នាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងក្នុងបាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខ័ណ្ឌរដ្ឋ។
អ្នកស្រីបញ្ជាក់ថា បម្រាមគោចរនឹងត្រូវបានដកចេញនៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ ហើយព្រមជាមួយគ្នានេះ ក៏យល់ព្រមគោរពតាមសេចក្ដីសម្រេចរបស់តុលាការកំពូលដែលតម្រូវឱ្យរដ្ឋាភិបាលបើកចំហការជ្រើសរើសបុគ្គលរដ្ឋចូលធ្វើការនៅក្រោមគោលការណ៍កូតាថ្មី ៩៣%។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្ដីថ្លែងការណ៍របស់អ្នកស្រី Sheikh Hasina កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា គឺជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់អ្នកស្រីដាក់ចុះបម្រាមគោចរកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយពីប្រទេសបង់ក្លាដេស ធ្លាក់ក្នុងអំពើហិង្សា និងកុប្បកម្មផ្ទុះឡើងពីការវាយប្រហារគ្នារវាងសមត្ថកិច្ចប៉ូលិស និងក្រុមបាតុករនិស្សិត ដែលទាមទារឱ្យលុបចោលកូតាជ្រើសរើសមន្ត្រីចូលបម្រើការងារតាមស្ថាប័នរបស់រដ្ឋ។
តាមការអះអាងរបស់បាតុករនិស្សិត បាតុករស្លាប់កើនឡើងជាង ១៥០នាក់ និងចាប់ខ្លួនជាង ៥០០នាក់។
អ្នកស្រីនាយករដ្ឋមន្ត្រី បានចោទថា បើគ្មានការញុះញង់ពីក្រុមបក្សប្រឆាំង គឺអំពើហិង្សានឹងមិនមាននោះទេ។
លោកស្រី Hasina បានបញ្ជាក់ថា៖ «នៅពេលដែលសកម្មភាពភេរវកម្មដុតបំផ្លាញបានកើតឡើង ក្រុមបាតុករជានិស្សិតបាននិយាយថា ពួកគេមិនមានជាប់ពាក់ព័ន្ធទេ។ តែការពិត ក្រុមប្រឆាំងចូលពាក់ព័ន្ធ ដែលត្រូវបង្ខំឱ្យអាជ្ញាធរចាត់វិធានការដោយដាក់ចេញបម្រាមគោចរដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។»
អ្នកស្រីបន្តថា មិនចង់ធ្វើបែបនេះទេ តែបម្រាមគោចរនឹងត្រូវបន្តដាក់ឱ្យអនុវត្តរហូតទាល់តែស្ថានការណ៍ត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះ អ្នកស្រី Hasina ក៏បានទម្លាក់ការទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងទៅលើគណបក្សប្រឆាំងធំៗពីរ គឺគណបក្ស Bangladesh Nationalist Party និងគណបក្ស Jamaat-e-Islami។
បើតាមរបាយការណ៍ពីមន្ទីរពេទ្យ មនុស្សជិត ១៥០នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងក្រុមបាតុករ និងប៉ូលិស អំឡុងបាតុកម្មតវ៉ាដែលបានផ្ទុះឡើងកាលពីសប្ដាហ៍មុន។ តែរបាយការណ៍របស់ចលនានិស្សិត បានឱ្យដឹងថា មនុស្សស្លាប់កើនឡើងជាង ១៥០នាក់ និងចាប់ខ្លួនជាង ៥០០នាក់នៅក្នុងរយៈពេលផ្ទុះបាតុកម្ម ២សប្ដាហ៍មកនេះ។
ការតវ៉ារបស់ចលនានិស្សិតបានឈានដល់ការទាមទារឱ្យអ្នកស្រី Hasina រំលាយរដ្ឋាភិបាល និងចុះចេញពីតំណែង។
នៅពេលនេះ ភាពស្ងប់ស្ងាត់បន្តិចមាននៅតាមដងផ្លូវមួយចំនួនក្នុងរដ្ឋធានីដាកា បន្ទាប់ពីតុលាការកំពូលបង់ក្លាដេស យល់ព្រមបញ្ចុះកូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខ័ណ្ឌរដ្ឋពី ៥៦% មកនៅត្រឹម ៧% សម្រាប់កូនចៅរបស់អ្នកនយោបាយដែលបានកសាងស្នាដៃធំៗជូនជាតិ និងអ្នកតស៊ូទាមទារឯករាជ្យឱ្យប្រទេសជាតិ។
ក្នុងពេលបច្ចុប្បន្ន កន្លែងការងារសម្រាប់ក្របខ័ណ្ឌមន្ត្រីរដ្ឋការមានចំនួន ៩៣% ដែលបើកចំហសម្រាប់ពលរដ្ឋបង់ក្លាដេសទូទៅដែលមានសមត្ថភាព ហើយក្នុងពេលដំណាលគ្នា តុលាការកំពូលក៏បានបង្គាប់ឱ្យនិស្សិតបញ្ឈប់សកម្មភាពតវ៉ាផងដែរ ប៉ុន្តែបាតុករនិស្សិតមួយចំនួននៅតែបន្តធ្វើបាតុកម្មតាមទីកន្លែងមួយចំនួននៅក្រុងដាកា ដោយពួកគេទាមទារឱ្យដោះលែងអ្នកចាប់ខ្លួនទាំងអស់ ហើយលុបចោលបម្រាមគោចរទូទាំងប្រទេស។
បាតុករនិស្សិតក៏បានប្រកាសថាមិនទាន់ទទួលយកបានទាំងស្រុងទេដំណោះស្រាយដែលទម្លាក់ពីក្រុមប្រឹក្សាតុលាការកំពូល តែនៅខណៈនេះ រថពាសដែក និងរថយន្តយោធានៅតែល្បាតតាមដងវិថីនានា ជាពិសេសនៅខាងមុខសាកលវិទ្យាល័យនៅក្រុងដាកា។
អ្នកស្រី Hasina មិនព្រមលុបចោលបម្រាមគោចរ តែបានទទួលយកសេចក្ដីបង្គាប់របស់តុលាការកំពូល។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC។
អ្នកស្រី Hasina បានឡើងកាន់អំណាច ៣អាណត្តិមកហើយតាំងពីឆ្នាំ២០០៩។ ក្រុមសិទ្ធិមនុស្សបានហៅប្រព័ន្ធដឹកនាំរបស់អ្នកស្រី Sheikh Hasina ថាជារបបផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
ក្នុងកណ្ដាប់ដៃរបស់អ្នកស្រី Sheikh Hasina ក្រុមប្រឆាំងត្រូវបានវាយបង្ក្រាប និងចាប់ដាក់គុក។ ការបោះឆ្នោតអាណត្តិទី៤ បក្សប្រឆាំងធំៗបានដកខ្លួនពីការប្រកួត ព្រោះមិនទុកចិត្តស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសក្រីក្រមួយនេះ ដែលស្ថិតនៅក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច។
អ្នកស្រី Hasina អាយុ ៧៦ឆ្នាំ ត្រូវបានពួកបស្ចិមប្រទេស និងក្រុមអង្គការសិទ្ធិមនុស្សបានហៅថាជាមេដឹកនាំនៃប្រទេសក្រីក្រមួយនៅអាស៊ីខាងត្បូង ដែលចេះតោងអំណាចយកគំរូតាមមេដឹកនាំផ្ដាច់ការមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕