អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ណែនាំឱ្យប្រជាពលរដ្ឋខ្មែរ និងកងទ័ពជាតិ យកគំរូតាមប្រជាពលរដ្ឋ និងកងទ័ពជាតិបង់ក្លាដេស ដែលបានក្រោកឈរជាមួយប្រជាជន ទម្លាក់មេដឹកនាំផ្ដាច់ការដើម្បីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុកដោយភ្ជាប់ជាមួយវីដេអូកងទ័ពបង់ក្លាដេស ជួយប្រជាពលរដ្ឋក្នុងការទម្លាក់នាយករដ្ឋមន្ត្រីរបស់ខ្លួននៅថ្ងៃទី៩ សីហា នេះ ដែលទំនងជាលោកចង់បង្ហាញទៅដល់ប្រជាពលរដ្ឋ និងកងទ័ពទាំងអស់នៅប្រទេសកម្ពុជា ថាកងទ័ពមានកាតព្វកិច្ចការពារប្រជាជន ការពារប្រទេស ការពារទឹកដីរបស់ខ្លួន មិនមែនធ្វើអ្វីៗតាមតែបញ្ជារបស់មេដឹកនាំផ្ដាច់ការនោះទេ។
លោក សម រង្ស៊ី បញ្ជាក់ថា របៀបរបបដឹកនាំនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ក៏មិនខុសពីរបបដឹកនាំនៅប្រទេសបង់ក្លាដេស ដែរ ព្រោះកូនៗមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានទទួលតំណែងធំៗតាមស្ថាប័នរដ្ឋបន្តពីឪពុក និងសាច់ញាតិរបស់ពួកគេ ខណៈពលរដ្ឋខ្មែរដែលជាកូនអ្នកក្រីក្រ ទោះមានសមត្ថភាពក៏មិនអាចកាន់តំណែងណាមួយដើម្បីចូលរួមកសាងប្រទេសជាតិដែរ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះសួរទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសថា តើប្រជាពលរដ្ឋខ្មែរទាំងអស់ចង់បានការដឹកនាំមួយតាមសែស្រឡាយ បក្ខពួកនិយមសម្រាប់ប្រទេសរបស់ខ្លួនដូចការដឹកនាំនៅប្រទេសបង់ក្លាដេស ដែរឬយ៉ាងណាសម្រាប់អនាគតកូនចៅរបស់ខ្លួនជំនាន់ក្រោយ?
ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ មក ប្រជាពលរដ្ឋ និងក្រុមនិស្សិតបង់ក្លាដេស បានចេញធ្វើបាតុកម្មទូទាំងប្រទេស ដើម្បីប្រឆាំងទៅនឹងនាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេស អ្នកស្រី Sheikh Hasina បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះដឹកនាំប្រទេសរយៈពេល ១៥ឆ្នាំ ដោយការគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពពលរដ្ឋ។
ក្រោយការតវ៉ាទាមទារអស់រយៈពេលប្រមាណជាង ១ខែ ហ្វូងបាតុករបានទម្លាក់នាយករដ្ឋមន្ត្រីរបស់ខ្លួនបានសម្រេចនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្នុងនោះ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី Khaleda Zia ដែលស្ថិតក្នុងពន្ធនាគារ និងនិស្សិតទាំងអស់ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលតវ៉ានាពេលថ្មីៗនេះ និងពេលកន្លងមក ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញផងដែរ។
អ្នកជំនាញភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះថា នៅពេលមានភាពអយុត្តិធម៌ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋត្រូវបានដកហូត គុណធម៌ត្រូវបានជាន់ឈ្លី ប្រជាពលរដ្ឋមុខជាចេញទាមទាររកយុត្តិធម៌សម្រាប់សង្គមជាតិរបស់ពួកគេជាមិនខាន។
លោក សេង វណ្ណលី បញ្ជាក់ថា នៅពេលដែលការទាមទារពីពលរដ្ឋឈរលើភាពត្រឹមត្រូវ និងប្រើប្រាស់វិធីសាស្ត្រអហិង្សា ការប្ដេជ្ញាចិត្តមិនងាករេ និងមិនរាថយ នោះការទាមទាររបស់ពួកគេនឹងមានអានុភាពអាចបង្ខំឱ្យរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងប្រព័ន្ធតុលាការ ឲ្យយល់ព្រមតាមការទាមទាររបស់ពួកគេបានយ៉ាងពិតប្រាកដ៕