អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រទេសកម្ពុជា យកកងទ័ពបង់ក្លាដេស ជាគំរូ ដែលបានក្រោកឈរឡើងជាមួយពលរដ្ឋទម្លាក់មេដឹកនាំផ្ដាច់ការបង់ក្លាដេស ខណៈមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ព្រមានបង្ហូរឈាម បើពលរដ្ឋខ្មែរដើរហួសគំនូសក្រហម។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ សីហា នេះថា កងទ័ពការពារជាតិខ្មែរ ត្រូវតែយកកងទ័ពបង់ក្លាដេស ជាគំរូ ព្រោះកងទ័ពបង់ក្លាដេស បានក្រោកឈរឡើងជាមួយប្រជាជន ទម្លាក់មេដឹកនាំផ្ដាច់ការបង់ក្លាដេស ដោយជោគជ័យកាលពីពេលថ្មីៗនេះ។
ការអះអាងនេះ ធ្វើឡើងទំនងជាលោក សម រង្ស៊ី មានបំណងជំរុញឱ្យប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធក្រោកឈរឡើងជាមួយគ្នា ដើម្បីប្រឆាំងនឹងការដឹកនាំរបស់ក្រុមគ្រួសារលោក ហ៊ុន សែន សព្វថ្ងៃនេះ ជាពិសេសប្រឆាំងនឹងការដាក់ខេត្តខ្មែរចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម បច្ចុប្បន្ននេះ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេងប្រវែងជិត ៦០នាទី ដោយព្រមានថា បើប្រជាពលរដ្ឋខ្មែរដើរលើសគំនូសក្រហម នោះការបង្ហួរឈាមច្បាស់ជានឹងកើតមានឡើង ព្រោះរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសផ្សេងទេដើម្បីការពារសន្តិភាពជូនប្រជាជន។
លោក ហ៊ុន សែន គំរាមថា អ្នកដែលចង់ធ្វើបាតុកម្ម និងអ្នកដែលចូលរួមជាមួយក្រុមមួយក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាមដែលមានឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» ត្រូវបញ្ឈប់គំនិតនេះ និងត្រូវដកខ្លួនជាបន្ទាន់ បើមិនចង់ជាប់ទោសចំពោះអ្នកដែលសមត្ថកិច្ចមិនទាន់ចាប់ខ្លួន។
លោកបន្ថែមថា សម្រាប់អ្នកដែលសមត្ថកិច្ចចាប់ខ្លួនរួចហើយនោះ គឺត្រូវដាក់ទោសតាមយថាកម្មចាប់ពីពេលនេះតទៅ។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា បណ្ដាញទំនាក់ទំនងតេឡេក្រាមឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» មានគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈកម្លាំង ក្នុងនោះរាប់ទាំងកម្លាំងហិង្សាដែលប្រើប្រាស់ដោយមហាជន និងកម្លាំងប្រដាប់អាវុធដែលអ្នករស់នៅក្រៅស្រុកបានញុះញង់។
ការគំរាមរបស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ ជាពិសេសគឺការទាមទារឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណជាមួយវៀតណាម តែម្តង។
ក្រោយការគំរាមរបស់លោក ហ៊ុន សែន គេកត់សម្គាល់ឃើញថា ក្រសួងស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ បានចេញសេចក្តីថ្លែងការណ៍គាំទ្រលោក ហ៊ុន សែន ដែលព្រមានកម្ទេចអ្នកដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់នៅពេលនេះ៕