លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណ និងដាក់ចូលក្នុងបញ្ជីខ្មៅចំពោះសា្ថប័ន ឬបុគ្គលអ្នកសារព័ត៌មានណាដែលប្រើប្រាស់តួនាទី ទៅគោះយកលុយពីពលរដ្ឋដើម្បីរក្សានូវកិត្តិយសរបស់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារ និងអនុវត្តវិជ្ជាជីវៈបានយ៉ាងល្អ។
ថ្លែងនៅក្នុងពិធីចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្នុងវត្តរាជបូណ៌ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះថា លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវដកអាជ្ញាបណ្ណ ហើយដាក់ក្នុងបញ្ជីខ្មៅ (black list) ចំពោះស្ថាប័ន ឬបុគ្គលអ្នកសារព័ត៌មានណាដែលប្រើប្រាស់តួនាទី ទៅគោះយកលុយពីពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត អះអាងថា ចំណាត់ការរបស់លោក គឺដើម្បីរក្សានូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានរាប់ម៉ឺននាក់ផ្សេងទៀតដែលកំពុងបំពេញការងារ និងអនុវត្តវិជ្ជាជីវៈបានយ៉ាងល្អ។
ប្រភពដដែលអះអាងថា កន្លងមកមានករណីអ្នកសារព័ត៌មានមួយចំនួនដែលខិលខូច យកការចុះផ្សាយព័ត៌មានទៅគំរាមគាបយកលុយពីពលរដ្ឋ ហើយបែរជាមកសុំអន្តរាគមន៍ចំពោះទង្វើបំពានក្រមសីលធម៌របស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យសាធារណជន ប្រើប្រាស់ និងការចែករំលែកព័ត៌មានបណ្ដាញសង្គមដោយមានការទទួលខុសត្រូវ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយដែលវាអាចបង្កើតទៅជាបញ្ហាផ្សេងៗនៅក្នុងសង្គម។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា ការពង្រឹងក្រមសីលធម៌របស់អ្នកសារព័ត៌មាន គឺជាចំណែកដែលត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក៏ប៉ុន្តែនៅក្នុងករណីសុំលុយកាក់ លោកចាត់ទុកថាជាការអនុវត្តក្រមវិជ្ជាជីវៈសារព័ត៌មានមិនបានត្រឹមត្រូវ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានដទៃទៀត។
កន្លងមក ក្រសួងព័ត៌មាន បានបង្ហាញចំនួនតួលេខអ្នកសារព័ត៌មានដែលពាក់ព័ន្ធនឹងករណីសុំលុយកាក់ពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (Top Diamond Casino) ដែលមានចំនួន ៨២៨នាក់។ តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានទាំងជាង ៨០០នាក់នោះ កំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់ថាជាអង្គភាពព័ត៌មានដែលបានចុះបញ្ជី ឬអត់ ហើយអ្នកសារព័ត៌មានទាំងនោះដាច់ខាតត្រូវមកឆ្លើយបំភ្លឺនៅក្រសួងព័ត៌មាន ជាកំហិត៕