អ្នកឃ្លាំមើល ព្រមានថា បើរដ្ឋាភិបាលនៅតែបណ្តោយឱ្យមានក្រុមហ៊ុនបោកប្រាស់ជាលក្ខណៈ Ponzi Scheme បន្តទៀត នោះអ្នកដែលទទួលឥទ្ធិពលអាក្រក់ពីការបោកប្រាស់មានតែពលរដ្ឋ និងរដ្ឋាភិបាលប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មិថុនា នេះថា នៅពេលដែលការបោកប្រាស់ចេះតែបន្តរីករាលដាលនៅកម្ពុជា ក៏ជាហេតុនាំឱ្យមានការជះឥទ្ធិពលអាក្រក់ទៅលើការវិនិយោគដែរ ព្រោះថាអ្នកវិនិយោគដែលគោរពច្បាប់ត្រឹមត្រូវ នឹងមិនហ៊ានមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាទេនៅពេលដែលពួកគេមើលឃើញពីការបោកប្រាស់ទាំងនេះ។
លោក សេក សុជាតិ ត្អូញត្អែរថា ឥទ្ធិពលអាក្រក់នៃអំពើបោកប្រាស់នេះ ក៏នឹងទាញទម្លាក់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែដុនដាបដែរ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពលរដ្ឋនីមួយៗ កំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះស្រាប់ចាប់តាំងពីមានការរាតត្បាតដោយជំងឺកូវីដ-១៩ មកម្ល៉េះ។
លោកបន្តថា ការរីករាលដាលនៃអំពើបោកប្រាស់នេះ ក៏ជាហេតុនាំឱ្យមានភាពក្រីក្រកាន់តែកើនឡើងដែរសម្រាប់ពលរដ្ឋខ្មែរ ហើយវាក៏នឹងក្លាយជាបន្ទុកមួយដ៏ធ្ងន់សម្រាប់រដ្ឋាភិបាលទៅថ្ងៃមុខ។
លោក សេក សុជាតិ បញ្ជាក់ថា ដើម្បីលុបបំបាត់អំពើឆបោកនេះឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលមិនត្រូវអនុវត្តច្បាប់ដោយមានការរើសអើងនិន្នាការនយោបាយឡើយ ទាំងមន្ត្រីរបស់ខ្លួនដែលបានចូលរួមក្នុងអំពើបោកប្រាស់នេះ និងពលរដ្ឋទូទៅ គឺត្រូវតែមានការអនុវត្តច្បាប់ និងជួយសង្គ្រោះដោយយុត្តិធម៌ដូចគ្នា។
ក្នុងរយៈពេលចុងក្រោយនេះ ជំនួយការផ្ទាល់របស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន គឺលោក ដួង តារា និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានរងនូវការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងអំពើបោកប្រាស់នៃក្រុមហ៊ុនភូមិខ្មែរគ្រុប ក្នុងខេត្តស្វាយរៀង ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ស្របពេលដែលចំណាត់ការផ្លូវច្បាប់ពីសំណាក់អាជ្ញាធរខេត្តស្វាយរៀង លើករណីនេះ នៅតែមានភាពស្ងៀមស្ងាត់នៅឡើយក្នុងរយៈពេលប្រមាណជាង ២ឆ្នាំមកនេះ។
ជុំវិញការបោកប្រាស់នេះ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ លី យូហេង បានទម្លាយលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៩ ខែមិថុនា នេះថា ក្រុមហ៊ុនភូមិខ្មែរគ្រុប មានគោលការណ៍វិនិយោគដូចក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់អ្នកស្រី ឡេង ចាន់ណា នៅខេត្តសៀមរាប ដែរ។
ប្រភពដដែលបន្តថា ក្រុមហ៊ុននេះបានសន្យាផ្តល់ការប្រាក់ឱ្យអ្នកវិនិយោគចំនួន ៤,៤០% ក្នុង ១ខែនិងទទួលបានប្រាក់ដើមមកវិញចំនួន ២០០% ក្នុងរយៈពេល ១ឆ្នាំ។
ម្ចាស់គណនីហ្វេសប៊ុករូបនេះបញ្ជាក់ថា ពលរដ្ឋរងគ្រោះរាប់រយនាក់ពីក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង មិនដែលទទួលបានសំណងនៅឡើយទេរយៈពេលជាង ២ឆ្នាំមកនេះ ដោយសារតែម្ចាស់ក្រុមហ៊ុនឈ្មោះ សោម សុធា កំពុងរត់គេចខ្លួន ខណៈទឹកប្រាក់ដែលពួកគេចាញ់បោកក្រុមហ៊ុននេះ គឺមានចំនួនដល់ទៅរាប់លានដុល្លារអាមេរិកឯណោះ។
ទាក់ទិននឹងបញ្ហានេះ ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ឈ្មោះ សោម សុធា ធ្លាប់បានផ្សព្វផ្សាយពីគម្រោងវិនិយោគលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីពេលកន្លងទៅថា អ្នកដែលចូលរួមវិនិយោគក្នុងគម្រោងរបស់ខ្លួន នឹងទទួលបានទឹកប្រាក់យ៉ាងច្រើនត្រឡប់ទៅវិញ ដូចជា ការដាក់ទុនវិនិយោគក្នុងកញ្ចប់សាច់ប្រាក់ចំនួន ៥៥០ដុល្លាររយៈពេល ១ឆ្នាំ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១ពាន់ដុល្លារអាមេរិក។
វិនិយោគក្នុងកញ្ចប់ ១១០០ដុល្លាររយៈពេល ១ឆ្នាំ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញក្នុងចំនួន ២ពាន់ដុល្លារ វិនិយោគក្នុងកញ្ចប់ ១៦៥០ដុល្លាររយៈពេល ១ឆ្នាំ នឹងទទួលបានប្រាក់ ៣ពាន់ដុល្លារ ហើយប្រសិនបើវិនិយោគក្នុងកញ្ចប់ ៣៣០០ដុល្លាររយៈពេល ១ឆ្នាំ នឹងទទួលបានប្រាក់ ៦ពាន់ដុល្លារ។
ជុំវិញការវិនិយោគនេះ កាលពីអំឡុងឆ្នាំ២០២១ ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ឈ្មោះ សោម សុធា បានចុះកិច្ចសន្យាជាមួយអ្នកដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្នុងនោះ ម្ចាស់ទុនវិនិយោគម្នាក់ឈ្មោះ មាយ សុម៉ារ៉ា បានដាក់ទុនជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក។
ក្នុងកិច្ចសន្យាវិនិយោគនេះ បានចែងថា ម្ចាស់ទុនវិនិយោគនឹងទទួលបានការប្រាក់ចំនួន ៤៤០ដុល្លារក្នុង ១ខែរយៈពេល ២ឆ្នាំ ដោយគិតចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែនៅទីបំផុត ម្ចាស់ទុនវិនិយោគត្រូវបង់ខាតទាំងការប្រាក់ និងប្រាក់ដើមចំនួន ១ម៉ឺនដុល្លារ ដោយមិនទទួលលុយត្រឡប់ទៅវិញសូម្បីតែ ១សេន រហូតមកដល់ពេលនេះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីគម្រោងឆបោកនេះ លោក ដួង តារា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីពេលថ្មីៗនេះថា លោកមិនបានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនភូមិខ្មែរគ្រុប ទេ។ លោកបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនធ្លាប់បានអញ្ជើញលោកឱ្យទៅចូលរួមចែកស្បៀងអាហារជូនពលរដ្ឋក្រីក្រតែប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

