អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្ស បង្ហាញការព្រួយបារម្ភពីរឿងបាត់ទឹកដីក្នុងគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) ត្រូវចាប់ខ្លួន ចំណែកអ្នកបារម្ភពីរឿងបាត់ទឹកដីជុំវិញកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងជនជាតិវៀតណាមភាគតិចដេហ្កា ត្រូវរួចខ្លួន។
អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះពលរដ្ឋខ្មែរលោក ជុំ ឈាង សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣០ កក្កដា ថា គម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) និងកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងមេដឹកនាំជនជាតិភាគតិចដេហ្កា កុកស សុទ្ធតែមិនមែនជាផែនការកាត់ទឹកដីឱ្យប្រទេសវៀតណាម នោះទេ។
លោក ជុំ ឈាង អះអាងថា លោក ហ៊ុន សែន មិនបានកាត់ដីទៅឲ្យវៀតណាម ទេក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ ព្រោះថាបើផ្អែកលើឯកសារពាក់ព័ន្ធជាច្រើនដែលរដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយជាសាធារណៈ រួមទាំងការបកស្រាយរបស់លោក ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅផងនោះ។
អតីតនាយទាហានរូបនេះលើកឡើងថា ចំណែកកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងមេដឹកនាំជនជាតិភាគតិចដេហ្កា ក៏មិនបានកាត់ទឹកដីឱ្យប្រទេសវៀតណាម ដែរ ប៉ុន្តែដោយសារក្នុងកិច្ចព្រមព្រៀងនោះប្រើពាក្យខ្លះធ្វើឱ្យមានការភាន់ច្រឡំ និងការយល់មិនច្បាស់របស់អ្នកចោទប្រកាន់ប៉ុណ្ណោះ ដូចជាពាក្យថា ស្វ័យភាព និងពាក្យ ដេហ្កា ជាដើម។
លោក ជុំ ឈាង ពន្យល់ថា ការប្រើពាក្យ សិទ្ធិស្វ័យភាព ឬសិទ្ធិស្វ័យសម្រេច មិនមែនមានន័យដូចពាក្យថា ស្វយ័តតំបន់ ឬដែនដីស្វយ័តនោះទេ។ លោកថា ពាក្យ «សិទ្ធិស្វ័យសម្រេច» គឺមានន័យថា សិទ្ធិនៃការសម្រេចចិត្តដោយខ្លួនឯង ដែលជាសិទ្ធិធ្វើការសម្រេចប្រកបដោយការយល់ដឹងដោយខ្លួនឯងគ្មានការជ្រៀតជ្រែកប៉ុណ្ណោះ។
លោកបន្ថែមថា កិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងជនជាតិភាគតិចដេហ្កា គឺជាកិច្ចព្រមព្រៀងស្ដីពីសិទ្ធិជនជាតិដើមភាគតិចដេហ្កាក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដែលកិច្ចព្រមព្រៀងនេះគឺស្របទៅនឹងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិរបស់ជនជាតិដើមភាគតិច ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ កន្លងទៅ។
អតីតនាយទាហានរូបនេះអះអាងថា រីឯពាក្យថា ដេហ្កា គឺជាពាក្យដែលរសើបបំផុតសម្រាប់រដ្ឋាភិបាលវៀតណាម ដូច្នេះគណបក្សប្រជាជនកម្ពុជាត្រូវតែប្រតិកម្ម ដើម្បីបញ្ចៀសនូវការចោទប្រកាន់ថា កម្ពុជាមានគម្រោងផ្តល់ទឹកដីឱ្យជនជាតិវៀតណាមភាគតិចទាំងនោះ ដែលប្រើប្រាស់ទឹកដីខ្មែរជាតំបន់ស្វយ័តក្នុងប្រទេសកម្ពុជា។
លោកបន្តថា ជនជាតិដេហ្កា គឺជាពលរដ្ឋវៀតណាមភាគតិចប្រៀបដូចជនជាតិខ្មែរអម្បូរពូនង កួច និងចារ៉ាយ ដូច្នោះដែរ ហើយជនជាតិវៀតណាមភាគតិចទាំងនេះ ក៏កំពុងរស់នៅក្នុងប្រទេសកម្ពុជាដែរ ដែលទទួលបានការទំនុកបម្រុងពីរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
លោក ជុំ ឈាង បញ្ជាក់ថា លោក សម រង្ស៊ី ក៏មិនបានកាត់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ឱ្យជនជាតិភាគតិចវៀតណាមដេហ្កា ខណៈលោក ហ៊ុន សែន ក៏មិនបានកាត់ខេត្តខ្មែរក្នុងតំបន់ត្រីកោណឱ្យប្រទេសវៀតណាមដូចគ្នា ប៉ុន្តែនៅពេលនេះ ភាគីទាំងសងខាងបានប្រើចំណុចនេះវាយប្រហារគ្នាទៅវិញទៅមករហូតធ្វើឱ្យជាតិខ្មែរបែកបាក់កម្លាំងសាមគ្គីយ៉ាងធ្ងន់ធ្ងរ។
អតីតនាយទាហានរូបនេះគូសបញ្ជាក់ថា ប្រវត្តិខ្មែរបាត់បង់ទឹកដីកន្លងមក មិនមែនដោយសារតែកិច្ចព្រមព្រៀងរវាងខ្មែរ និងវៀតណាមទាំងស្រុងទេ តែក៏ដោយសារតែខ្មែរខ្សោយផង ឈ្លោះគ្នាឯងធ្វើឱ្យបែកបាក់កម្លាំងការពារជាតិផង និងចាញ់បោកបរទេសផងដែរ ហើយការឈ្លោះជាតិឯងនៅពេលនេះ គឺដូចដានប្រវត្តិសាស្ត្រក្នុងអតីតកាលដ៏ឈឺចាប់របស់ខ្លួនបេះបិទ។
ចាប់តាំងពីប្រធានាធិបតីវៀតណាម លោក តូ ឡឹម ទៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា មក មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ត្រូវរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកនយោបាយក្រុមប្រឆាំង និងពលរដ្ឋខ្មែរទូទៅជុំវិញការឯកភាពគ្នាជាមួយមេដឹកនាំវៀតណាម លើគម្រោងត្រីកោណអភិវឌ្ឍន៍ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម នៅពេលនោះ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការរិះគន់លើបញ្ហានេះ មន្ត្រីបក្សកាន់អំណាចបាននាំគ្នាផ្សព្វផ្សាយពីកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងជនជាតិភាគតិចដេហ្កា ដើម្បីវាយប្រហារលើក្រុមប្រឆាំងវិញ ដោយចោទថា ក្នុងកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានឯកភាពកាត់ទឹកដីខ្មែរក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាមដេហ្កា ដែលជាទោសក្បត់ជាតិមិនអាចលើកលែងឱ្យបាន៕