អ្នកសង្កេតការណ៍ព្រមានថា ការផាត់ចោលយុវជនចេញពីកិច្ចការនយោបាយ មិនត្រឹមតែជាគំនិតខុសឆ្គងទេ ហើយក៏ជាការបណ្ដុះគំនិតអវិជ្ជមានយ៉ាងខ្លាំងចូលក្នុងសង្គមដែរ ដែលអាចជាហេតុនាំឱ្យយុវជនលែងគិតពីសង្គមជាតិ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ កក្កដា នេះថា ការហាមឃាត់យុវជនមិនឱ្យចូលរួមនយោបាយ គឺមានគុណវិបត្តិ ជាជាងគុណសម្បត្តិសម្រាប់ប្រទេសជាតិ ព្រោះយុវជនគ្រប់រូបត្រូវតែមានឧត្ដមគតិជាតិនិយមពីកំណើត នោះទើបពួកគេក្លាយជាធនធានមនុស្សពិតប្រាកដសម្រាប់កសាងសង្គមរបស់ខ្លួន។
លោកថា ការខំសិក្សារៀនសូត្រ និងការរៀបចំខ្លួនឱ្យក្លាយជាអ្នកមានទ្រព្យធនក្នុងសង្គម មិនមែនមានន័យស្មើនឹងការជួយអភិវឌ្ឍសង្គមជាតិបានទាំងស្រុងនោះទេ ព្រោះយុវជនដែលគ្មានការបណ្តុះបណ្តាលឱ្យមានឧត្ដមគតិជាតិ ក៏អាចប្រើសមត្ថភាពដែលខ្លួនមានបំផ្លាញសង្គមរបស់ពួកគេដែរ។
លោក សេក សុជាតិ លើកឡើងថា សង្គមជាតិនីមួយៗតែងត្រូវការយុវជនសកម្មនៅក្នុងកិច្ចការនយោបាយ ព្រោះពួកគេអាចនឹងក្លាយជាអ្នកដឹកនាំសង្គមរបស់ពួកគេនៅថ្ងៃអនាគតដើម្បីផ្លាស់ប្ដូរទៅតាមទស្សនៈរបស់ខ្លួន។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះជំរុញឱ្យអ្នកសិក្សាខ្ពង់ខ្ពស់ និងបញ្ញវន្តខ្មែរគ្រប់រូប កំណត់គោលការណ៍ដែលសមស្របមួយ ដើម្បីលើកទឹកចិត្តដល់យុវជនឱ្យហ៊ានចូលរួមធ្វើនយោបាយតាមរយៈនៃការរួមបញ្ចូលគ្នារវាងការសិក្សាអប់រំ និងការចូលរួមក្នុងសកម្មភាពនយោបាយ។
លោក សេក សុជាតិ បញ្ជាក់ថា ការសិក្សាអប់រំ និងការចូលរួមធ្វើនយោបាយសម្រាប់កែប្រែសង្គម គឺជាគោលដៅសំខាន់ដូចគ្នា ដូច្នេះការបណ្តុះបណ្តាលចំណេះដឹងទាំងពីរផ្នែកនេះ នឹងជួយឱ្យយុវជនក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ជំរុញឱ្យយុវជនប្រឹងប្រែងរៀនសូត្រ ជាជាងការចូលរួមកិច្ចការនយោបាយកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោមប្រធានបទ «ភាពចាំបាច់ និងតម្រូវការការងាររបស់យុវជននាពេលបច្ចុប្បន្ន»។ ពេលនោះ លោកបានផ្តល់អនុសាសន៍ថា យុវជនត្រូវគិតគូរចំពោះអនាគតខ្លួនឯងដោយបន្តការសិក្សាឱ្យបានវែងឆ្ងាយតាមលទ្ធភាព ហើយកុំលូកដៃចូលនយោបាយឱ្យសោះ។
បណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា បើខ្វះលទ្ធភាព ត្រូវរកជំនួយពីរដ្ឋាភិបាល ឬពីឃុំ-សង្កាត់ឱ្យខាងតែបាន ព្រោះពេលមានចំណេះដឹងខ្ពស់ មានចំណូលខ្ពស់ មានន័យស្មើនឹងបានជួយសង្គម និងគ្រួសាររួចស្រេចទៅហើយ។
ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា យុវជនគឺជាកម្លាំងបន្តវេនដ៏មានសក្ដានុពលបំផុតសម្រាប់កសាងសង្គមជាតិ ហើយក៏រឹតតែចាំបាច់បំផុតក្នុងការចូលរួមចំណែកក្នុងកិច្ចការសង្គម តាមរយៈនៃការចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សនយោបាយ។
អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយរបាយការណ៍ស្ទង់មតិរបស់ខ្លួនកាលពីដើមខែមីនា ឆ្នាំ២០២៤ នេះថា យុវជនខ្មែរជាង ៨០% មិនចាប់អារម្មណ៍លើកិច្ចការនយោបាយនោះទេ ដោយយល់ថាជាប្រធានបទរសើប។
របាយការណ៍ដដែលបញ្ជាក់ថា មានតែយុវជនខ្មែរចំនួន ១៧% ប៉ុណ្ណោះ ដែលចាប់អារម្មណ៍លើកិច្ចការនយោបាយ ហើយភាគច្រើនគឺជាបុរសដែលមានការអប់រំខ្ពស់នៅទីប្រជុំជន ដោយឡែកយុវជន ៨២% ទៀតអះអាងថា ចាប់អារម្មណ៍តិចតួច ឬមិនចាប់អារម្មណ៍តែម្តង។
ក្រុមអ្នកវិភាគលើកឡើងថា យុវជនប្រៀបបានជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ប៉ុន្តែមានឧបសគ្គខ្លះបានរារាំងមិនឱ្យពួកគេចូលរួមក្នុងកិច្ចការនយោបាយ ដូចជាមានការគំរាមកំហែងពីអាជ្ញាធរ ជាដើម។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានលើកឡើងថា កត្តាដែលជំរុញឱ្យយុវជនជាង ៨០% មិនខ្វាយខ្វល់ពីកិច្ចការនយោបាយ ដោយសារពួកគេមិនមានមូលដ្ឋានគ្រឹះក្នុងការជជែកពិភាក្សាលើកិច្ចការនេះ ហើយក៏ដោយសារការភ័យខ្លាចនឹងប្រធានបទនយោបាយនេះផងដែរ៕