30 C
Phnom Penh

ម្ដាយមីង​នាយករដ្ឋមន្ត្រី​ប្រកាស​ឈប់​រិះគន់​មន្ត្រី​ពុករលួយ​ដើម្បី​កុំ​ឱ្យ​ក្មួយប្រុស​មិន​សប្បាយ​ចិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​គ ធ្វើ​ថ្លង់ ឈប់​រិះគន់​មន្ត្រី​ពុករលួយ​តាម​សំណើ​ពលរដ្ឋ​រងគ្រោះ​តទៅ​ទៀត ដើម្បី​កុំ​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន មិន​សប្បាយ​ចិត្ត។

ម្តាយមីង​បង្កើត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​លើក​ឡើង​ក្នុង​វីដេអូ​មួយ​កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា អ្នកស្រី​សន្យា​ថា​នឹង​ដាំ​ដើមគ​ក្នុង​ចិត្ត ដែល​ទំនង​ជា​អ្នកស្រី​ចង់​មាន​ន័យ​ថា អ្នកស្រី​សុំ​លែង​ដឹង​លែង​ឮ​នូវ​អំពើ​អាក្រក់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់​ទៀត​ហើយ។

អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា ការ​និយាយ​រិះគន់​មន្ត្រី​ពុករលួយ និង​ភាព​អសកម្ម​របស់​ពួកគេ​កន្លង​មក បាន​ធ្វើ​ឱ្យ​អ្នកស្រី​រង​នូវ​ការ​ជេរប្រមាថ​ពី​មន្ត្រី​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​ចាប់ពី​ថ្ងៃ​នេះ​ទៅ អ្នកស្រី​នឹង​លែង​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ​រងគ្រោះ​បន្ត​ដែរ ទោះ​មន្ត្រី​ទាំងនោះ​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​ណា​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អ្នកស្រី ហ៊ុន ស៊ីណាត បាន​រិះគន់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​កាលពី​ពេល​ថ្មីៗ​នេះ​ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ប៉ុន្តែ​ដោយសារតែ​រឿង​នេះ អ្នកស្រី​ក៏​រង​នូវ​ការ​ស្ដីបន្ទោស​ពី​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន ដែរ។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៩ កក្កដា នេះ​ថា ពួកគេ​មិន​ដឹង​ថា​តើ​អ្នកស្រី ហ៊ុន ស៊ីណាត រង​ការ​ស្ដីបន្ទោស​ពី​លោក ហ៊ុន សែន ឬ​លោក ហ៊ុន ម៉ាណែត នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​ខ្សឹបខ្សៀវ​តៗ​គ្នា​ក្នុង​ជួរ​គណបក្ស បាន​ឱ្យ​ដឹង​ថា មន្ត្រី​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​អ្នកស្រី ហ៊ុន ស៊ីណាត ឱ្យ​ឈប់​និយាយ​រិះគន់​បន្ត​ទៀត ព្រោះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល។

ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​ជំនិត​រូប​នោះ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ទៅ​កាន់​អ្នកស្រី ហ៊ុន ស៊ីណាត ថា សូម​កុំ​ធ្វើ​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន មិន​សប្បាយ​ចិត្ត​នឹង​ការ​និយាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អ្នកស្រី​បន្ត​ទៀត​អី។

កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៤ អ្នកស្រី ហ៊ុន ស៊ីណាត បាន​រិះគន់​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​អ្វីៗ​គ្រប់​យ៉ាង រហូត​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា​ថែម​ទៀត។

ការ​អះអាង​របស់​អ្នកស្រី ហ៊ុន ស៊ីណាត បែប​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ត្អូញត្អែរ​របស់​មន្ត្រី​ក្នុង​ក្រសួង​ទេសចរណ៍​មួយ​ចំនួន​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ ដែល​ពួកគេ​បាន​នាំគ្នា​ស្នើ​ឲ្យ​ដក​ដំណែង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ គឺ​លោក សុខ សូកេន ដោយសារ​រដ្ឋមន្ត្រី​រូប​នេះ មួយ​ថ្ងៃ​គិត​តែ​ពី​រឿង​ហុងស៊ុយ​និង​មាន​ភាព​អសកម្ម​ក្នុង​កិច្ចការ​ច្រើន។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា របៀប​របប​ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ដឹកនាំ​តាមរយៈ​សែស្រឡាយ បក្ខពួក ចាប់តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ឱ្យ​តែ​ពួកគេ​យល់ព្រម​ស្មោះស្ម័គ្រ​បម្រើ​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន។

ប្រភព​ដដែល​ថា ក្នុង​ចំណោម​សែស្រឡាយ​បក្ខពួក​ទាំងនោះ​មិនមែន​ត្រូវ​គ្នា​ទាំងអស់​ទេ គឺ​មាន​ការ​បែងចែក​ជា​ក្រុម ជា​ចង្កោម​តូច ចង្កោម​ធំ​ដែរ ខណៈ​អ្នក​មាន​អំណាច​ខ្លាំង​ជិះជាន់​អ្នក​មាន​អំណាច​តិច ហើយ​អ្នក​មាន​អំណាច​តិច ជិះជាន់​អ្នក​អត់​មាន​អំណាច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស