29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​ការ​អភិវឌ្ឍ​ប្រទេស​មិន​អាច​អនុវត្ត​តែ​ម្នាក់​ឯង​បាន​ទេ បើ​ទោះ​ដឹង​ថា​ដៃគូ​សហការ​មិន​ស្មោះត្រង់​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ដើម្បី​ធ្វើការ​អភិវឌ្ឍ គឺ​សុទ្ធតែ​ដើម្បី​ប្រយោជន៍​រៀង​ខ្លួន បើ​ទោះបី​ដឹង​ថា​ដៃគូ​របស់​ខ្លួន​មិន​ស្មោះត្រង់​ក៏ដោយ ក៏​មិន​អាច​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ដែរ ព្រោះ​ដើម្បី​ឱ្យ​ប្រទេស​រីកចម្រើន។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​របស់​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ នៅ​ថ្ងៃទី​០៦ ខែ​សីហា នេះ​ថា សម័យ​នេះ ការ​អភិវឌ្ឍ​ប្រទេស ឬ​ទំនាក់ទំនង​របស់​បុគ្គល​ណា​មួយ គឺ​មិន​អាច​រស់នៅ​ដាច់ដោយឡែក​ជាដាច់ខាត គឺ​ត្រូវតែ​មាន​ទំនាក់ទំនង និង​ការ​រកស៊ី​ជាមួយ​គ្នា​ដើម្បី​ភាព​រីកចម្រើន និង​ផល​ប្រយោជន៍​រៀង​ខ្លួន។

លោក ហ៊ុន ម៉ាណែត ប្រៀបធៀប​ថា បុគ្គល​ម្នាក់ៗ​តែងតែ​មាន​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ មិត្តភ័ក្ដិ ឬ​អ្នក​ជិតខាង ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ទេ​ថា មនុស្ស​ទាំងអស់​នោះ​សុទ្ធតែ​ស្មោះត្រង់ និង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ដោយ​សុទ្ធចិត្ត​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ត្រូវតែ​ពង្រឹង​ខ្លួនឯង​ឱ្យ​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង និង​មិន​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្នកដទៃ​នោះ​ទេ។

លោក​អះអាង​ថា អ្នក​ដឹកនាំ​ប្រទេស​ទាំងអស់​សុទ្ធតែ​គិត​អំពី​ផល​ប្រយោជន៍​ប្រទេស និង​ប្រជាជន​របស់​គេ​រៀងៗ​ខ្លួន ខណៈ​កម្ពុជា​ក៏​ដូច​គ្នា​ដែរ គ្រាន់តែ​ផល​ប្រយោជន៍​ខ្លះ​វា​អាច​ស៊ីសង្វាក់​ជាមួយ​គ្នា​ដើម្បី​រីកចម្រើន ប្រទាក់ក្រឡា​ក្នុង​នាម​ជា​មិត្តភ័ក្ដិ ស្រប​ពេល​ដែល​កម្ពុជា​ក៏​បាន​ពង្រឹង​ភាព​ម្ចាស់ការ និង​ធ្វើ​ខ្លួន​ឱ្យ​រឹងមាំ​រួច​ហើយ​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ សីហា នេះ​ថា លោក​ឯកភាព​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា​ការ​សហការ​គ្នា គឺ​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រទេស​រៀង​ខ្លួន ប៉ុន្តែ​ការ​ដែល​ដឹង​ថា​ដៃគូ​សហការ​មិន​ស្មោះត្រង់​ហើយ នៅតែ​សហការ​ទៀត នោះ​គឺជា​គំនិត​មិន​ត្រឹមត្រូវ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​រៀបរាប់​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ​បាន​បង្ហាញ​ថា​គាត់​បាន​ដឹង​ហើយ​ថា​វៀតណាម មិន​ស្មោះត្រង់​នឹង​កម្ពុជា ប៉ុន្តែ​ហេតុ​អ្វី​គាត់​នៅតែ​បន្ត​សហការ​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​វៀតណាម ទៀត ព្រោះ​ការ​សហការ​រកស៊ី​ជាមួយ​អ្នក​ដែល​មិន​ស្មោះត្រង់ គឺ​មាន​តែ​វិនាស​ហិនហោច​តែប៉ុណ្ណោះ មិន​អាច​រីកចម្រើន​ទៅ​មុខ​បាន​ទេ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ថា លោក​នឹង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដាក់​ខេត្ត​ព្រះវិហារ មួយ​ទៀត​ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​នេះ​ឱ្យ​មាន​ភាព​ជឿនលឿន​ដូច​ខេត្ត​ដទៃ​ទៀត​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស