លោក ជូង ជូងី ដែលគេស្គាល់ថាជាមេធាវីហ៊ានចេញមុខការពារក្តីឲ្យជនរងគ្រោះក្នុងទំនាស់ដីធ្លី និងមន្ត្រីបក្សប្រឆាំងនៅកម្ពុជា ប្រកាសចូលរួមនយោបាយជាមួយគណបក្សកម្លាំងជាតិ ដើម្បីស្វែងរកការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។
លោក ជូង ជូងី បានចេញលិខិតមួយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយស្នើសុំចូលជាសមាជិកគណបក្សកម្លាំងជាតិ ក្រោមហេតុផលថា គណបក្សកម្លាំងជាតិ មានជំហរនយោបាយរឹងមាំ ច្បាស់លាស់ ដែលជាសក្ដានុពលដ៏ចម្បងមួយក្នុងការតស៊ូនយោបាយដើម្បីសេរីភាព និងប្រជាធិបតេយ្យ។
លោក ជូង ជូងី បញ្ជាក់ថា គណបក្សកម្លាំងជាតិ ជាគណបក្សមានឆន្ទៈខ្ពស់ មានមនសិការជាតិពិតប្រាកដ ហ៊ានប្រឈមក្នុងការតស៊ូនយោបាយដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន និងមានទឹកចិត្តស្រឡាញ់យុត្តិធម៌ពិតៗ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលរដ្ឋ ព្រមទាំងហ៊ានចេញមុខការពារផលប្រយោជន៍ជនរងគ្រោះដើម្បីយុត្តិធម៌សង្គមផងដែរ។
លោក ជូង ជូងី បានដាក់លិខិតលាឈប់ពីសមាជិកគណបក្សភ្លើងទៀន កាលពីចុងខែមិថុនា ឆ្នាំ២០២៤ ដោយលើកហេតុផលថា លោកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមសកម្មភាពរបស់គណបក្សបន្តទៀត។
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិ បានចេញលិខិតមួយដោយសម្រេចទទួលយកលោក ជូង ជូងី ជាសមាជិករបស់ខ្លួនចាប់ពីពេលនេះតទៅ។ គណបក្សកម្លាំងជាតិ បើកចំហទទួលស្វាគមន៍ឥស្សរជននយោបាយប្រជាធិបតេយ្យដែលមកពីគណបក្សភ្លើងទៀន ដែលក្លាហាន ស្មោះត្រង់ ហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបន្តឧត្តមគតិ និងស្មារតីដើមក្នុងការតស៊ូនយោបាយតាមបែបប្រជាធិបតេយ្យបន្តទៀត។
ចាប់តាំងពីគណបក្សភ្លើងទៀន ត្រូវបានហាមឃាត់សកម្មភាពនយោបាយមិនឱ្យចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ក្នុងឆ្នាំ២០២៣ មក សមាជិក សកម្មជន និងមន្ត្រីជាន់ខ្ពស់របស់បក្សនេះ ដូចជា លោក រ៉ុង ឈុន ជាដើម បាននាំគ្នាប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិជាបន្តបន្ទាប់។
សកម្មជននៅមូលដ្ឋានជាច្រើនរបស់គណបក្សកម្លាំងជាតិជាច្រើន បានប្រាប់សារព័ត៌មាន The Cambodia Daily ថា មានតែការរួបរួមសកម្មជន សមាជិក និងមន្ត្រីគណបក្សភ្លើងទៀន និងកម្លាំងគណបក្សកម្លាំងជាតិ ប៉ុណ្ណោះ ទើបអាចរួបរួមកម្លាំងអ្នកប្រជាធិបតេយ្យបាន។ ជាងនេះទៀត បើមានការរួបរួមជាមួយគណបក្សដទៃទៀតនោះ គឺកាន់តែអាចបញ្ជាក់ថា កម្លាំងប្រជាធិបតេយ្យនៅរឹងមាំ មិនរលំរលាយតាមការចង់បានរបស់បក្សកាន់អំណាចឡើយ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិ បានប្រារព្ធពិធីសមាជលើកដំបូងរបស់ខ្លួនដើម្បីជ្រើសរើសក្បាលម៉ាស៊ីន និងលក្ខខណ្ឌផ្សេងៗរបស់គណបក្ស ក្រោយលេចចេញរូបរាងជាផ្លូវការតាមការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕