នៅតាមព្រែកជីកនេះ។
តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនចិន ព្រែកជីកហ្វូណននឹងត្រូវស្ថាបនាតាមបែបផែន Build-Operate-Transfer (BOT) ដែលមានន័យថា សង់ហើយ ម្ចាស់ទុនគ្រប់គ្រងកាន់កាប់ចាត់ចែង (ធ្វើប្រតិបត្តិការ) ប្រមូលចំណូលរហូតចប់កិច្ចសន្យារយៈពេល ៥០ឆ្នាំ ទើបប្រគល់ឱ្យម្ចាស់ប្រទេសគ្រប់គ្រងតាមក្រោយ។
ក្នុងសេចក្តីរាយការណ៍ពិសេសរបស់សារព័ត៌មាន The Cambodia Daily បានរកឃើញថា ក្រុមហ៊ុនចិន គ្រោងនឹងយកពន្ធប្រើប្រាស់ថ្នល់ពីរថយន្តធុនតូចតម្លៃ ១២ដុល្លារ (ឬ ៤ម៉ឺន ៨ពាន់រៀល) រថយន្តធុនធំ កុងវ័រដឹកទំនិញតម្លៃ ៦០ដុល្លារ (ឬ ២៤ម៉ឺនរៀល) ដូច្នេះចំណូលពន្ធរបស់កម្ពុជាដែលបានមកពីព្រែកនេះ គឺចិនជាអ្នកកាន់កាប់ទាំងស្រុង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

