មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងសម្ដែងការព្រួយបារម្ភថា ប្រសិនបើដីខ្មែរក្នុងខេត្តមួយចំនួននៅតំបន់ត្រីកោណត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិដោយជាប់ពាក់ព័ន្ធនឹងកងកម្លាំងយោធាវៀតណាម មែននោះ ខេត្តដែលបានដាក់ចូលក្នុងតំបន់នេះ គឺគ្មានសង្ឃឹមដកយកមកវិញបានទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ សីហា នេះថា ផែនការក្រុងហាណូយ មានតែមួយគត់ គឺគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល ទោះជាត្រូវប្រើវិធីបែបណាក៏ដោយ។
លោកបន្តថា ប្រទេសវៀតណាម មិនមែនមិនមានបំណងចង់បានខេត្តខ្មែរទាំង ៤ ក្នុងតំបន់ត្រីកោណនេះទេ ហើយក៏មិនមែនដើម្បីអភិវឌ្ឍឲ្យរីកចម្រើនរួមគ្នាជាមួយកម្ពុជា ដូចការអះអាងរបស់លោក ហ៊ុន សែន ដែរ។
លោក អ៊ុំ សំអាន លើកឡើងថា ភស្តុតាងជាឯកសារបានបញ្ជាក់យ៉ាងច្បាស់ពីកិច្ចប្រជុំលើកទី១០ នៅទីក្រុងហាណូយ ក្នុងឆ្នាំ២០១៨ វៀតណាម បានស្នើឱ្យប្រទេសកម្ពុជា និងប្រទេសឡាវ ដាក់ប្រទេសទាំងមូលជាបណ្តើរៗចូលក្នុងតំបន់ត្រីកោណដើម្បីអភិវឌ្ឍរួមគ្នា ដែលក្នុងខ្លឹមសារនេះគឺមានន័យថា រដ្ឋាភិបាលនៃប្រទេសទាំងបី នឹងដាក់ខេត្តរៀងៗខ្លួនចូលក្នុងតំបន់នេះម្តងមួយខេត្តៗរហូតដាក់ប្រទេសទាំងមូលតែម្តង។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះបញ្ជាក់ថា ដោយសារតែខេត្តខ្មែរត្រូវបានដាក់ចូលក្នុងតំបន់ត្រីកោណនេះ ដូច្នេះការទិញ លក់ និងផ្ទេរកម្មសិទ្ធិក្នុងចំណោមពលរដ្ឋវៀតណាម រហូតដល់អង្គភាពយោធាវៀតណាម ក៏ទំនងជាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដែរ ព្រោះផែនការវៀតណាម គឺលេបត្របាក់ដីខ្មែរដើម្បីបង្កើតជាសហព័ន្ធឥណ្ឌូចិន ដែលអាចឱ្យវៀតណាម គ្រប់គ្រងប្រទេសទាំងបីជានិរន្តរ៍ទៅថ្ងៃមុខ។
សារព័ត៌មាន The Cambodia Daily ធ្លាប់ទទួលបានទិន្នន័យពីរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញថា ការលក់ដូរ និងការផ្ទេរកម្មសិទ្ធិដីក្នុងខេត្តរតនគិរី មានទំហំជិត ៤ម៉ឺនហិកតា (៣៩៥៨៤ហិកតា) ដែលគ្រប់គ្រងដោយមេបញ្ជាការអង្គភាពលេខ១៥ នៃកងទ័ពប្រជាជនវៀតណាម។ ទន្ទឹមគ្នានេះ មានដីសម្បទានសេដ្ឋកិច្ចចំនួន៣ ក៏មានជាប់ទាក់ទងនឹងយោធាវៀតណាម ដែរ។
ឧទាហរណ៍ជាក់ស្តែង លោក ផាំ វ៉ាន់ជាង (Pham Van Giang) គឺជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូ ៧២ រតនគិរី (Aphivath Caoutchouc 72 Ratanakiri Co., Ltd) ហើយក៏ជាមេបញ្ជាការនៃកងអនុសេនាធំ៧២ នៃយោធាវៀតណាម ផងដែរ។
ជុំវិញបញ្ហានេះ សេចក្តីរាយការណ៍ពីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយកាលពីចុងឆ្នាំ២០២៣ ជុំវិញដីសម្បទានក្នុងខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ថា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាជាង ២០ម៉ឺនហិកតា (២៤៥៣០៤ហិកតា) នៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម និងឡាវ ក្រោមកិច្ចសន្យារយៈពេល ៩៩ឆ្នាំ។
បញ្ហាទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ មិនមែនជារឿងថ្មីនោះទេ។ ក្រុមអង្គការសង្គមស៊ីវិលខ្លះបានផ្សាយតាំងពីឆ្នាំ២០០០ រួមទាំងសារព័ត៌មាន The Cambodia Daily ដែលផ្សាយយ៉ាងលម្អិតតាំងពីឆ្នាំ២០១៤ មក ប៉ុន្តែពលរដ្ឋខ្មែរហាក់ដូចជាមិនខ្វល់ខ្វាយភ្ញាក់ផ្អើលប៉ុន្មានទេ រួមទាំងបក្សនយោបាយ ២០-៣០ នោះផង។ នេះឆ្លុះឲ្យឃើញថា ពលរដ្ឋខ្មែរច្រើនតែជ្រួលច្របល់នឹងរឿងអ្វីមួយដែលវាដូចជាហួសពេលទៅហើយ៕