អ្នកឃ្លាំមើលបញ្ហាសង្គម ស្នើឲ្យគ្រប់រដ្ឋបាលខេត្តទាំងអស់ គួរយកតម្រាប់តាមអភិបាលថ្មីខេត្តតាកែវ ដែលបានប្រកាសទម្លាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចោលទាំងអស់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ស្របពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចេញវិធានការដើម្បីឈានទៅបិទបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈនៅទូទាំងប្រទេស។
លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ បានថ្លែងថា គ្រប់រដ្ឋបាលខេត្តទាំងអស់គួរយកតម្រាប់តាមអភិបាលថ្មីខេត្តតាកែវ លោក វ៉ី សំណាង ដែលបានប្រកាសទម្លាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចោលទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
ប្រភពដដែលបានអះអាងថា ជាការកត់សម្គាល់ ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ និងតាមបណ្ដាញសង្គមហាក់នៅតែមានភាពគគ្រឹកគគ្រេង និងមានកំណើនខ្លាំងនាពេលសព្វថ្ងៃនេះ។ លោកថា លោកសាទរចំពោះការសើរើឯកសារដែលព្រមព្រៀងឱ្យផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ។
ថ្លែងនៅក្នុងឱកាសប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែកក្កដា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា គ្រប់រដ្ឋបាលខេត្តពិនិត្យសើរើមើលឡើងវិញនូវរាល់ឯកសារដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹង។
ប្រភពដដែលអះអាងថា ពិនិត្យសើរើឡើងវិញនូវរាល់ឯកសារដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងនេះ នឹងអាចឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងតាមទីសាធារណៈដ៏ហួសហេតុនៅកម្ពុជា។
លោក ស សុខា អះអាងថា មិនមែនជាការយកមុខយកមាត់ចង់បានការកោតសរសើរពីពលរដ្ឋ និងពីសង្គមស៊ីវិលទេ តែដើម្បីកាត់បន្ថយការអូសទាញពលរដ្ឋឱ្យទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុ។ លោកថា ការទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុ បង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍។
កាលពីសប្តាហ៍មុន ក្រសួងចំនួន៣ គឺក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល បានជួបប្រជុំគ្នាលើកទី១ ជុំវិញការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដោយហាមមិនឱ្យផ្សព្វផ្សាយផ្ដោតលើអនីតិជន ឬយកអនីតិជនទៅផ្សព្វផ្សាយ។
គ្រប់ស្ថានីយទូរទស្សន៍វិទ្យុទាំងអស់ មិនត្រូវផ្សព្វផ្សាយគ្រឿងស្រវឹងនៅចន្លោះម៉ោង ៦ល្ងាចដល់ម៉ោង ៨យប់។ ចំណែកការផ្សព្វផ្សាយផ្ទាំងប៉ាណូទាំងអស់ ត្រូវតែស្ថិតនៅចម្ងាយយ៉ាងតិច ២០០ម៉ែត្រពីគ្រឹះស្ថានសិក្សា ពេទ្យ វត្តអារាម រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ជាដើម។
កាលពីដើមខែកុម្ភៈ កន្លងមក ក្រុមហ៊ុនផលិតស្រាបៀរចំនួន២០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយសម្រេចអនុវត្តនូវសកម្មភាពចំនួន៣ រួមមាន ការទទួលខុសត្រូវលើផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការដោះស្រាយបញ្ហាអាយុទទួលទានគ្រឿងស្រវឹង និងការគាំទ្រគំនិតផ្ដួចផ្ដើមស្ដីពីសុវត្ថិភាពចរាចរណ៍ក្នុងការកាត់បន្ថយឧបទ្ទវហេតុបង្កដោយឥទ្ធិពលនៃគ្រឿងស្រវឹង។
ក្រុមហ៊ុនផលិតស្រាបៀរបញ្ជាក់ថា ពួកគេនឹងបង្កើតក្រមប្រតិបត្តិធ្វើទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មដោយទំនួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងពីបណ្តាក្រុមហ៊ុនហត្ថលេខីទាំងអស់ ក្នុងនោះ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម មិនត្រូវលើកទឹកចិត្ត ឬអូសទាញអ្នកប្រើប្រាស់ឱ្យពិសាលើសកម្រិតទេ។
តាមការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនជប៉ុនឈ្មោះ Kirin បានឲ្យដឹងថា ក្នុងមួយឆ្នាំ ពលរដ្ឋកម្ពុជាម្នាក់ជាមធ្យមផឹកស្រាបៀរអស់ប្រមាណ ៧២លីត្រ ហើយបើគិតជាលុយសរុប ពលរដ្ឋកម្ពុជាត្រូវចំណាយប្រាក់តែទៅលើស្រាបៀរប្រមាណ ២,៣ពាន់លានដុល្លារក្នុងមួយឆ្នាំ៕