29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​បង្កើត​វិទ្យាស្ថាន​រដ្ឋ​រក្សា​ទុក​ឯកសារ​ស្ដីពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​បង្កើត​វិទ្យាស្ថាន​រដ្ឋ​សម្រាប់​រក្សា​កេរដំណែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា សម្រាប់​ចងក្រង​ឯកសារ និង​ធ្វើ​ជា​មណ្ឌល​ស្រាវជ្រាវ​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

លោក ហ៊ុន ម៉ាណែត លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខងារ​សេសសល់​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ហៅ​កាត់​ថា អ.វ.ត.ក. នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា លោក ហ៊ុន សែន បាន​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​បាន​នាំ​មក​នូវ​សុខ​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ។

ប្រភព​ដដែល​ថា តាមរយៈ​នយោបាយ​នេះ ធ្វើ​ឱ្យ​លោក ហ៊ុន សែន ប្ដេជ្ញា​ចិត្ត​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​អាច​កាត់ក្តី​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម និង​បាន​លុប​បំបាត់​ការ​រើសអើង​ខាង​ជាតិ​សាសន៍ ខាង​សាសនា ព្រមទាំង​បាន​ផ្ដល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​នូវ​ភាព​សុខដុមរមនា​ក្នុង​សង្គម​ជាមួយ​គ្នា​ថែម​ទៀត។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នេះ បាន​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ការ​ផ្សះផ្សា​សង្គម​ដែល​បែកបាក់ ការ​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព និង​ជា​ការ​ផ្តល់​សារ​មួយ​សម្រាប់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក​អំពី​ផលវិបាក​នៃ​ការ​ប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នង​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ដែល​លោក ហ៊ុន ម៉ាណែត សរសើរ​ឪពុក​របស់​លោក​ថា​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប ប៉ុល ពត ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ក៏​គួរ​បញ្ជាក់​ដែរ​ថា ឪពុក​របស់​គាត់​គឺជា​កម្មាភិបាល​ខ្មែរក្រហម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង ១​លាន​នាក់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​នោះ។

លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន និង​សហការី​ផ្សេង​ទៀត​គ្រាន់តែ​ជា​ឧបករណ៍​ក្នុង​ការ​នាំ​កងទ័ព​វៀតណាម ប្រមាណ ២០​ម៉ឺន​នាក់ ឱ្យ​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ចុង​ឆ្នាំ​១៩៧៨ ប៉ុណ្ណោះ មិន​មែន​រំដោះ​កម្ពុជា​ទេ។

លោក​ថា ដូច្នេះ​ហើយ​បាន​ជា​ក្រោយ​កងទ័ព​វៀតណាម ឈ្លានពាន​កម្ពុជា​ដោយ​ជោគជ័យ នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ វៀតណាម​បាន​លើក​បន្តុប​សមមិត្ត ហ៊ុន សែន ឲ្យ​ដឹកនាំ​កម្ពុជា​នោះ។

បន្ថែម​ពី​នេះ ក្រោយ​វៀតណាម លើក​បន្តុប​ជា​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន បាន​អនុវត្ត​ផែនការ «ក៥» សម្លាប់​បុរស​ខ្មែរ​ពេញ​កម្លាំង​ជាង ២០​ម៉ឺន​នាក់ ដើម្បី​បំផ្លាញ​កម្លាំង​កសាង​សេដ្ឋកិច្ច​កម្ពុជា និង​បំផ្លាញ​កម្លាំង​ការពារ​ជាតិ​ខ្មែរ រួម​ទាំង​កាប់​ឈើ និង​ប្រមូល​ទ្រព្យសម្បត្តិ​ខ្មែរ​ដឹក​ទៅ​វៀតណាម ឱ្យ​វិនាស​ហិនហោច​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស