31 C
Phnom Penh

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​ដែល​អត្ថាធិប្បាយ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាបន្ទាន់​និង​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដូចជា លោក ស្រ៊ុន ស្រ៊ន និង​លោក ធែល ធីលែន ជាដើម ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​ចាប់​ខ្លួន​សកម្មជន​សង្គម​ដែល​បង្ហាញ​ពី​ក្តី​កង្វល់​លើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ទេ តែ​ថែមទាំង​ត្រូវ​ដក​ខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ​នេះ​ជាបន្ទាន់​ថែម​ទៀត ព្រោះ​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​បាត់បង់​ទឹកដី​ក្នុង​កិច្ច​សហប្រតិបត្តិការ​ស្រដៀង​គ្នា​នេះ​រាប់​មិន​អស់​រួច​មក​ហើយ​ពី​ការ​រំលោភ​បំពាន​របស់​វៀតណាម។

លោក ម៉ែន ណាត លើកឡើង​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ គឺជា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​ការ​លើកឡើង​ពី​ការ​ភ័យ​ព្រួយ​របស់​ពលរដ្ឋ​ចំពោះ​ទឹកដី និង​ប្រទេស​ជាតិ​របស់​ខ្លួន មិនមែន​ជា​រឿង​ខុស​ច្បាប់​ទេ ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ទាំងនេះ ក៏​នឹង​រឹតតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឈ្មោះ​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ថែម​ទៀត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ដែល​ធ្វើ​កិច្ចការ​ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ គឺជា​រឿង​អយុត្តិធម៌​បំផុត និង​មិន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​តាម​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ​ឡើយ។ ផ្ទុយទៅវិញ គឺ​បង្ហាញ​ពី​ការ​រំលោភ​ច្បាប់ រំលោភ​សិទ្ធិ​ពលរដ្ឋ និង​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​វិញ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សកម្មជន​សង្គម​លោក ធែល ធីលែន និង​សកម្មជន​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជុំវិញ​ការ​បញ្ចេញមតិ​យោបល់​លើ​បញ្ហា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កាលពី​ថ្ងៃ​ពុធ ទី​២៤ កក្កដា។

កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៤ សកម្មជន​សង្គម​លោក ធែល ធីលែន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​សាជាថ្មី​ដល់​គេហដ្ឋាន​ស្ថិត​ក្នុង​ឃុំ​ព្រែកអំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល បន្ទាប់ពី​សកម្មជន​សង្គម​រូប​នេះ​បង្ហាញ​ការ​មិន​គាំទ្រ​រដ្ឋាភិបាល​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍។

ក្នុង​វីដេអូ​ជិត​ប្រវែង ៥​នាទី លោក ធែល ធីលែន លើកឡើង​ថា ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ខ្មែរ​ជាមួយ​វៀតណាម ក្នុង​តំបន់​កន្ទុយ​នាគ​នេះ គឺ​មាន​តែ​ខាត​ប្រយោជន៍​ជាតិ​ប៉ុណ្ណោះ ព្រោះ​ខេត្ត​ទាំង ៤ នេះ សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​គ្រប់​បែប​យ៉ាង ហើយ​ពេលនេះ​ក៏​កំពុង​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​រ៉ែ​ក្នុង​ដី​គ្រប់​រូបភាព​ពី​ក្រុមហ៊ុន​វៀតណាម ដែរ។

សកម្មជន​សង្គម លោក ធែល ធីលែន ទើប​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា កន្លង​ទៅ បន្ទាប់ពី​លោក​បាន​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល ១៨​ខែ ដោយសារ​ការ​តវ៉ា​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​បណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ និង​ឲ្យ​លុប​គម្រោង​បើក​ភាសា​វៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២២។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ បាន​ចាត់ទុក​អ្នក​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ថា​ជា​សកម្មភាព​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ត្រូវ​ចាប់​ខ្លួន​ឱ្យ​អស់​ចំពោះ​អ្នក​រស់នៅ​ក្នុង​ស្រុក ហើយ​រីឯ​អ្នក​រស់នៅ​ក្រៅ​ស្រុក​វិញ ត្រូវ​រក​សាច់ញាតិ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក។

ទន្ទឹម​នឹង​ការ​គំរាម​របស់​លោក ហ៊ុន សែន សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន រួម​ជាមួយ​សហការី​របស់​លោក និង​ពលរដ្ឋ ២​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ដែរ​ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​តំបន់​គ្រោះថ្នាក់​មួយ​នេះ។

ក្រោយ​ចាប់​ខ្លួន លោក ស្រ៊ុន ស្រ៊ន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​លោក សេង វណ្ណលី លើកឡើង​ថា បើ​រដ្ឋាភិបាល​មិន​យល់ស្រប​នឹង​ក្តី​បារម្ភ​របស់​ពលរដ្ឋ​ទាក់ទិន​នឹង​ការ​បញ្ចូល​ខេត្ត ៤ របស់​កម្ពុជា​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ រដ្ឋាភិបាល​គួរតែ​ចេញ​បកស្រាយ​បំភ្លឺ ជាជាង​ការ​ប្រើ​អំណាច​បំបិទ​មាត់​ពលរដ្ឋ​ខ្លួនឯង​បែប​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស