ពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើន អំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អនុវត្តច្បាប់អន្តោប្រវេសន៍បណ្តេញពលរដ្ឋវៀតណាមខុសច្បាប់ចេញពីប្រទេសកម្ពុជា ដើម្បីឱ្យពលរដ្ឋខ្មែរទុកចិត្តជាមុនសិន មុននឹងសម្រេចដាក់ខេត្តខ្មែរចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នាជាមួយប្រទេសវៀតណាម។
ពលរដ្ឋតាមបណ្តាខេត្តជាច្រើន ដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាដើម ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពួកគេមិនមានទំនុកចិត្តលើរដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថានឹងអាចរក្សាទឹកដីរបស់ខ្លួនពីការចង់បានរបស់វៀតណាម ជុំវិញការដាក់បញ្ចូលខេត្តខ្មែរ ដើម្បីអភិវឌ្ឍន៍រួមគ្នាក្នុងតំបន់ត្រីកោណជាមួយវៀតណាម នោះទេ។
ប្រភពដដែលលើកឡើងថា សព្វថ្ងៃនេះ កម្ពុជាមិនបានចំណេញអ្វីទាល់តែសោះពីការសហការជាមួយវៀតណាម ដូចជា ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមខុសច្បាប់ការអនុញ្ញាតឱ្យបើកភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការសាងសង់ស្តូបវៀតណាម ការចុះកិច្ចព្រមព្រៀងផ្សេងៗ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវៀតណាម ជាដើម។
ពលរដ្ឋនៅតាមបណ្តាខេត្តទាំងនេះ បញ្ជាក់ថា ការដាក់ខេត្តខ្មែរចូលក្នុងតំបន់អភិវឌ្ឍន៍រួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម នេះ ពិបាកនឹងឱ្យពលរដ្ឋខ្មែរទុកចិត្តថា កម្ពុជានឹងអាចគេចផុតពីការឈ្លានពានទឹកដីរបស់វៀតណាមខ្លាំងណាស់ ព្រោះគណបក្សប្រជាជនកម្ពុជាមានដើមកំណើតពីវៀតណាម ខណៈលោក ហ៊ុន សែន ក៏វៀតណាមលើកបន្តុបដែរ ដូច្នេះការបារម្ភពីការឈ្លានពានទឹកដីពីប្រទេសវៀតណាម គឺជារឿងសមហេតុសមផលបំផុត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ថា លោក ហ៊ុន សែន ទំនងជាឯកភាពតាមសំណើវៀតណាម ក្នុងការដាក់ប្រទេសកម្ពុជាទាំងមូលចូលទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍រួចហើយ អំឡុងពេលដែលគាត់ដឹកដៃលោក ហ៊ុន ម៉ាណែត ទៅគោរពវិញ្ញាណក្ខន្ធមេដឹកនាំវៀតណាម កាលពីពេលថ្មីៗនេះ។
ប្រភពដដែលអះអាងថា ការយល់ព្រមដាក់ប្រទេសកម្ពុជាក្នុងតំបន់ត្រីកោណនេះ នឹងធ្វើឡើងតាមរយៈនៃការដាក់ខេត្តខ្មែរម្តងមួយខេត្តៗ ដើម្បីកុំឱ្យមានការតវ៉ាពីពលរដ្ឋ ព្រោះថាបើលោក ហ៊ុន សែន ដាក់ប្រទេសទាំងមូលតែម្តង កុំថាឡើយពលរដ្ឋដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជាប្រឆាំង សូម្បីសមាជិកបក្សរបស់ខ្លួនក៏ប្រឆាំងនឹងគម្រោងនេះដែរ។
លោក គឹម សុខ បញ្ជាក់ថា ការយល់ព្រមតាមសំណើរបស់វៀតណាម នេះ ក៏ដើម្បីឱ្យវៀតណាម ជួយគាំទ្រកូនៗរបស់គាត់កាន់អំណាចគ្រប់គ្រងប្រទេសកម្ពុជាទៅថ្ងៃក្រោយទៀតដែរ។ លោកថា លោក ហ៊ុន សែន ក៏ទំនងជាសន្យាជាមួយវៀតណាម ឱ្យលោក ហ៊ុន ម៉ាណែត បម្រើផលប្រយោជន៍វៀតណាម ដូចពេលដែលគាត់ត្រូវបានវៀតណាម លើកបន្តុបដូច្នោះដែរ។
លោក គឹម សុខ គូសបញ្ជាក់ថា តាមរយៈនៃកិច្ចព្រមព្រៀងនេះ លោក ហ៊ុន ម៉ាណែត អាចនឹងត្រូវតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាយ៉ាងយូរត្រឹមឆ្នាំ២០២៦ ព្រោះថាបើវៀតណាម មិនយល់ព្រម គ្រួសារត្រកូលហ៊ុនក៏មិនអាចដឹកនាំគណបក្សប្រជាជនកម្ពុជាបានដែរ កុំថាឡើយដល់អំណាចក្នុងការដឹកនាំប្រទេសនោះ។
ទាក់ទិននឹងបញ្ហានេះ គេសង្កេតឃើញថា ទាំងនាយករដ្ឋមន្ត្រីវៀតណាម ប្រធានាធិបតីវៀតណាម និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តែងតែជំរុញឲ្យមេដឹកនាំខ្មែរត្រកូលហ៊ុន បន្តអនុវត្តកិច្ចសន្យារវាងកម្ពុជា-វៀតណាម ឲ្យបានល្អ ជាពិសេសគឺការជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋវៀតណាមខុសច្បាប់ ខណៈលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី មិនបានបដិសេធនឹងសំណើរបស់មេដឹកនាំវៀតណាម ម្តងណាឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

