នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត ព្រមានទុកពេល ៣០ថ្ងៃឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចំនួនបី រៀបចំផ្គុំទម្រង់បែបបទបញ្ចូលគ្នាតែមួយ ដូចជាខាងសុខាភិបាល អន្តោប្រវេសន៍ និងគយ លើប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរក្នុងវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះថា នៅពេលនេះ កម្ពុជាត្រូវអនុវត្តតាមប្រព័ន្ធអនឡាញម្តង ហើយលោកបានទុកពេល ១ខែឱ្យខាងសុខាភិបាល អន្តោប្រវេសន៍ និងគយ បញ្ចូលសំណុំបែបបទជាទម្រង់តែមួយ ដើម្បីដាក់ឱ្យភ្ញៀវបំពេញតាមប្រព័ន្ធអ៊ីនធឺណិតតែម្តង។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា លោកបានដាក់គោលដៅជាច្រើន ដូចជា រៀបចំប្រព័ន្ធ E-Arrival របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ ព្រោះកន្លងមកពេលភ្ញៀវមកដល់ ត្រូវបំពេញឯកសារលើក្រដាសបន្តកន្ទុយគ្នា ដូចជា បំពេញឯកសារគយ បំពេញឯកសារសុខាភិបាល និងបំពេញឯកសារអន្តោប្រវេសន៍ផងដែរ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំណែកការបង់លុយថ្លៃវីសា (Visa) ត្រូវបានអនុញ្ញាតឱ្យបង់តាមប្រព័ន្ធអនឡាញ មិនចាំបាច់ឱ្យភ្ញៀវត្រូវតម្រង់ជួរបង់លុយទៀតទេ ព្រោះការធ្វើបែបនេះ គឺដើម្បីសម្រួលដល់ការធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរនៅតាមព្រលានយន្តហោះឱ្យកាន់តែល្អប្រសើរជាងមុន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ពីសេវាទេសចរណ៍របស់កម្ពុជា ដែលបង្កភាពស្មុគស្មាញសម្រាប់ភ្ញៀវពីសំណាក់មន្ត្រីរដ្ឋាភិបាលដែលបំពេញការងារនៅក្នុងព្រលានយន្តហោះនាពេលកន្លងមក។
មន្ត្រីប្រចាំការនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ម្នាក់ ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៨ កក្កដា នេះថា ការសម្រេចរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ក្នុងការសម្រួលលើការបំពេញសំណុំបែបបទសម្រាប់ភ្ញៀវ គឺជារឿងល្អហើយ ប៉ុន្តែរដ្ឋាភិបាលត្រូវបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួនឱ្យមានក្រមសីលធម៌ជាងពេលបច្ចុប្បន្ននេះថែមទៀត។
ប្រភពដដែលលើកឡើងថា សម្រាប់ភ្ញៀវបរទេសមុននឹងឡើងយន្តហោះ ត្រូវឆ្លងកាត់មន្ត្រីរដ្ឋាភិបាលដែលធ្វើការក្នុងព្រលានយន្តហោះ ៤ដំណាក់កាល គឺកន្លែងត្រួតពិនិត្យមុនចូលព្រលាន ឬ Check in កន្លែងចត្តាឡីស័ក ឬសុខាភិបាល កន្លែងអន្តោប្រវេសន៍ និងកន្លែងត្រួតពិនិត្យមុននឹងឡើងលើយន្តហោះ។
ប៉ុន្តែមុននឹងភ្ញៀវចាកចេញពីព្រលាន ក៏ត្រូវឆ្លងកាត់មន្ត្រីរដ្ឋាភិបាល ៤ដំណាក់កាលទៀតដែរ គឺកន្លែងចត្តាឡីស័ក ឬសុខាភិបាល បើមិនមានវីសា គឺត្រូវទៅកន្លែងបំពេញបែបបទវីសា កន្លែងអន្តោប្រវេសន៍ និងកន្លែងគយ។
មន្ត្រីរូបនេះបញ្ជាក់ថា រាល់ពេលដែលភ្ញៀវឆ្លងកាត់កន្លែងទាំងនេះ គឺមានកន្លែងខ្លះជាកន្លែងដែលមន្ត្រីរដ្ឋាភិបាលត្រូវត្រួតពិនិត្យ ប៉ុន្តែភ្ញៀវតែងសម្ដែងអាការៈមិនពេញចិត្តនឹងអត្តចរិត និងឥរិយាបថរបស់មន្ត្រីទាំងនោះ ព្រោះទាំងអាកប្បកិរិយា និងពាក្យសម្ដីរបស់ពួកគេ តែងតែនិយាយទាំងគំរោះគំរើយទៅកាន់ភ្ញៀវ។
ជុំវិញបញ្ហានេះ មន្ត្រីប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញម្នាក់ធ្លាប់ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា ការបាត់បង់ភ្ញៀវទេសចរមិនមែនដោយសារព្រលានយន្តហោះទេ ប៉ុន្តែមូលហេតុ គឺបណ្តាលមកពីមន្ត្រីខាងវិស័យទេសចរណ៍គ្មានសមត្ថភាពដឹកនាំ និងមានអត្តចរិតមិនល្អដាក់ភ្ញៀវប៉ុណ្ណោះ។
សព្វថ្ងៃនេះ វិស័យទេសចរណ៍របស់កម្ពុជា ត្រូវគេដឹងថាកំពុងរងផលប៉ះពាល់ខ្លាំងដែលបណ្តាលមកពីកត្តាជាច្រើន ដូចជា អំពើឧក្រិដ្ឋកម្ម អំពើពុករលួយ អំពើចោរកម្ម ចំណីអាហារគ្មានគុណភាព និងអត្តចរិតរបស់មន្ត្រីរដ្ឋាភិបាលដែលធ្វើការនៅក្នុងព្រលាន ជាដើម។
ដោយសារតែបញ្ហានេះ គេបានរកឃើញថា ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាបានធ្លាក់ទៅនៅបាតតារាងជាប្រទេសដែលទទួលបានភ្ញៀវទេសចរតិចបំផុត បើប្រៀបធៀបជាមួយប្រទេសឡាវ ថៃ និងវៀតណាម ដែលនៅក្បែរខាងខ្លួន៕