អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នឹងត្រូវបង្ហាញខ្លួនចំពោះមុខសវនាការជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ នៅក្នុងការអត្ថាធិប្បាយមួយដែលលោកបានធ្វើឡើងកាលពីជិត ១០ឆ្នាំមុន។
អ្នកនាំពាក្យអគ្គរដ្ឋអាជ្ញាថៃ លោក Prayuth Pecharakun បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែឧសភា នេះថា លោក ថាក់ស៊ីន នឹងត្រូវបានកោះហៅឱ្យបង្ហាញខ្លួនចំពោះមុខតុលាការនៅថ្ងៃទី១៨ ខែមិថុនា ខាងមុខ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។
អ្នកនាំពាក្យអគ្គរដ្ឋអាជ្ញាបានប្រាប់អ្នកសារព័ត៌មានថា អគ្គរដ្ឋអាជ្ញាបានធ្វើសេចក្ដីសម្រេចរួចហើយក្នុងការកសាងសំណុំរឿងចោទប្រកាន់លោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ។
មេធាវីរបស់លោក ថាក់ស៊ីន គឺលោក Winyat Chatmontree បាននិយាយថា លោក ថាក់ស៊ីន សម្រេចមិនចាកចេញពីប្រទេសទេ ដោយតាំងចិត្តតតាំងក្ដីចំពោះការចោទប្រកាន់ និងត្រៀមខ្លួនជាស្រេចដើម្បីបញ្ជាក់ថា រូបលោកមិនមានទោសពៃរ៍អ្វីទាំងអស់។
ការចោទប្រកាន់លោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ គឺមានជាប់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយមួយដែលលោកបានធ្វើឡើងកាលពីឆ្នាំ២០១៥ ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង។
លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ បានវិលត្រឡប់ចូលស្រុកថៃ វិញកាលពីខែសីហា ឆ្នាំ២០២៣ និងត្រូវបានឃុំខ្លួនពីបទរំលោភអំណាច និងពុករលួយ ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តក្នុងពេលកាន់អំណាច។ តែព្រះមហាក្សត្រថៃ បានបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន ពី ៨ឆ្នាំមកនៅសល់មួយឆ្នាំវិញ ហើយរូបលោកត្រូវបានដោះលែងមុនកាលកំណត់កាលពីដើមឆ្នាំ២០២៤ នេះ។
តើការកោះហៅលោក ថាក់ស៊ីន ឡើងតុលាការនៅថ្ងៃទី១៨ មិថុនា អាចរុញប្រទេសថៃ ទៅរកចលាចលនយោបាយឬទេ?
បណ្ដាញផ្សាយព័ត៌មាន BNN, Bloomberg បានចុះផ្សាយថា រាជាណាចក្រថៃ អាចនឹងធ្លាក់ក្នុងចលាចលនយោបាយម្ដងទៀត ដែលជាការធ្វើឱ្យមុខមាត់របស់ប្រទេសដើរលើដានចាស់វិញនៅក្នុងកណ្ដាប់ដៃរបស់ពួកយោធា បើលោក ថាក់ស៊ីន អ្នកនយោបាយដ៏មានប្រជាប្រិយភាពនេះត្រូវកាត់ទោស ហើយជាប់ពន្ធនាគារ។
នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះដែរ តុលាការធម្មនុញ្ញប្រទេសថៃ នឹងធ្វើសេចក្ដីវិនិច្ឆ័យមួយដ៏រសើបប៉ះពាល់ដល់ជោគវាសនារបស់នាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន (Srettha Thavisin) មកពីបក្សភឿថៃ ដែលក្រុមព្រឹទ្ធសភារបស់ពួកយោធា ផ្ដើមចោទពីបទធ្វេសប្រហែស ដោយសារបានតែងតាំងមនុស្សស្និទ្ធម្នាក់នឹងលោក ថាក់ស៊ីន ជារដ្ឋមន្ត្រីដែលបុរសនេះត្រូវគេរកឃើញមានកំហុសករណីសូកប៉ាន់ពួកចៅក្រម។
សមាជិកព្រឹទ្ធសភាថៃ មួយក្រុម ដែលបានដាក់ញត្តិតវ៉ាទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីឱ្យតុលាការពិចារណាដកហូតតំណែងលោក ស្រេតថា (Srettha) ហើយទន្ទឹមគ្នានោះ ឱ្យព្យួរតំណែងរបស់លោក ស្រេតថា (Srettha) ជាបណ្ដោះអាសន្នសិន ដោយពួកគេបានចោទប្រកាន់ថា ការតែងតាំងលោក Pichit Chuenban កាលពីខែមេសា កន្លងទៅ ឱ្យក្លាយជាសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោក គឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញ។
ទោះបីជាតុលាការធម្មនុញ្ញ បានទទួលយកសំណើនោះក៏ដោយ ក៏លោក ស្រេតថា (Srettha) មិនត្រូវបានព្យួរមុខនាទីជានាយករដ្ឋមន្ត្រីឡើយ ដោយនៅរង់ចាំការសម្រេចចិត្តនាពេលក្រោយទៀត។
លោក Pichit Chuenban បានលាលែងពីតួនាទីជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងគោលបំណងដើម្បីចង់ជួយឱ្យលោក ស្រេតថា បានរួចផុតពីសំណុំរឿងនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋមន្ត្រី ៣រូបហើយចាកចេញពីតំណែងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ស្រេតថា។
ចំពោះលោក Pichit ត្រូវគេស្គាល់ថាជាមនុស្សជិតស្និទ្ធនឹងគ្រួសារត្រកូល ស៊ីណាវ៉ាត់។ កាលពីឆ្នាំ២០០៨ លោក Pichit ធ្លាប់ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៦ខែ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់ពួកចៅក្រមជាមួយប្រាក់ ២លានបាត។
សមាជិកព្រឹទ្ធសភាថៃ ៤០រូប បានចោទប្រកាន់លោក ស្រេតថា ករណីរំលោភរដ្ឋធម្មនុញ្ញតាមរយៈការតែងតាំងលោក Pichit ដែលខ្វះភាពសុចរិតទៀងត្រង់។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តុលាការក្នុងប្រទេសថៃ ក៏បានសម្រេចផ្ដន្ទាទោសសមាជិកសភាបក្សប្រឆាំងម្នាក់ឈ្មោះ Chonthicha Jangrew ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទប្រមាថស្ថាប័នព្រះមហាក្សត្រ ជុំវិញសុន្ទរកថាមួយដែលអ្នកនយោបាយស្ត្រីរូបនេះបានធ្វើឡើងកាលពី ៣ឆ្នាំមុន អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាល។
អ្នកស្រី Chonthicha អាយុ ៣១ឆ្នាំ បច្ចុប្បន្នគឺជាសមាជិកនៃបក្សប្រឆាំង Move Forward ដែលជាបក្សមានអាសនៈច្រើនជាងគេនៅក្នុងសភា។ គណបក្ស Move Forward ផ្ទាល់ក៏កំពុងប្រឈមរឿងក្តីផងដែរ ដោយសារតែផែនការរបស់ខ្លួនមានគោលដៅចង់ធ្វើវិសោធនកម្មច្បាប់ប្រឆាំងការប្រមាថស្ថាប័នព្រះមហាក្សត្រ។ ក្នុងសំណុំរឿងនេះ គណៈកម្មការបោះឆ្នោតថៃ បានស្នើឱ្យតុលាការធម្មនុញ្ញពិចារណារំលាយគណបក្ស Move Forward ចោល។
យោងតាមសមាគមគណៈមេធាវីថៃ ផ្នែកសិទ្ធិមនុស្ស គិតចាប់តាំងពីឆ្នាំ២០២០ មក មនុស្ស ២៧០នាក់ហើយត្រូវបានចោទប្រកាន់ពីបទប្រមាថស្ថាប័នព្រះមហាក្សត្រ ហើយក្នុងនោះ ១៧នាក់កំពុងស្ថិតក្រោមការឃុំឃាំង។
ព្រឹត្តិការណ៍ទាំងនេះដែលបណ្ដាញផ្សាយព័ត៌មាន BNN, Bloomberg ចុះផ្សាយថាជាដើមហេតុដែលអាចរុញរាជាណាចក្រនេះទៅរកអំពើចលាចលនយោបាយជាថ្មីទៀត ហើយចង់មិនចង់ ពួកយោធានៅក្នុងព្រឹទ្ធសភា ២៥០រូប អាចនឹងប្រមូលកម្លាំងនយោបាយយោធានិយមឆក់យកអំណាចម្ដងទៀត៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

