អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចោទថាមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន កំពុងកាត់ទឹកដីខ្មែរជាកង់ៗដូចនំអន្សម តាមរយៈនៃការដាក់ខេត្តខ្មែរចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ម្តងមួយដំណាក់កាលៗ ដើម្បីលក់ទៅឱ្យវៀតណាម និងចិន។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ សីហា នេះថា ប្រទេសកម្ពុជាក្នុងសម័យគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រទេស លោក ហ៊ុន សែន បានកាត់ទឹកដីខ្មែរជាដុំៗលក់ទៅប្រទេសចិន និងលក់ទៅឱ្យវៀតណាម ដូច្នេះមិនដឹងថាតើប្រទេសកម្ពុជានឹងនៅសល់ទឹកដីសម្រាប់កូនខ្មែរជំនាន់ក្រោយ ឬក៏អត់នោះទេ។
លោក សម រង្ស៊ី អះអាងថា ប្រជាជនខ្មែរទាំងអ្នករស់នៅក្នុងស្រុក និងអ្នករស់នៅក្រៅស្រុកច្រើនលើសលប់ ដូចជានៅប្រទេសកូរ៉េខាងត្បូង ប្រទេសញូវហ្សេឡេន ប្រទេសជប៉ុន និងប្រទេសបារាំង ជាដើម កំពុងប្រឆាំងតវ៉ាមិនព្រមឲ្យលោក ហ៊ុន សែន កាត់ទឹកដីខ្មែរទាំង ៤ខេត្តដាក់ចូលទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ដាច់ខាត។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការដាក់ខេត្តខ្មែរចូលក្នុងតំបន់អភិវឌ្ឍន៍រួមគ្នានេះ លោកពិតជាមានការព្រួយបារម្ភពីអនាគតកូនខ្មែរជំនាន់ក្រោយ និងអនាគតប្រទេសជាតិខ្លាំងណាស់ដែលនឹងបាត់បង់ទឹកដីរបស់ខ្លួនទៅប្រទេសវៀតណាម។
លោក សម រង្ស៊ី បញ្ជាក់ថា ដើម្បីទប់ស្កាត់ការបាត់បង់ទឹកដីនៅថ្ងៃអនាគត ពលរដ្ឋខ្មែរម្ចាស់ប្រទេសទាំងអស់គ្នាត្រូវតែរួមគ្នាបញ្ឈប់ និងបញ្ចប់ទង្វើក្បត់ជាតិរបស់លោក ហ៊ុន សែន ចំពោះគម្រោងអភិវឌ្ឍន៍រួមគ្នាជាមួយវៀតណាម នៅពេលនេះ។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ថា យោងតាមសារព័ត៌មាននៃក្រសួងការពារជាតិវៀតណាម ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបង្ហាញថា ផលប្រយោជន៍ដ៏ធំបំផុតពីតំបន់ត្រីកោណអភិវឌ្ឍន៍ គឺប្រជាជនវៀតណាម អាចធ្វើដំណើរចេញចូលដោយសេរី ហើយមិនត្រូវការវីសា ឬទិដ្ឋាការឡើយក្នុងការឆ្លងដែនចូលប្រទេសកម្ពុជា និងប្រទេសឡាវ។
លោក អ៊ុំ សំអាន លើកឡើងថា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ យ៉ាងហោចណាស់មានប្រជាជនវៀតណាម ជាង ៧លាននាក់ក្នុងខេត្តទាំង ៥ របស់គេ រីឯកម្ពុជា មានប្រជាជនតែជាង ៥០ម៉ឺនប៉ុណ្ណោះ ដូច្នេះបើរដ្ឋាភិបាលវៀតណាម បង្ហូរជនជាតិវៀតណាម តែជាង ៣លាននាក់ចូលក្នុងទឹកដីខ្មែរក្នុងខេត្តទាំង ៤ នោះ វៀតណាមក៏នឹងអាចយកខេត្តទាំង៤ របស់កម្ពុជាដោយងាយស្រួលដែរនៅពេលអនាគត។
លោកអះអាងថា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចជាង ២សែនហិកតា (២៤៥៣០៤ហិកតា) នៅតំបន់អភិវឌ្ឍន៍ត្រីកោណដែលមានកម្មករជាង ៧សែននាក់ (៧៣៥៩១២នាក់) ហើយកម្មករទាំងនោះជាង ៩០% គឺជាជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម អស់ទាំងនោះ។
លោក អ៊ុំ សំអាន បញ្ជាក់ថា បច្ចុប្បន្ននេះ កម្មករវៀតណាម បានសង់ផ្ទះរស់នៅអចិន្ត្រៃយ៍ និងកើតកូនពូនជាចៅរាប់សែននាក់នៅក្នុងដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តខ្មែរទាំង ៤ នេះ ខណៈដីដែលក្រុមហ៊ុនវៀតណាម កំពុងគ្រប់គ្រងទាំងនោះ គឺត្រូវរដ្ឋាភិបាលជួលឱ្យវៀតណាម រាប់សិបឆ្នាំទៀត ដូច្នេះក្នុងរយៈពេលនៃការជួលនេះ មិនដឹងថាតើជនជាតិវៀតណាម នឹងបង្កើតកូនចៅរបស់ពួកគេច្រើនសែននាក់ប៉ុនណាទៀតនោះទេ។
ជុំវិញបញ្ហានេះ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលនេះថា ការដាក់ខេត្តខ្មែរទាំង ៤ ក្នុងតំបន់អភិវឌ្ឍន៍រួមគ្នានេះ គឺស្មើនឹងកាត់ទឹកដីខ្មែរឱ្យវៀតណាម រួចទៅហើយ។
ប្រភពដដែលលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៧៩ មក វៀតណាមបានឈ្លានពានយកប្រទេសកម្ពុជាដោយប្រើកម្លាំងទ័ព និងបន្តការឈ្លានពានដោយការបង្កាត់ពូជតាមរយៈនិគមជនវៀតណាម ដែលបង្ហូរឱ្យទៅរស់នៅលើទឹកដីកម្ពុជា ដោយសារគេមានប្រជាជនច្រើន៕