25 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឈម​នឹង​ការ​រំលាយ​តាម​ផ្លូវ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT បាន​អះអាង​ថា ការ​ប្រកាស​តាម​កម្ទេច​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ពី​សំណាក់​លោក ហ៊ុន សែន ដែល​គ្មាន​តំណែង​ជា​នាយករដ្ឋមន្ត្រី គឺជា​ទង្វើ​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ប្រឈម​នឹង​ការ​រំលាយ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ឬ​ហៅថា Cambodia Advocacy Team ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១១ កក្កដា នេះ​ថា សម្ដី​របស់​លោក ហ៊ុន សែន ដែល​បាន​លើកឡើង​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ប្រើ​ពាក្យ​ថា «ត្រូវតែ​កម្ចាត់​ចោល​ភ្លាម រំសាយ​ចោល​ភ្លាម» គឺជា​ពាក្យ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​រំលោភ​លើ​ក្រមព្រហ្មទណ្ឌ​ជា​ធរមាន​របស់​ប្រទេស​កម្ពុជា។

ចំណែក​ពាក្យ​ថា “ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​វិសោធនកម្ម​ច្បាប់” គឺជា​ការ​បង្ហាញ​ផង​ដែរ​ថា ទង្វើ​របស់​លោក ហ៊ុន សែន មិន​ស្រប​នឹង​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​នយោបាយ​ថែម​ទៀត ព្រោះ​ថា​តួនាទី​ក្នុង​ការ​អនុវត្ត​នីតិវិធី​ច្បាប់ គឺជា​តួនាទី​របស់​តំណាង​អយ្យការ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​យុត្តិធម៌​ប៉ុណ្ណោះ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ឋានៈ​លោក ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​នយោបាយ គាត់​គ្មាន​សិទ្ធិ​ស្រប​ច្បាប់​ត្រូវ​អនុវត្ត​អំណាច​នីតិប្រតិបត្តិ​ជំនួស​នាយករដ្ឋមន្ត្រី​ក្នុង​ការ​ដាក់​បទបញ្ជា ឬ​ស្នើ​ឱ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​តាម​កម្ទេច​ក្រុម​ណា​មួយ ឬ​ចាប់​ខ្លួន​បុគ្គល​ណា​ម្នាក់​ឡើយ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លើកឡើង​ថា លោក ហ៊ុន សែន មិនមែន​ជា​អគ្គមេបញ្ជាការ​ដូច​ពេល​ដែល​គាត់​នៅ​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ដូច្នេះ​ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ពេលនេះ គាត់​គ្មាន​តួនាទី​បកស្រាយ​ច្បាប់ ឬ​អនុវត្ត​ច្បាប់​អ្វី​ទាំងអស់ ខណៈ​តួនាទី​ជា​ប្រធាន​គណបក្ស​នយោបាយ គឺ​រឹតតែ​គ្មាន​សិទ្ធិ​ថែម​ទៀត។

ក្រុម​នេះ​បញ្ជាក់​ថា ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ទាំងអស់​នេះ គឺជា​បទល្មើស​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ និង​ជា​បទល្មើស​ដែល​ចែង​ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​ក៏​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ប្តឹង​រំលាយ​គណបក្ស​ប្រជាជន​កម្ពុជា ចេញពី​បញ្ជី​ក្រសួង​មហាផ្ទៃ ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទៅ​ថ្ងៃ​ក្រោយ​ដែរ។

ក្នុង​ពិធី​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ដទៃ​ទៀត​ដើម្បី​កម្ទេច​បក្ស​នយោបាយ​ណា​ដែល​ធ្វើ​ជា​ដៃ​ជើង ឬ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​រៀបចំ​បង្កើត​នៅ​ក្រៅ​ប្រទេស។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ពិធី​រំលឹក​ខួប​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ពិធី​របស់​គណបក្ស​នយោបាយ​ប៉ុណ្ណោះ មិនមែន​ជា​ពិធី​បុណ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក៏​ធ្វើ​ឡើង​ក្នុង​នាម​ជា​ប្រធាន​បក្ស​នយោបាយ​មួយ​ដែរ។

ក្នុង​ច្បាប់​ស្ដីពី តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​ព្រឹទ្ធសភា កំណត់​ថា ព្រឹទ្ធសភា​ពុំ​មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត សើរើ និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត ប៉ុន្តែ​ព្រឹទ្ធសភា​មាន​តួនាទី​ត្រឹមតែ​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់ ឬ​សេចក្តី​ស្នើ​ច្បាប់ ឬ​បញ្ហា​ទាំងពួង​ដែល​រដ្ឋសភា​បាន​អនុម័ត​បញ្ជូន​មក​ខ្លួន​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស