សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលត្រូវឃុំខ្លួនក្នុងពន្ធនាគារម៣ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
តុលាការក្រុងភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក ស្រ៊ុន ស្រ៊ន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយសម្រេចដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីសកម្មជនសង្គមរូបនេះបានធ្វើការអត្ថាធិប្បាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កាលពីថ្ងៃអង្គារ ទី២៣ កក្កដា នេះ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ខ្លីមួយកាលពីថ្ងៃទី២៣ ខែកក្កដា នេះថា ការដាក់បញ្ចូលខេត្តទាំង ៤ របស់ខ្មែរទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម កម្ពុជានឹងប្រឈមការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ជាជំហានៗទៅប្រទេសវៀតណាម។
លោកថា ចាប់ពីតំបន់ភូមិភាគឦសានរហូតខេត្តផ្សេងៗទៀតដែលនៅជាប់ព្រំដែនវៀតណាម ដូចជាខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាដើម នឹងត្រូវវៀតណាម កាត់យក ហើយទីបំផុត កម្ពុជានឹងបាត់ទឹកដីទាំងមូលតែម្តង។
សកម្មជនសង្គមរូបនេះអះអាងថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម គឺស្របតាមបំណងរបស់វៀតណាម ដែលមានផែនការបង្កើតតំបន់កន្ទុយនាគនេះឱ្យក្លាយទៅជាប្រទេសឥណ្ឌូចិន នៅថ្ងៃខាងមុខទាំងស្រុង។
លោកបន្ថែមថា នៅពេលដែលកម្ពុជា វៀតណាម និងឡាវ ត្រូវដាក់បញ្ចូលគ្នាទៅជាឥណ្ឌូចិនរួចរាល់ គឺមានតែរដ្ឋាភិបាលវៀតណាមតែមួយគត់ដែលធ្វើជាអ្នកគ្រប់គ្រងលើប្រទេសឥណ្ឌូចិននេះ។
លោកបន្តថា នៅពេលនោះ ប្រជាជនវៀតណាម ដែលមានប្រមាណ ៧លាននាក់ក្នុងខេត្តទាំង ៥ របស់គេក្នុងតំបន់ត្រីកោណនេះ នឹងនាំគ្នាទៅរស់នៅពេញខេត្តទាំង ៤ របស់ខ្មែរដោយស្របច្បាប់។
លោក ស្រ៊ុន ស្រ៊ន លើកឡើងថា នៅពេលដែលប្រទេសទាំង ៣ រួមគ្នាបង្កើតទៅជាកូនប្រទេសឥណ្ឌូចិនបានសម្រេច ចលនាកុម្មុយនីស្តឥណ្ឌូចិនរបស់វៀតណាម ក៏នឹងលេចចេញជារូបរាងដែរតាមរយៈសមាហរណកម្មនៃប្រទេសទាំងបីនេះ។
លោកថា នៅពេលនោះ វៀតណាមនឹងមានសក្ដានុពលគ្រប់គ្រាន់ក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមិនខាន ដូច្នេះកម្ពុជានឹងមិនអាចដកខ្លួនចេញពីផែនការឈ្លានពានរបស់វៀតណាម ឡើយ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរូបនេះអះអាងថា ក្នុងរាជ្យព្រះបាទជ័យជេដ្ឋាទី២ ដែលមានមហេសីជាជនជាតិវៀតណាម បានអនុញ្ញាតឱ្យរដ្ឋាភិបាលវៀតណាម ខ្ចីទឹកដីខ្មែរនៅកម្ពុជាក្រោមតែ ៣ខេត្តប៉ុណ្ណោះ ប៉ុន្តែនៅទីបំផុត វៀតណាមបានឈ្លានពានយកដីខ្មែរអស់ ២១ខេត្ត ចំណែកកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍នាពេលនេះ ក៏ស្ថិតក្នុងទម្រង់ដូចគ្នាដែរ។
លោកថា ជារឿងគ្រោះថ្នាក់បំផុតនៅពេលដែលពលរដ្ឋខ្មែរក្នុងតំបន់ភូមិភាគឦសានមានចំណេះដឹងតិចតួចពីសង្គមនយោបាយ ខាងយោធា និងវប្បធម៌ ត្រូវដាក់បញ្ចូលទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរូបនេះបញ្ជាក់ថា នៅពេលដែលរដ្ឋាភិបាលវៀតណាម មានសិទ្ធិកាន់កាប់តំបន់ត្រីកោណនេះពេញលេញហើយនោះ ប្រទេសកម្ពុជានឹងក្លាយជាជ្រញ់ ខណៈពលរដ្ឋខ្មែរនឹងក្លាយជាសាច់ ចំណែកមេដឹកនាំក្បត់ជាតិនឹងក្លាយជាកាំបិតសម្រាប់កាប់ចិញ្ច្រាំទឹកដី និងពលរដ្ឋខ្លួនឯងយ៉ាងព្រៃផ្សៃ ក្រោមរូបភាពខ្មែរសម្លាប់ខ្មែរដូចសម័យ ប៉ុល ពត ដែរ។
លោក ស្រ៊ុន ស្រ៊ន គូសបញ្ជាក់ថា ដំណោះស្រាយលើបញ្ហានេះមានតែជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះ ទើបអាចការពារឯករាជ្យជាតិ បូរណភាពទឹកដី និងអធិបតេយ្យជាតិខ្មែរទាំងមូលបានទៅថ្ងៃមុខ បើមិនដូច្នោះទេ នោះកម្ពុជានឹងត្រូវដាក់លក់ឱ្យបរទេសក្រោមការសហការលើតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការធ្វើអត្ថាធិប្បាយជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍នេះ លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗនៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសនៅពេលនេះ។
ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ទុកអ្នករិះគន់តំបន់ត្រីកោណអភិវឌ្ឍន៍ថាជាសកម្មភាពបះបោរប្រឆាំងនឹងរដ្ឋាភិបាល ដែលត្រូវចាប់ខ្លួនឱ្យអស់ចំពោះអ្នករស់នៅក្នុងប្រទេស ប៉ុន្តែសម្រាប់អ្នករស់នៅបរទេស គឺត្រូវចាប់ខ្លួនសាច់ញាតិរបស់ពួកគេដែលកំពុងរស់នៅក្នុងស្រុកផងដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត លើកឡើងថា គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា ឡាវ វៀតណាម) ប្រឈមហានិភ័យខ្ពស់សម្រាប់កម្ពុជា ព្រោះគម្រោងនេះបានវិវត្តហាក់ដូចជា «រដ្ឋមួយ» នៅក្នុងរដ្ឋាភិបាលនៃប្រទេសទាំង៣ ក្រោមការពង្រីកកម្រិតប្រជុំកំពូលថ្នាក់ «រដ្ឋាភិបាល និងរដ្ឋសភា» ជាបន្តបន្ទាប់រហូតមក។
ចំណែកអ្នកជំនាញខាងផ្នែកទំនាក់ទំនងអន្តរជាតិលោក សេង វណ្ណលី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ កក្កដា នេះថា បើរដ្ឋាភិបាលមិនយល់ស្របនឹងក្តីបារម្ភរបស់ពលរដ្ឋទាក់ទិននឹងការបញ្ចូលខេត្ត៤ នៃភូមិភាគឦសានរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA) នេះទេ គួរតែបកស្រាយបំភ្លឺ ជាជាងការប្រើអំណាចបំបិទមាត់ពលរដ្ឋ។
លោកអះអាងថា ការបង្ហាញពីក្តីបារម្ភរបស់ពលរដ្ឋទាក់ទិននឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ មិនមែនគ្មានមូលដ្ឋាន ឬសំអាងនោះទេ ព្រោះវៀតណាម ធ្លាប់លេបត្របាក់យកដីខ្មែរច្រើនដងមកហើយ។ ជាងនេះទៀត ពលរដ្ឋខ្មែរក៏កង្វះទំនុកចិត្តលើការអនុវត្តិច្បាប់ស្ដីពីអន្តោប្រវេសន៍របស់រដ្ឋាភិបាលកន្លងមកដែរ។
លោកថា ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម កំពុងដណ្ដើមការងារពីពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងៗ ខណៈអត្រាគ្មានការងារធ្វើក្នុងស្រុកសម្រាប់ពលរដ្ឋខ្មែរក៏កាន់តែកើនឡើងដែរ។
លោក សេង វណ្ណលី បញ្ជាក់ថា ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម ក៏មិនស្មើភាពគ្នាដែរ។ ជាក់ស្តែង មេដឹកនាំវៀតណាម តែងតែលើកពាក់ព័ន្ធនឹងបញ្ហាពលរដ្ឋខ្លួននៅចំពោះមុខមេដឹកនាំខ្មែរ ប៉ុន្តែអ្នកនយោបាយខ្មែរមិនហ៊ានលើកពីបញ្ហារបស់ជនជាតិខ្លួនទៅកាន់មេដឹកនាំវៀតណាម វិញនោះទេ។
លោកអះអាងថា អ្នកនយោបាយវៀតណាម តែងរំលឹកពីគុណបំណាច់ដែលខ្លួនបានជួយរំដោះកម្ពុជា ប៉ុន្តែពួកគេមិនដែលឮថាវៀតណាម អរគុណ និងផ្តល់តម្លៃដល់កម្ពុជាដែលបានជួយឲ្យខ្លួនរួចផុតពីនឹមអាណានិគមអាមេរិកនោះទេ ដូច្នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានក្តីបារម្ភលើតំបន់ត្រីកោណអភិវឌ្ឍន៍បែបនេះ៕