ក្រុមអ្នកវិភាគអះអាងថា ការប្រកាសជំហររបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដែលបដិសេធមិនព្រមដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) បានបង្ហាញថា មិនលើសពី ៥០ឆ្នាំទៀតទេ ប្រទេសកម្ពុជានឹងត្រូវវៀតណាម គ្រប់គ្រងទាំងស្រុងតាមរយៈគម្រោងដ៏គ្រោះថ្នាក់នេះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានបញ្ចេញវីដេអូឃ្លីបកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះថា កម្ពុជានឹងត្រូវវៀតណាម ត្រួតត្រាដូចប្រទេសឡាវ ជាមិនខាន ក្នុងរយៈពេលយ៉ាងយូរត្រឹមតែ ៥០ឆ្នាំទៀតប៉ុណ្ណោះ ឱ្យតែប្រទេសកម្ពុជានៅតែបន្តគប់គិតជាមួយវៀតណាម ក្នុងគម្រោងអភិវឌ្ឍន៍ក្រោមផែនការវៀតណាម មួយនេះ។
អ្នកវិភាគរូបនេះអះអាងថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានអាយុត្រឹម ៤០ឆ្នាំចុះក្រោមសព្វថ្ងៃនេះ ហើយអាចបន្តរស់នៅរហូតដល់ ៥០ឆ្នាំទៀត នោះប្រាកដជានឹងឃើញទឹកដីខ្មែរត្រូវបាត់បង់ទៅវៀតណាម នៅពេលនោះដោយផ្ទាល់ភ្នែកជាមិនខានឡើយ។
លោក គឹម សុខ បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមិនត្រូវបណ្តែតបណ្តោយឱ្យគ្រួសារត្រកូលហ៊ុន បន្តដឹកនាំប្រទេសកម្ពុជាដើម្បីជួយអនុវត្តបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរពីសំណាក់ប្រទេសវៀតណាម តាមរយៈគម្រោងអភិវឌ្ឍន៍ត្រីកោណនេះទេ ព្រោះគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ កំពុងបង្កគ្រោះថ្នាក់ដល់ទឹកដីខ្មែរ ជាងផែនការវៀតណាម ឈ្លានពានទឹកដីខ្មែរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទៅទៀត។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បញ្ចេញខ្សែអាត់ជាសារសំឡេងពិសេសជុំវិញការបកស្រាយលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថា កម្ពុជាមិនបានដាក់ដីទាំង ៤ខេត្តទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ ក្នុងតំបន់ត្រីកោណនេះទេ។
លោកថា ការដាក់បញ្ចូលខេត្តខ្មែរក្នុងតំបន់នេះ គឺជាកម្រិតកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ ដែលប្រទេសទាំង៣ មានជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋខ្មែរបែងចែកឱ្យច្បាស់រវាងការអភិវឌ្ឍរួម និងសហប្រតិបត្តិការ។
លោក ហ៊ុន សែន អះអាងថា កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣ គឺមានន័យថា ភាគីខាងឡាវ និងវៀតណាម អាចឆ្លងមកធ្វើទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ក៏អាចឆ្លងជាទេសចរណ៍ទៅប្រទេសវៀតណាម ដែរ ដោយមានការសម្រួលគ្នាទៅវិញទៅមក និងមានបែបបទច្បាស់លាស់ទៅវិញទៅមកផងដែរ ដែលមានការព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។
ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះបញ្ជាក់ថា រយៈពេល ២៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ ខេត្តទាំង៤ ក្នុងតំបន់ត្រីកោណមានការរីកចម្រើនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈផ្លូវគមនាគមន៍ក៏ត្រូវបានកសាងខ្វាត់ខ្វែងដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅព្រឹកត្រឡប់មកវិញល្ងាចក៏បាន ដូច្នេះលោកនឹងមិនយកដីទាំង ៤ខេត្តក្នុងតំបន់នេះ ទៅដាក់លើមេឃឯណានោះទេ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ សីហា នេះថា ការប្រកាសជំហរមិនព្រមដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) របស់លោក ហ៊ុន សែន កាន់តែបង្ហាញថាមេដឹកនាំខ្មែររូបនេះនៅតែមានគំនិតបម្រើមហិច្ឆតាឈ្លានពានរបស់វៀតណាម ដដែល។
លោក ម៉ែន ណាត លើកឡើងថា ពលរដ្ឋខ្មែរលែងជឿលើការបកស្រាយរបស់លោក ហ៊ុន សែន ទៀតហើយ ព្រោះជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់បានចូលទៅរស់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងក្នុងរបបដឹកនាំរបស់គាត់។ ជាងនេះទៀត លោក ហ៊ុន សែន ក៏បានធ្វើសម្បទានកោះត្រល់ ចង្កោមកោះក្រចកសេះ ឱ្យវៀតណាម ដែរ។
លោកថា ពលរដ្ឋខ្មែរដែលរស់នៅតាមព្រំដែន បានបាត់បង់ស្រែចម្ការទៅវៀតណាម យ៉ាងច្រើនក្រោយការបោះបង្គោលព្រំដែនថ្មី ដែលធ្វើឡើងដោយស្ងាត់ៗរវាងលោក ហ៊ុន សែន ជាមួយនឹងភាគីវៀតណាម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា បើលោក ហ៊ុន សែន ចង់ឱ្យប្រជាពលរដ្ឋខ្មែរជឿលើការដឹកនាំរបស់គាត់ មេដឹកនាំបក្សកាន់អំណាចរូបនេះត្រូវតែចេញមុខលុបបំបាត់នូវសន្ធិសញ្ញាខុសច្បាប់ដែលគាត់ធ្លាប់ចុះកិច្ចព្រមព្រៀងជាមួយវៀតណាម ទាំងអស់ និងអនុវត្តច្បាប់អន្តោប្រវេសន៍បញ្ជូនពលរដ្ឋវៀតណាមខុសច្បាប់ទៅប្រទេសកំណើតរបស់ពួកគេវិញជាបន្ទាន់។
ចំណែកអតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងកាលពីពេលថ្មីៗនេះថា វៀតណាមជាប្រទេសក្បែរខាងកម្ពុជា ប៉ុន្តែអ្នកជិតខាងមួយនេះគឺប្រៀបដូចជាជាពស់ថ្លាន់អ៊ីចឹង។
លោកថា វៀតណាមកំពុងបបោសអង្អែលខ្មែរក្នុងបំណងលេបយកទឹកដីទាំងមូលដោយមធ្យោបាយត្រជាក់ និងស្ងប់ស្ងាត់បំផុត។
លោក ស៊ឹង សែនករុណា ចោទសួរថា ហេតុអ្វីបានជារដ្ឋាភិបាលលាក់បាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) អស់រយៈពេល ២៥ឆ្នាំជាមួយនឹងប្រជាពលរដ្ឋខ្មែរ។ លោកថា រដ្ឋាភិបាលត្រូវបកស្រាយពីមូលហេតុពិតប្រាកដ ដើម្បីឱ្យប្រជាពលរដ្ឋដឹងពីការពិតនៃគម្រោងនេះ។
អតីតមន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះព្រមានថា បើគ្មានការបកស្រាយសមហេតុសមផលទេ នោះការតវ៉ាពីប្រជាពលរដ្ឋក៏ប្រហែលជាមិនអាចស្ងប់ទៅវិញបានដែរ ព្រោះតែពលរដ្ឋព្រួយបារម្ភពីការបាត់បង់ទឹកដី។
គួរកត់សម្គាល់ថា៖ ការអះអាងពីលោក ហ៊ុន សែន ថាមានការរីកចម្រើនដ៏អស្ចារ្យនៅតំបន់ភាគឦសានក្នុងរយៈពេល ២៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងនោះ គេមិនដែលឃើញលោក ហ៊ុន សែន ទៅសម្ពោធសមិទ្ធផលអ្វីមួយដុំកំភួននៅទីនោះទេ។ ចំពោះការអះអាងថាការរីកចម្រើនបានសម្រួលដំណើរពលរដ្ឋធ្វើទេសចរណ៍ឆ្លងដែនទៅវិញទៅមក ទៅព្រឹកវិលល្ងាចនោះ ជនជាតិយៀកណាម ចូលមកបោះទីលំនៅរាវរ៉ែត្បូងក្នុងទីប្រជុំជនស្រុកបរកែវ អណ្ដូងមាស និងតាវែង មិនបាច់វិលវិញតាំងពីដើមទសវត្ស១៩៩០ មកម្ល៉េះ៕