ក្រុមបាតុករខ្មែររាប់ម៉ឺននាក់ក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី ព្រមានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថាបើមិនព្រមដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណរួមគ្នាជាមួយឡាវ និងវៀតណាម ទេ មានតែប្រជាពលរដ្ឋប្រើសិទ្ធិទម្លាក់រដ្ឋាភិបាលសួពូជថ្មីនេះវិញតែប៉ុណ្ណោះ ដើម្បីការពារទឹកដីខ្មែរ។
គណៈកម្មការបាតុកម្មប្រចាំសាធារណរដ្ឋកូរ៉េ លោក យ៉ង់ ស៊ីណេត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ សីហា នេះថា បើរដ្ឋាភិបាលកម្ពុជាមិនព្រមដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមគ្នាជាមួយវៀតណាម ទេ ពលរដ្ឋខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ក៏មិនបញ្ឈប់ការធ្វើបាតុកម្មដែរ ព្រោះនេះគឺសិទ្ធិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិចូលរួមកិច្ចការប្រទេសជាតិ និងសិទ្ធិធ្វើបាតុកម្មនៅគ្រប់ទីកន្លែង ដើម្បីទាមទារឱ្យរដ្ឋាភិបាលគិតគូរពីប្រយោជន៍ជាតិ និងប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោក យ៉ង់ ស៊ីណេត អះអាងថា ពលរដ្ឋខ្មែរមានសិទ្ធិពេញលេញក្នុងនាមជាម្ចាស់វាសនាលើទឹកដីរបស់ខ្លួន ក្នុងការចូលរួមការពារតាមរយៈនៃការសម្ដែងមតិតវ៉ាទាមទារនូវការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាល ដូច្នេះបើរាជរដ្ឋាភិបាលនៅតែបន្តរំលោភបំពានឆន្ទៈរបស់ប្រជាពលរដ្ឋទៀតនោះ កំហឹងពលរដ្ឋខ្មែរនៅទូទាំងពិភពលោក និងកំហឹងពលរដ្ឋខ្មែរនៅក្នុងប្រទេស ច្បាស់ជាផ្ទុះការតវ៉ាកាន់តែខ្លាំងជាងនេះ។
សកម្មជនសង្គមប្រចាំប្រទេសកូរ៉េខាងត្បូង រូបនេះសម្ដែងមោទនភាពដែលប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ជាង ៣ម៉ឺននាក់ ចេញធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដើម្បីឱ្យរាជរដ្ឋាភិបាលប្រទេសកម្ពុជាដកខ្លួនចេញពីគម្រោងនេះវិញ។
លោក យ៉ង់ ស៊ីណេត អំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរនៅគ្រប់ទិសទី ក្រោកឡើងចូលរួមការពារទឹកដីរបស់ខ្លួនប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ លុះត្រាតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដកខ្លួនចេញពីគម្រោងនេះ ដើម្បីការពារទឹកដីខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ។
គណៈកម្មការបាតុកម្មរូបនេះបញ្ជាក់ថា បើខ្មែរបាត់បង់ទឹកដី ខ្មែរក៏ប្រាកដជានឹងបាត់បង់ពូជសាសន៍ដែរ ដូច្នេះពូជសាសន៍ខ្មែរដែលមានកេរ្តិ៍ឈ្មោះដ៏រុងរឿង និងជាពូជសាសន៍កសាងអង្គរដ៏មហិមាមិនមែនជាទំនិញសម្រាប់គ្រួសារអ្នកមានអំណាចវេចខ្ចប់ធ្វើជាកាដូប្រគល់ឱ្យបរទេសជិតខាង ដើម្បីដោះដូរនឹងអំណាចនោះទេ។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ប្រមាណជាង ៣ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីសេអ៊ូល ទាមទារឱ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ក្រោមហេតុផលថា គម្រោងអភិវឌ្ឍន៍នេះគឺជាល្បិចឈ្លានពានទឹកដីខ្មែរពីប្រទេសវៀតណាម។
ជុំវិញការធ្វើបាតុកម្មនេះ ប្រជាពលរដ្ឋដែលរស់នៅប្រទេសជប៉ុន និងប្រទេសអូស្ត្រាលី រាប់ពាន់នាក់ ក៏បានចេញធ្វើបាតុកម្មប្រឆាំងតវ៉ាទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍នេះដែរកាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។
ការធ្វើបាតុកម្មនេះ ក្រុមបាតុករបានកាន់បដារូបសកម្មជនសង្គមដែលត្រូវរដ្ឋាភិបាលចាប់ខ្លួនជុំវិញការរិះគន់តំបន់អភិវឌ្ឍន៍ត្រីកោណ ដូចជា លោក ស្រ៊ុន ស្រ៊ន លោក នី ណាក់ លោក កើត សារ៉ាយ និងកញ្ញា ភឹង សោភា ជាដើម ក្នុងបំណងឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពពេញលេញឡើងវិញ។
ដំណាលពេលគ្នានោះ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកប្រជាពលរដ្ឋខ្មែរដែលចេញធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ ថាជាក្រុមប្រឆាំងជ្រុលនិយមក្នុងចេតនាបំផ្លាញប្រទេសកម្ពុជា និងសន្តិភាព។
អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បញ្ជាក់ជំហរថា ខ្លួនប្ដេជ្ញាការពាររដ្ឋាភិបាលសួពូជថ្មីដែលមានលោក ហ៊ុន ម៉ាណែត កំពុងដឹកនាំសព្វថ្ងៃនេះឱ្យបានដាច់ខាត ដោយការតាមបង្ក្រាប កម្ទេច កម្ចាត់ចោលក្រុមដែលបះបោរដែលមានបំណងបង្កវិទ្ធង្សនាផ្សេងៗ ទោះជាស្ថិតក្នុងរូបភាពបែបណាក៏ដោយ។
ទាក់ទងនឹងការធ្វើបាតុកម្មនៃពលរដ្ឋខ្មែរនៅក្រៅប្រទេស លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា នេះជាសិទ្ធិរបស់ពលរដ្ឋខ្មែរ ប៉ុន្តែយុវជនខ្មែរប្រយ័ត្នចាញ់បោកក្រុមជ្រុលនិយមដែលមានបំណងចង់ដុតបំផ្លាញប្រទេសជាតិ និងរុញប្រទេសឱ្យធ្លាក់ទៅក្នុងភាពវឹកវរ និងសង្គ្រាមស៊ីវិលឡើងវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះថា ក្រុមជ្រុលនិយមនឹងមិនអាចសម្រេចផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋបានឡើយ ខណៈរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យជាតិទឹកដី។
ជុំវិញបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ សីហា នេះថា ស្មារតីរឹងមាំស្នេហាជាតិនៅមានពេញខ្លួនយុវជនខ្មែរគ្រប់ទីកន្លែង ព្រោះរបបដឹកនាំរបស់ត្រកូលហ៊ុន បានធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ធនធានធម្មជាតិ សម្បត្តិជាតិ និងបាត់បង់ទឹកដីទាំងមូលទៅប្រទេសជិតខាង។ លោក សម រង្ស៊ី បញ្ជាក់ថា បាតុកម្មនេះគឺជាបាតុកម្មការពារទឹកដី មិនមែនបាតុកម្មដើម្បីនិន្នាការនយោបាយឡើយ៕