សាធារណជន និងអ្នកប្រើបណ្ដាញសង្គម បានចែករំលែក និងបញ្ចេញទស្សនៈមិនគាំទ្រគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA) និងការចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ និងពលរដ្ឋរៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្នាក់ទៀត ត្រូវបានសមត្ថកិច្ចក្រោមបញ្ជារបស់លោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីពួកគាត់បញ្ចេញមតិព្រួយបារម្ភអំពីគម្រោងអភិវឌ្ឍន៍រួមគ្នាលើតំបន់ត្រីកោណពិសេស កម្ពុជា ឡាវ និងវៀតណាម។
ក្រោយការចាប់ខ្លួននេះ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានគំរាមអ្នកហ៊ានរិះគន់គម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV) ថា លោកនិងឱ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត តាមស្រាវជ្រាវ និងប្រមូលព័ត៌មានគ្រួសាររបស់អ្នករិះគន់ទាំងនោះ ដើម្បីងាយស្រួលគ្រប់គ្រង ទោះបីជាពួកគេកំពុងសិ្ថតនៅក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ។
ទាក់ទិនរឿងនេះ អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកថា តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA) ឆ្នាំ១៩៩៩ គឺជាកាដូដ៏ធំមួយរបស់លោក ហ៊ុន សែន ឱ្យវៀតណាម ក្រោយពីវៀតណាម ជួយធ្វើរដ្ឋប្រហារដណ្ដើមអំណាចឆ្នាំ១៩៩៧។
ក្រៅពីការលើកឡើងរបស់លោក គឹម សុខ នោះ សកម្មជនសង្គមលោក ផន ផល្លា សរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៣ ខែកក្កដា ថា «ទីនេះទឹកដីកម្ពុជា វាជាទឹកដីរបស់ខ្មែរយើងទាំងអស់គ្នា ដូច្នេះយើងមានសិទ្ធិនិយាយ ដើម្បីការពារទឹកដីរបស់យើងដែរ។»
រីឯសកម្មជនសង្គម លោក ម៉ា ចិត្រា បានចោទជាសំណួរថា «ទឹកដីគេដែរ ម្តេចគេនិយាយមិនបាន? ទឹកដីនេះមិនមែនរបស់គណបក្ស ឬគ្រួសារណាមួយនោះទេ។»
ចំណែកហ្វេសប៊ុក Bopha love Cambodia បានលើកឡើងដែរថា «យើងគ្រប់គ្នាមានឈាមជាខ្មែរ រឿងរបស់ប្រទេសជាតិក៏ជារឿងរបស់យើងគ្រប់គ្នាដែរ។ ដូច្នេះយើងមានសិទ្ធិនិយាយ ឈឺឆ្អាល ដឹងរឿងទឹកដីជាតិកំណើតរបស់ខ្លួន គ្មាននរណាម្នាក់អាចមកបិទមាត់ បិទសិទ្ធិ ក្នុងការនិយាយការពិតដែលជាភាពត្រឹមត្រូវបានទេ។»
រីឯហ្វេសប៊ុកឈ្មោះ Han Vathana បានបញ្ចេញមតិថា «ត្រូវហើយ បើគេជិះជាន់យើង ហើយយើងនៅតែសម្ងំយកតែសុខរៀងៗខ្លួននោះ អនាគតយើងនឹងលែងមានកម្ពុជាហើយ។»
ដោយឡែកឈ្មោះ LayHim Boney លើកឡើងថា «ជាអ្នកដឹកនាំមួយទាំងមូល មានរឿងអ្វីមិនប្រាប់ឱ្យប្រជាជនដឹងផងទេ ហើយក៏មិនដែលយកមតិប្រជាពលរដ្ឋខ្លួនទៅពិចារណាមើលដែរ ហេតុអ្វី។»
ចំពោះការចាប់ខ្លួនលោក ស្រ៊ុន ស្រ៊ន និងសហការីវិញ ហ្វេសប៊ុកឈ្មោះ Yoeng Nim បានលើកជាសំណួរថា «ហេតុអ្វីបានជាយុវជន ពលរដ្ឋឈឺឆ្អាលរឿងទឹកដី រឿងជាតិ ត្រូវរងការចោទថាប្រឆាំងរដ្ឋាភិបាល? តើប្រទេសមួយនេះជារបស់រដ្ឋាភិបាលផ្ដាច់មុខ ឬយ៉ាងណា? អ្នកមានសិទ្ធិដឹកនាំ ប៉ុន្តែមិនមែនមានន័យថាមានសិទ្ធិកាន់កាប់គ្រប់យ៉ាងដោយមិនស្ដាប់មតិរបស់ពលរដ្ឋនោះទេ។»
ប្រតិកម្មរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមនេះ បន្ទាប់ពីរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានសមាហរណកម្មតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំង៣ រួមបញ្ចូលគ្នាខេត្តចំនួន ១៣ខេត្ត ដោយក្នុងនោះ ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ហើយប្រទេសឡាវ មានចំនួន ៤ខេត្ត និងប្រទេសកម្ពុជា មានចំនួន ៤ខេត្ត រួមមានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ធ្លាប់ឡើងមុនពេលសមត្ថកិច្ចក្រោមបញ្ជាគ្រួសារត្រកូលហ៊ុនចាប់ខ្លួនថា លោកបារម្ភព្រោះនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ខាងកម្ពុជា ពលរដ្ឋខ្មែរនៅទីនោះដែលភាគច្រើនជាជនជាតិដើមភាគតិច គឺមានចំនួនប្រមាណតែកន្លះលាននាក់ ចំណែកឯវៀតណាម វិញ មានប្រជាជនជាង ៧លាននាក់ ដោយគិតតែ ៣ខេត្តរបស់គេប៉ុណ្ណោះ។
ទោះបីជាលោក ស្រ៊ុន ស្រ៊ន ធ្លាប់លើកឡើង និងសម្ដែងការព្រួយបារម្ភតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ត្រូវបានសមត្ថកិច្ចក្រោមបញ្ជាលោក ហ៊ុន សែន ចាប់ខ្លួនក៏ដោយ ប៉ុន្តែអ្នកប្រើបណ្ដាញសង្គមបាននាំគ្នាបញ្ចេញមតិ និងចែករំលែកតៗគ្នា ដោយប្រតិកម្មចំពោះសម្ដីរបស់លោក ហ៊ុន សែន ខ្លាំងៗផងដែរ ដោយពួកគេចាត់ទុកការដាក់បញ្ចូលខេត្តទាំង ៤ របស់កម្ពុជារួមជាមួយឡាវ និងវៀតណាម នេះ ថាធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដែលមានមហិច្ឆតា និងចិញ្ចឹមចិត្តលេបយកទឹកដីប្រទេសកម្ពុជាទាំងមូល។
ពួកគេក៏បានប្រកាសប្ដេជ្ញាថានឹងចូលរួមគ្រប់ចលនាទាំងអស់ដែលការពារទឹកដី និងមិនឱ្យមានការដាក់ដីអភិវឌ្ឍន៍រួមជាមួយវៀតណាមដាច់ខាត៕