អ្នកឃ្លាំមើលសង្គម លើកឡើងថា ការអះអាងរបស់លោក ហ៊ុន ម៉ាណែត ដែលថាកម្លាំងដែលអាចការពារបូរណភាពទឹកដីបាន ជាពិសេសតាមព្រំដែនមានប្រសិទ្ធភាព គឺមានតែប្រជាជន មិនមែនកងទ័ព ដូច្នេះត្រូវបញ្ឈប់នូវការចាប់ខ្លួនពលរដ្ឋដែលរាយការណ៍ពីការរំលោភបំពានព្រំដែនរបស់បរទេសជិតខាង។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ សីហា នេះថា បើលោក ហ៊ុន ម៉ាណែត ភ្ញាក់ខ្លួនដឹងថាពលរដ្ឋគឺជាកម្លាំងការពារប្រទេសបែបនេះ ដូច្នេះចាប់ពីពេលនេះទៅ គាត់ត្រូវតែបញ្ឈប់នូវការចាប់ខ្លួនពលរដ្ឋដែលរាយការណ៍ពីបញ្ហាព្រំដែនបន្តទៀត។
លោកថា នៅពេលមានការរាយការណ៍ពីបញ្ហាព្រំដែន រដ្ឋាភិបាលត្រូវតែចុះទៅពិនិត្យ និងរកដំណោះស្រាយវិញប្រសើរជាងការចាប់ខ្លួន។ បន្ថែមពីនេះ ត្រូវលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ឱ្យបានទូលំទូលាយ ព្រោះមានតែពលរដ្ឋនៅមូលដ្ឋានជាក់ស្តែងប៉ុណ្ណោះដែលដឹងពីបញ្ហានេះពិតប្រាកដ។
លោក គឹម សុខ លើកឡើងថា ចំពោះការលើកឡើងថាឱ្យរដ្ឋាភិបាលធ្វើរបងព័ទ្ធព្រំដែនរវាងកម្ពុជា និងវៀតណាម គឺជាគំនិតល្អក្នុងការការពារទឹកដីខ្មែរ ព្រោះជាគំរូជាក់ស្តែង សូម្បីវៀតណាម ក៏ធ្វើរបងការពារព្រំដែនរបស់ខ្លួនជាមួយចិន ដែរ នៅពេលដែលវៀតណាម ដឹងថាខ្លួនមិនអាចទប់ទល់នឹងការឈ្លានពានរបស់ចិន នោះ។
លោកថា ចំណែកកម្ពុជាក៏មិនអាចទប់ទល់នឹងការឈ្លានពានទឹកដីពីវៀតណាម បានដែរ ខណៈពលរដ្ឋខ្មែរមានចំនួនតិចតួច បើប្រៀបធៀបនឹងចំនួនពលរដ្ឋរបស់វៀតណាម។
លោក គឹម សុខ បន្ថែមថា ដូចលោក ហ៊ុន ម៉ាណែត លើកឡើងអ៊ីចឹង កម្លាំងពលរដ្ឋ គឺជាកម្លាំងរឹងការពារព្រំដែន ដូច្នេះបើវៀតណាម បើកដៃឱ្យពលរដ្ឋរបស់គេរំកិលព្រំដែនស្របពេលដែលប្រជាជនរបស់យើងមានចំនួនតិចបែបនេះ គឺសុទ្ធតែជារឿងដែលគេរំលោភបំពានបានដោយងាយ។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា ដើម្បីធ្វើរបងព័ទ្ធខ្សែក្រវាត់ព្រំដែន កម្ពុជាត្រូវបង្គោះព្រំដែនតាមផែនទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលមិនមែនជាផែនទីបង្កើតឡើងដោយវៀតណាម។
លោកគូសបញ្ជាក់ថា ភាគីទី៣ ដែលត្រូវចូលក្នុងរឿងនេះ គឺម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសគឺជាបារាំងដែលជាអាណាព្យាបាលខ្មែរក្នុងសម័យអាណានិគមតែម្តង។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែនប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែងបំផុត គឺមានតែប្រជាជនប៉ុណ្ណោះ មិនមែនកងកម្លាំងប្រដាប់អាវុធទេ។
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះលើកឡើងថា ការកសាង ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋនៅតាមបណ្តោយព្រំដែន គឺជាកត្តាចាំបាច់បំផុត។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការធ្វើដំណើររបស់លោកត្រួតពិនិត្យសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែន និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី គឺក្នុងវត្ថុបំណងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋដែរ។
របាយការណ៍របស់រដ្ឋាភិបាលបង្ហាញថា ខេត្តទាំង៤ របស់កម្ពុជា គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍សព្វថ្ងៃនេះ មានផ្ទៃដីសរុបជិត ៥ម៉ឺនគីឡូម៉ែត្រការ៉េ (៤៧២៥៦គីឡូម៉ែត្រការ៉េ) និងមានប្រជាជនសរុបជាង ៦០ម៉ឺននាក់ (៦៧៥០៦៨នាក់)៕