29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កម្ពុជា​នឹង​ប្រឈម​ជំងឺ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ច្រើន​ថែម​ទៀត បើ​មិន​កាត់​សាច់​ស្អុយ​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ អះអាង​ថា កម្ពុជា​នឹង​ប្រឈម​បញ្ហា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុវត្ត​ច្បាប់​កាត់​សាច់​ស្អុយ​ចោល​តាមរយៈ​ការ​វិនិយោគ​បោកប្រាស់​របស់​ពួកគេ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ កក្កដា នេះ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា​លក់​ដី និង​ផ្ទះ​ខ្យល់​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​ថ្នាក់​ដឹកនាំ​កំពូលៗ កំពុង​ធ្វើ​ឲ្យ​ស្អុយ​ឈ្មោះ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ និង​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ព្រោះ​ថា​ការ​បោកប្រាស់​របស់​ពួកគេ​សព្វថ្ងៃ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​បរទេស ខ្លាច​ការ​បណ្ដាក់ទុន​នៅ​កម្ពុជា​យ៉ាង​ខ្លាំង។

ប្រភព​ដដែល​ថា​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តង​ទៀត​ពី​ក្រុមហ៊ុន​ឧកញ៉ា ដែល​គេ​មើល​ឃើញ​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល គឺជា​កត្តា​ដ៏​ចម្បង​នាំ​ទៅ​ដល់​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ទាំងមូល ព្រោះតែ​ប្រជាពលរដ្ឋ​លែង​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​បន្ត​ទៀត។

លោក សេក សុជាតិ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ចាត់​វិធានការ​ច្បាប់​លើ​ក្រុមហ៊ុន​ដែល​តែងតែ​លក់​ដី​និង​ផ្ទះ​ខ្យល់ ព្រោះ​កន្លង​មក ក្រុមហ៊ុន​មួយ​ចំនួន​តែង​បង្ហាញ​ពី​ការ​ផ្សារភ្ជាប់​ខ្លួន​ទៅ​នឹង​ថ្នាក់ដឹកនាំ​របស់​ប្រទេស ស្រប​ពេល​ដែល​ពួកគេ​ក៏​បាន​យក​រូបភាព​នៃ​ទំនាក់ទំនង​នេះ​ទៅ​ធ្វើការ​បោកប្រាស់​ប្រជាពលរដ្ឋ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចោទ​ថា​រដ្ឋាភិបាល​នៅ​ពីក្រោយ​អំពើ​បោកប្រាស់​ទាំងនោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​វះកាត់​សាច់​ស្អុយ​មិនមែន​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទន់ខ្សោយ​ទេ ប៉ុន្តែ​ជា​ចំណុច​ខ្លាំង​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​មាន​សុខភាព​ល្អ​ទៅវិញ ព្រោះ​ថា​ការ​ដឹកនាំ​ប្រទេស​មួយ​រីកចម្រើន គេ​មិន​អាច​ពឹង​ទៅ​លើ​រដ្ឋាភិបាល​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​នោះ​ទេ ដូច្នេះ​បើ​ចង់​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ​២០៥០ ការ​អនុវត្ត​នីតិរដ្ឋ​ដើម្បី​កាត់​សាច់​ស្អុយ គឺ​ជា​គោលការណ៍​ដែល​ត្រូវតែ​អនុវត្ត​ដែល​មិន​អាច​ខ្វះ​បាន។

កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ លីហ្សា ដែល​មាន​ឈ្មោះ​ពិត​ថា ដួង ម៉ាលី បាន​និយាយ​ក្នុង​វីដេអូ​ឡាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា បន្ទាប់ពី​ខ្លួន​បាន​រិះគន់ និង​តវ៉ា​ទាមទារ រួម​ទាំង​មហាជន​ជួយ​រិះគន់​ទៅ​លើ​ក្រុមហ៊ុន​អចលនទ្រព្យ ឡេង ណាវ៉ាត្រា យ៉ាង​ចាស់ដៃ ទើប​ភាគី​ខាង​ក្រុមហ៊ុន​ទាក់ទង​មក​ខ្លួន​ដើម្បី​ចរចា​ផ្តល់​ដំណោះស្រាយ។

ប្រភព​ដដែល​ថា នៅ​ពេលនេះ​ខាង​ក្រុមហ៊ុន​បាន​សន្យា​ផ្តល់​ដំណោះស្រាយ​ឱ្យ​ខ្លួន​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ផ្ទះ​នោះ​នៅ​ទីតាំង​ណា​ទេ ហើយ​ក៏​មិន​ដឹង​ថា​ពេល​ណា​ត្រូវ​ប្រគល់​ផ្ទះ​នោះ​ឱ្យ​មក​ខ្លួន​ដែរ ហើយ​ផ្ទះ​ដែល​ភាគី​ក្រុមហ៊ុន​ដោះដូរ​ឱ្យ​ខ្លួន គឺជា​ផ្ទះ​ដែល​មាន​ត្រឹមតែ​គ្រោង​ឆ្អឹង​ប៉ុណ្ណោះ។

អតិថិជន​រងគ្រោះ​រូប​នេះ​ថា​ខ្លួន​បាន​ទិញ​ផ្ទះ​វីឡា​ឃ្វីន​ដែល​ជា​ប្រភេទ​វីឡា​ឯកជន​ដាច់ដោយឡែក​ក្នុង​ទំហំ​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ​អាមេរិក តាំងពី​ឆ្នាំ​២០២២ មក ក្នុង​គម្រោង ៦A ពី​ក្រុមហ៊ុន​អចលនទ្រព្យ ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដែល​បាន​បង់​លុយ​ផ្តាច់​តាំងពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ មក​ម្ល៉េះ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់ពី​បង់​លុយ​ដាច់ ដំបូងៗ​ខ្លួន​តែងតែ​ទាក់ទង​សួរនាំ​ពី​ការ​សាងសង់​ផ្ទះ​របស់​ខ្លួន​រហូត ប៉ុន្តែ​ខាង​ក្រុមហ៊ុន​តែង​កុហក​ថា កំពុង​ចាក់​ដី ប៉ុន្តែ​នៅ​ពេល​ដែល​ទៅ​មើល​ទីតាំង​ជាក់ស្តែង ក្រុមហ៊ុន​មិន​ទាន់​បាន​ចាក់​ដី​សូម្បី​តែ​មួយ​ឡាន​នៅឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ធ្លាប់​បាន​អំពាវនាវ​ឱ្យ​តុលាការ​រឹបអូស​ទ្រព្យសម្បត្តិ​ឧកញ៉ា ឡេង ណាវ៉ាត្រា លក់​ឡាយឡុង​យក​លុយ​ទៅ​សង​អតិថិជន ឬ​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ​ដាក់​គុក​តែម្តង ដោយសារតែ​លក់​ផ្ទះ​ខ្យល់​ឱ្យ​អតិថិជន ខណៈ​អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​ដី និង​ផ្ទះ​របស់​ក្រុមហ៊ុន​នេះ ស្ទើរតែ​ទាំងអស់​សុទ្ធតែ​យក​លុយ​ពី​ធនាគារ​មក​ទិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស