ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ការប្រកាសឱ្យមន្ត្រីរាជការប្រើប្រាស់កម្មវិធី CoolApp ពីសំណាក់លោក ហ៊ុន សែន ច្បាស់ជាមានមន្ត្រីរាជការប្រើតាមការបញ្ជារបស់គាត់ ប៉ុន្តែពួកគេមិនទុកចិត្តលើកម្មវិធីនេះថានឹងធានានូវឯកជនភាពរបស់ពួកគេនោះទេ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មិថុនា នេះថា កន្លងមកលោក ហ៊ុន សែន តែងប្រើចោរបច្ចេកវិទ្យាលួចព័ត៌មានពីមន្ត្រីបក្សប្រឆាំង បើទោះបីជាកម្មវិធីខ្លះដូចជាហ្វេសប៊ុក ជាដើម ដែលអាចធានាឯកជនភាពរបស់អ្នកប្រើប្រាស់បានត្រឹមត្រូវហើយក៏ដោយ ដែលបញ្ហានេះជាមូលហេតុបណ្តាលឱ្យមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋមិនទុកចិត្តក្នុងការប្រើប្រាស់កម្មវិធី CoolApp នេះ។
លោក ម៉ែន ណាត លើកឡើងថា ចំពោះប្រជាពលរដ្ឋដែលគ្រាន់តែប្រើក្នុងន័យទំនាក់ទំនងសាមញ្ញធម្មតា គាត់ប្រើកម្មវិធីនេះក៏បាន មិនប្រើក៏បាន ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលយល់ដឹងពីបច្ចេកវិទ្យា និងមានបំណងរក្សាឯកជនភាពរបស់គាត់ ពួកគេច្បាស់ជាមិនប្រើកម្មវិធីនេះទេ ព្រោះកម្មវិធីនេះគេដឹងយ៉ាងច្បាស់ថាលោក ហ៊ុន សែន គ្រប់គ្រងទាំងស្រុង ដូច្នេះអ្នកដែលប្រើប្រាស់កម្មវិធីនេះ នឹងគ្មានទេឯកជនភាពសម្រាប់គាត់។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា សម្រាប់ក្រុមគ្រួសារលោក ហ៊ុន សែន ទោះប្រកាសឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការប្រើប្រាស់កម្មវិធីអ្វីក៏ដោយ ក៏ពួកគេមិនទុកចិត្តដែរ ព្រោះលោក ហ៊ុន សែន បានធ្វើទង្វើខុសច្បាប់ជាច្រើន ដូចជា ការប្រើចោរបច្ចេកវិទ្យាលួចព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមនានាពីក្រុមប្រឆាំងកន្លងមក ដែលជាហេតុនាំឱ្យខូចកេរ្តិ៍ឈ្មោះកិត្តិយសវង្សត្រកូលរបស់គាត់ក្នុងឆាកនយោបាយខ្មែរអស់ទៅហើយ។
លោក ម៉ែន ណាត គូសបញ្ជាក់ថា សព្វថ្ងៃនេះអ្វីដែលនៅសល់ជាប់នឹងខ្លួនគាត់ដែលឱ្យអ្នកដទៃគោរព ឬធ្វើតាម គឺមានតែអំណាចមួយគត់ ក្រៅពីនេះដូចជា គុណធម៌ ជាដើម គ្មានក្នុងខ្លួនគាត់ទេ ដូច្នេះនៅពេលដែលគាត់អស់អំណាច គឺស្មើនឹងអស់អ្វីៗគ្រប់យ៉ាងសម្រាប់ខ្លួនគាត់ និងវង្សត្រកូលរបស់គាត់។
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកគាត់ដោយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ និងមន្ត្រីរាជការទាំងអស់ប្រើកម្មវិធី CoolApp លើទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតសម្រាប់ទំនាក់ទំនងផ្សេងៗក្នុងបំណងដើម្បីសន្តិសុខជាតិ ដែលបរទេសពិបាកនឹងជ្រៀតជ្រែកយកព័ត៌មានពីកម្ពុជា។
លោក ហ៊ុន សែន លើកឡើងថា កម្មវិធីនេះគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសកម្ពុជាក្នុងករណីបណ្ដាញទំនាក់ទំនងរបស់បរទេសជួបការរអាក់រអួលដោយប្រការណាមួយ ដូច្នេះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឲ្យមានកម្មវិធី CoolApp ដើម្បីធានាម្ចាស់ការលើការរក្សាការណ៍សម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផងដែរ។
មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បញ្ជាក់ថា កម្មវិធី CoolApp ប្រើប្រព័ន្ធរក្សាការណ៍សម្ងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់អ្នកប្រើប្រាស់បានទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ ខណៈរដ្ឋាភិបាលក៏មិនបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើពីមុនដែរ។
រដ្ឋាភិបាលប្រទេសកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គមផលិតនៅបរទេសជាច្រើនយ៉ាងតិចចំនួន ៥០ មានដូចជា កម្មវិធីហ្វេសប៊ុកនៅសហរដ្ឋអាមេរិក កម្មវិធី WeChat និង TikTok នៅប្រទេសចិន Zalo នៅវៀតណាម Kakao Talk នៅកូរ៉េខាងត្បូង Telegram នៅរុស្ស៊ី និងកម្មវិធីមួយចំនួនទៀតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កម្មវិធីខ្លះដែលប្រជាពលរដ្ឋខ្មែរកំពុងប្រើប្រាស់សព្វថ្ងៃនេះ ត្រូវគេសង្ស័យថាគ្មានសុវត្ថិភាពចំពោះព័ត៌មានផ្ទាល់ខ្លួនឡើយ។ ជាក់ស្តែង កន្លងមក លោក ហ៊ុន សែន បានទម្លាយសំឡេងមន្ត្រីបក្សប្រឆាំងដែលបានសន្ទនាគ្នាតាមបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ដែលទង្វើនេះបានបង្ហាញថា រាល់ព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋម្នាក់ៗមិនអាចធានាបាននូវការណ៍សម្ងាត់បានឡើយ។
បន្ទាប់ពីការប្រកាសរបស់លោក ហ៊ុន សែន ឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការប្រើប្រាស់កម្មវិធី CoolApp នេះ ស្រាប់តែសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលបក្សកាន់អំណាច បានផ្សព្វផ្សាយពីការបំផុសឱ្យមានការប្រើប្រាស់កម្មវិធីនេះព្រោងព្រាត ដោយចុះផ្សាយពីការប្រើប្រាស់របស់បុគ្គលដែលល្បីល្បាញក្នុងសង្គមមួយចំនួន ដូចជាតារាចម្រៀង ជាដើម ខណៈព្រះសង្ឃនៅតាមវត្តអារាម ក៏ត្រូវគេផ្សព្វផ្សាយថាបានប្រើប្រាស់កម្មវិធីនេះដែរ។
លោក លឹម ជាវុត្ថា ជានាយកសារព័ត៌មានបម្រើគោលនយោបាយរាជរដ្ឋាភិបាល ហើយជាស្ថាបនិក CoolApp សង្ឃឹមថាកម្មវិធីថ្មីនេះនឹងមានអតិថិជនយ៉ាងតិច ១សែននាក់ដំបូងផ្តើមចូលប្រើប្រាស់។
ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ប្រកាសឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលរបស់លោក ប្រើប្រាស់កម្មវិធីនេះនៅឡើយ ប៉ុន្តែលោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា និងជាបុគ្គលមានអំណាចកំពូលក្នុងគណបក្សប្រជាជនកម្ពុជា បានប្រកាសឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីនេះទៅវិញ។
ទាក់ទិននឹងបញ្ហានេះ ប្រធានវិទ្យាស្ថានលទ្ធិប្រជាធិបតេយ្យ បណ្ឌិត ប៉ា ចន្ទរឿន សរសេរលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ មិថុនា នេះថា លក្ខណៈ ៤យ៉ាងនៃបច្ចេកវិទ្យាដែលទទួលបានចំណាប់អារម្មណ៍ និងការជឿជាក់ពីអ្នកប្រើប្រាស់ ស្ថិតក្នុងលក្ខខណ្ឌដូចជា ភាពសាមញ្ញងាយប្រើប្រាស់ ដំណើរការរលូនមិនរអាក់រអួល គោរពសិទ្ធិ និងសេរីភាពរបស់អ្នកប្រើប្រាស់ ជាពិសេសឯកជនភាព និងធានាសុវត្ថិភាព និងសន្តិសុខដល់អ្នកប្រើប្រាស់ផងដែរ៕