តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យពលរដ្ឋបន្តតាមដានបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍បន្តទៀត ព្រោះមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន កំពុងប្រើព្រឹត្តិការណ៍ធ្លាក់យន្តហោះមកបំភាន់ពលរដ្ឋពីការរិះគន់ទៅលើតំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អ៊ុំ សំអាន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ កក្កដា ថា លោកសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់សាច់ញាតិក្នុងឧបទ្ទវហេតុនៃការធ្លាក់យន្តហោះនេះ ខណៈរដ្ឋាភិបាលកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ផ្តល់ការឧបត្ថម្ភដល់គ្រួសារសពដែរ ព្រោះពួកគេបានពលីក្នុងបេសកកម្មរបស់ជាតិ។
លោក អ៊ុំ សំអាន លើកឡើងថា ករណីធ្លាក់យន្តហោះនៅពេលនេះ គឺជាករណីចៃដន្យដែលកើតឡើងចំពេលដែលពលរដ្ឋកំពុងផ្ទុះការរិះគន់លោក ហ៊ុន សែន ដែលគ្រោងដាក់ខេត្តខ្មែរបន្ថែមទៀតចូលទៅក្នុងតំបន់អភិវឌ្ឍន៍រួមគ្នាជាមួយឡាវ និងវៀតណាម រួមទាំងការចាប់ខ្លួនសកម្មជនសង្គមជុំវិញការរិះគន់លើបញ្ហានេះថែមទៀត។
លោកបន្តថា ពលរដ្ឋមិនត្រូវភ្លេចខ្លួនពីការតាមដានផែនការរបស់លោក ហ៊ុន សែន ដែលមានបំណងដាក់ខេត្តខ្មែរឱ្យវៀតណាម គ្រប់គ្រងក្នុងតំបន់ត្រីកោណនេះទេ បើទោះបីជាលោក ហ៊ុន សែន មានចេតនាយកព្រឹត្តិការណ៍នៃការធ្លាក់យន្តហោះនៅពេលនេះ ដើម្បីមកបន្លប់ស្ថានការណ៍ក៏ដោយ។
អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែកក្កដា នេះថា ព័ត៌មានផ្សេងៗជុំវិញការធ្លាក់យន្តហោះនៅពេលនេះ នឹងបញ្ជាក់តាមរយៈប្រអប់ខ្មៅ (Black Box) របស់ឧទ្ធម្ភាគចក្រយោធា Z9 ដែលបានធ្លាក់នោះ។
អគ្គមេបញ្ជាការរងរូបនេះបញ្ជាក់ថា កម្លាំងកងទ័ពបានប្រទះឃើញសាកសពអ្នកបើកបរ (Pilot) លោក ខេង ឆៃយុទ្ធ បានពលីនៅជាប់នឹងកៅអីយន្តហោះ ចំណែកអ្នកបើកបរ (Pilot) ម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ក៏ត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែរ ដែលមានចម្ងាយជាង ២០០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រដែលបានធ្លាក់។
លោក ឥត សារ៉ាត់ សន្និដ្ឋានថា បន្ទាប់ពីកើតហេតុភ្លាម ប្រហែលអាកាសយានិកឈ្មោះ ស៊ុន ផល្លា មិនទាន់ស្លាប់ទេ ព្រោះឃើញមានអាវបាំងជ្រកភ្លៀងនៅកន្លែងបែកបាក់យន្តហោះ ប៉ុន្តែក្នុងពេល ១៨ថ្ងៃមកនេះ ប្រហែលជាគាត់មិនអាចទ្រាំបាន ព្រោះគ្មានអាហារ ខណៈភ្លៀងធ្លាក់ជាប់រាល់ថ្ងៃដែលធ្វើឱ្យអាកាសធាតុត្រជាក់ខ្លាំង។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាសនៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលហាត់ហ្វឹកហ្វឺន។
ទាក់ទិននឹងបញ្ហានេះ កាលពី ១០ឆ្នាំមុន គឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ឧទ្ធម្ភាគចក្រប្រភេទ Z9 នេះ បានធ្លាក់នៅក្នុងរណ្តៅស្រះទឹកដ៏ធំមួយនៅជាយក្រុងភ្នំពេញ បានបណ្តាលឱ្យមនុស្សចំនួន ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងពេលដែលឧទ្ធម្ភាគចក្រនេះកំពុងតែហ្វឹកហ្វឺនក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្រទេសកម្ពុជា មានឧទ្ធម្ភាគចក្រប្រភេទ Z9 ចំនួន ១២គ្រឿង ដែលជាប្រភេទឧទ្ធម្ភាគចក្រប្រយុទ្ធ ផលិតនៅប្រទេសចិន បន្ទាប់ពីរដ្ឋាភិបាលចិនកុម្មុយនីស្តលក់ឱ្យរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៣ ក្រោមទឹកប្រាក់កម្ចីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក (១៩៥,៥ដុល្លារ)៕