32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត រំលឹក​ថា​កម្ពុជា-វៀតណាម​ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​និង​វៀតណាម ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម​បារាំង ដោយ​កម្ពុជា​ជួយ​វៀតណាម ឈាន​នាំ​ទៅ​ដល់​ការ​បង្រួបបង្រួម​ជាតិ ហើយ​វៀតណាម បាន​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៤៧ ទិវា​នៃ​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ទទួល​ភ្ញៀវ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម X16 ស្ថិត​ក្នុង​ឃុំ​កោះថ្ម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រវត្តិសាស្ត្រ​ច្បាស់លាស់ គឺជា​កត្តា​ចម្បង​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ដូច​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​លើកឡើង​ជារឿយៗ​ថា កម្ពុជា​និង​វៀតណាម ធ្លាប់​មាន​ប្រវត្តិ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ពី​របប​អាណានិគម។

លោក​អះអាង​ថា ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ជួយ​វៀតណាម ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ដែល​ឈាន​នាំ​ទៅ​ដល់​ការ​បង្រួបបង្រួម​ជាតិ និង​ការ​អភិវឌ្ឍ ហើយ​ថ្នាក់ដឹកនាំ និង​ប្រជាជន​វៀតណាម ក៏​ធ្លាប់​បាន​ជួយ​កម្ពុជា ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែរ។

ប្រភព​ដដែល​អះអាង​ថា នេះ​ជា​សច្ចភាព​នៃ​ប្រវត្តិសាស្ត្រ​ដែល​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ចងចាំ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ​តាមរយៈ​ការ​បកស្រាយ​ណា​មួយ​ដែល​ពុំ​មាន​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​ច្បាស់លាស់។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ទោះបី​រយៈពេល ៤៧​ឆ្នាំ​កន្លង​ទៅ ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​បំផុត​នៅ​កម្ពុជា ពោល​គឺ​ថ្ងៃទី​២០ ខែ​មិថុនា បាន​កំណត់​ជា​ទិវា​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្តួល​រលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​តែងតែ​ចងចាំ​ជានិច្ច ជា​ការ​គោរព​ដឹង​គុណូបការៈ​ដ៏​ធំធេង​របស់​លោក ហ៊ុន សែន ដែល​ជា​បិតា​ស្ថាបនិក​សន្តិភាព ជា​អគ្គមគ្គុទ្ទេសក៍​ដ៏​ឆ្នើម និង​ជា​ប្រតិបត្តិករ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ។

ប៉ុន្តែ​កាលពី​អំឡុង​ឆ្នាំ​១៩៨៥ ក្រោយ​កងទ័ព​វៀតណាម លើក​បន្តុប​លោក ហ៊ុន សែន ជា​មេដឹកនាំ​ខ្មែរ ត្រូវ​គេ​រក​ឃើញ​ថា កម្លាំង​ការពារ​ជាតិ​ដែល​ជា​បុរស​ខ្មែរ​ពេញ​វ័យ​ជាង ២​សែន​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ផែនការ «ក​៥» របស់​វៀតណាម ដែល​លោក ហ៊ុន សែន ទទួល​យក​ទៅ​អនុវត្ត​ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​អំណាច​ពី​កងទ័ព​វៀតណាម ឱ្យ​គាត់​ក្តោប​ក្តាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​លើកឡើង​កន្លង​មក​ថា កងទ័ព​កុម្មុយនីស្ត​របស់​វៀតណាម ដែល​គេ​ហៅថា​កងទ័ព​វៀតមិញ ដែល​បាន​មក​វាយ​លុកលុយ​ប្រទេស​កម្ពុជា​តាំងពី​ចុង​ទសវត្សរ៍​១៩៤០ មក ក្រោម​លេស​ថា ជួយ​ដេញ​អាណានិគម​និយម​បារាំង នោះ នៅតែ​មិន​ព្រម​ដក​កម្លាំង​ទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​ប្រទេស​កម្ពុជា​ឡើយ ទោះបី​ដណ្តើម​បាន​ឯករាជ្យ​ពី​បារាំង ក៏ដោយ។

លោក​អះអាង​ថា កងទ័ព​កុម្មុយនីស្ត​វៀតមិញ ទាំងនោះ បាន​យក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពេល​នោះ​គណបក្ស​នេះ​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ធ្វើ​ជា​ខែល​ដើម្បី​លួច​វាយប្រហារ​លើ​កងយោធពល​ខេមរភូមិន្ទ​របស់​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ នា​សម័យ​នោះ ពី​ក្រោយ​ខ្នង​ថែម​ទៀត។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ទាល់តែ​ក្រោយ​សន្និសីទ​អន្តរជាតិ​ទីក្រុង​ហ្សឺណែវ អំឡុង​ខែ​កក្កដា ឆ្នាំ​១៩៥៤ ទើប​កងទ័ព​កុម្មុយនីស្ត​វៀតមិញ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បង្ខំ​ឲ្យ​ដក​ខ្លួន​ចេញពី​ទឹកដី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​ខាងជើង​វិញ ដោយ​យក​ទៅ​ជាមួយ​នូវ​ថ្នាក់ដឹកនាំ​អាយ៉ង​នៃ​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​មាន​លោក សឺង ង៉ុក មិញ ហៅ អាចារ្យ មៀន ដែល​ជា​បិតា​ស្ថាបនិក​គណបក្ស​នេះ និង​ជា​ជន​ក្បត់​ជាតិ​ប្រឆាំង​ជាតិ សាសនា និង​ព្រះមហាក្សត្រ​ខ្មែរ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​អះអាង​ថា លោក ហ៊ុន សែន ពុំ​បាន​យក​ជីវិត​ទៅ​ប្តូរ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​នោះ​ទេ គឺ​តាម​ពិត លោក ហ៊ុន សែន រត់​ចោល​ស្រុក​ខ្មែរ​ទៅ​ស្រុក​វៀតណាម ដើម្បី​កុំ​ឱ្យ ប៉ុល ពត សម្លាប់​តែប៉ុណ្ណោះ ពីព្រោះ​នៅ​ពេល​ដែល​ទៅ​ដល់​ទីនោះ លោក ហ៊ុន សែន ក៏​ត្រូវ​បាន​វៀតណាម ចាប់​ដាក់​គុក​ដែរ។

លោក អ៊ុំ សំអាន អះអាង​ថា លោក ហ៊ុន សែន យក​ឈ្មោះ​ថា​មក​រំដោះ​កម្ពុជា តាម​ពិត​គឺ​ពួកគេ​មក​ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ។ ការ​ផ្តួល​រំលំ​ខ្មែរក្រហម វៀតណាម​គឺជា​អ្នក​បង្កើត​ខ្មែរក្រហម វៀតណាម​បាន​ដុត​ផ្ទះ​ខ្មែរ ហើយ​ឲ្យ​ខ្មែរ​អរគុណ​វៀតណាម​ថែម​ទៀត។ លោក​ថា បើ​គ្មាន​សហគមន៍​អន្តរជាតិ​ដាក់​គំនាប​ទេ ក៏​វៀតណាម​មិន​បាន​ដក​ទ័ព​ចេញពី​កម្ពុជា​នោះ​ដែរ។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​ពិនិត្យ​លើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម កន្លង​មក គឺ​មាន​តែ​វៀតណាម ទាញ​យក​ផល​ប្រយោជន៍​ពី​កម្ពុជា​តែប៉ុណ្ណោះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស