ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍សមភាគីវៀតណាម លោក To Lam ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីលោកត្រូវបានដំឡើងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ លោក To Lam អាយុ ៦៧ឆ្នាំ បានទៅកាន់ប្រទេសចិន ជាថ្មីម្ដងទៀត បន្ទាប់ពីលោកក្លាយជាមេដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី៣ សីហា ដែលទស្សនកិច្ចរបស់លោក To Lam គឺជាការឆ្លុះបញ្ចាំងពីសារសំខាន់ដ៏ធំធេងនៃទំនាក់ទំនងទ្វេភាគី។
អ្នកសង្កេតការណ៍មើលឃើញបក្សកុម្មុយនីស្តយៀកណាម CPV យកគំរូតាមចិន ត្រង់អ្នកដឹកនាំម្នាក់កាន់តំណែងជាប្រធានាធិបតី ដែលជានិមិត្តរូបជាតិផង ជាមេបក្សកុម្មុយនីស្តផង ដែលមានអំណាចធំជាងតំណែង៣ ឯទៀតក្នុងពេលជាមួយគ្នា។
ក្នុងជំនួបនៅទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានលើកឡើងថា ផ្លូវនៃទំនាក់ទំនងទ្វេភាគីនឹងត្រូវពង្រីកកាន់តែធំធេងថែមទៀត គឺសំដៅធ្វើដំណើរជាមួយគ្នា ដើម្បីអនាគតនៃប្រទេសទាំងពីរដែលត្រូវដើរលើផ្លូវសហប្រតិបត្តិការល្អ និងជាមិត្តភាពជានិរន្តរ៍។
លោក ស៊ី ជីនពីង បានប្រាប់លោកប្រធានាធិបតីវៀតណាម To Lam ថា លោកមានបំណងចង់បង្កើតទំនាក់ទំនងការងារល្អៗ និងមិត្តភាពជាមួយវៀតណាម ហើយឆ្ពោះទៅដល់ការបង្កើតសហគមន៍ចិន និងវៀតណាម សម្រាប់អនាគតនៃមនុស្សជំនាន់ក្រោយ។ អ្នកវិភាគខ្លះថា យៀកណាម ដើរនយោបាយចាក់ខ្សែ។
សារព័ត៌មានចិន Global Time ក៏បានចេញសេចក្ដីថ្លែងការណ៍សាទរវត្តមានរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក To Lam ដោយចាត់ទុកថាប្រទេសទាំងពីរបន្តធ្វើសកម្មភាពរួមគ្នា និងយោគយល់គ្នា ឆ្ពោះទៅរកការកែលំអនូវចំណុចអសកម្មទាំងឡាយដែលកើតមានកន្លងមក។
ប្រទេសជិតខាងទាំងពីរនេះធ្លាប់បានប្រយុទ្ធគ្នាក្នុងសង្គ្រាមតាមព្រំដែននៅឆ្នាំ១៩៧៩ ហើយបានចាប់ផ្ដើមមានទំនាក់ទំនងការទូតល្អជាមួយគ្នាឡើងវិញនៅឆ្នាំ១៩៩១។ ក្នុងឆ្នាំ១៩៧៤ ចិន និងវៀតណាម ប៉ះទង្គិចគ្នាដោយប្រដាប់អាវុធករណីជម្លោះនៅប្រជុំកោះប៉ារ៉ាហ្សែល នៅសមុទ្រចិនខាងត្បូង។
ប្រជាជនវៀតណាម ជារឿយៗបានធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតចិន ដោយទាមទារឲ្យចិន បញ្ឈប់ការរំលោភអធិបតេយ្យភាពដែនសមុទ្រវៀតណាម។ ប្រជាជនវៀតណាម ដែលធ្វើការតវ៉ាដូចនេះកាលពី ១០ឆ្នាំមុននោះ ហើយនៅពេលនេះករណីចិន បំពានតំបន់នេសាទរបស់វៀតណាម នៅសមុទ្រចិនខាងត្បូង នៅតែបន្តកើតមានរហូតដល់វៀតណាម បញ្ជូននាវាល្បាតទៅប្រឈមមុខនឹងនាវាល្បាតរបស់ចិន។
ក្នុងស្ថានភាពដែលចិន ចេះតែបំពានដែនទឹករបស់វៀតណាម នៅសមុទ្រចិនខាងត្បូង គេសង្កេតឃើញវៀតណាម តែងតែពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសនៅអឺរ៉ុប ក្នុងគោលដៅស្វែងរកកម្លាំងសាមគ្គីភាពជាមួយប្រទេសទាំងអស់នេះ ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិកតែងតែទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់តាំងពីប្រទេសទាំងពីរ អាមេរិកនិងវៀតណាម ស្ដារទំនាក់ទំនងការទូតជាមួយគ្នានៅដើមទសវត្ស១៩៩០។
កាលពីខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅទីក្រុងហាណូយ។ ទស្សនកិច្ចរបស់លោក ចូ បៃដិន បានលើកទឹកចិត្តប្រទេសវៀតណាម កាន់តែមានមោទនភាពនៅចំពោះមុខចិន ជាមួយនឹងការផ្ដល់ទៅឲ្យវៀតណាម នូវកម្លាំងថាមពលសេដ្ឋកិច្ច និងឧស្សាហកម្មបច្ចេកវិទ្យា ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានរើរោងចក្រផលិត Chip រហូតដល់បង្កើនរោងចក្រជាច្រើននៅវៀតណាម ទៀតផង។
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម រូបនេះ ក៏បានធ្វើដំណើរទៅកាន់ខេត្តមួយនៃប្រទេសចិន ក្នុងទស្សនកិច្ច ៣ថ្ងៃរបស់លោក។ ក្នុងទស្សនកិច្ចនោះ លោក To Lam បានជួបនាយករដ្ឋមន្ត្រីចិន លី គៀង រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។ ជាមួយគ្នានេះ វៀតណាម និងចិន បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរួមគ្នាទាំងសេដ្ឋកិច្ច និងសន្តិសុខតំបន់ រួមទាំងសន្យាបញ្ចៀសការប៉ះទង្គិចគ្នាតាមព្រំដែនទៀតផង។
តើវៀតណាម អាចដើរចេញពីពួកបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិកដែរឬទេ?
វៀតណាម ជាប្រទេសដែលមានថាមពលខ្លាំងមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសដែលមានប្រជាជនជិត ១០០លាននាក់នេះ នៅតែស្ថិតនៅក្នុងប្រព័ន្ធដឹកនាំកុម្មុយនីស្តនៅឡើយទេ។ រយៈពេលចុងក្រោយនេះ មេដឹកនាំវៀតណាម គ្រប់ជាន់ថ្នាក់ទាំងអស់ ក៏តែងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងទៅកាន់បណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក។ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាម ធ្វើឡើងនៅពេលដែលវៀតណាម ត្រូវការឥទ្ធិពលរបស់ពួកបស្ចិមប្រទេស ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន ករណីជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។
តែចុងក្រោយនេះ គេសង្កេតឃើញវៀតណាម បានព្យាយាមចង់បានយន្តហោះចម្បាំងពីសហរដ្ឋអាមេរិក តែចុងក្រោយ ក្រុងហាណូយ បានសម្រេចព្យួរការស្នើទិញ F-16 ពីក្រុងវ៉ាស៊ីនតោន។
មូលហេតុដែលគេថា វៀតណាមមិនហ៊ានប្រើប្រាស់អាវុធអាមេរិកាំង ព្រោះតែមិនចង់ប្រឈមមុខនឹងចិន ទេ។ ដូច្នេះ គេថាទស្សនកិច្ចរបស់មេដឹកនាំវៀតណាម ជាច្រើននាក់ ដែលធ្វើដំណើរទៅចិន ជាញឹកញាប់នេះ ក៏ដើម្បីចង់ឲ្យចិន ដឹងថា វៀតណាមមិនចោលចិន បាននោះទេ។
យ៉ាងណា វៀតណាមដែលមានទំហំសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប យ៉ាងធំធេងដូចនឹងប្រទេសចិន ផងដែរនេះ គឺប្រទេសនៃសមាគមអាស៊ានមួយនេះត្រូវគេមើលឃើញថា មានភាពឆ្លាតវាងវៃក្នុងការឱបក្រសោបសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាមេរិក និងសហភាពអឺរ៉ុប ប៉ុន្តែក៏មិនអាចចោលបានផងដែរទំនាក់ទំនងសន្តិសុខជាតិជាមួយអាមេរិក។
ជាក់ស្ដែងចុងក្រោយនេះ វៀតណាមបានទិញយន្តហោះយោធាជាយន្តហោះដឹកជញ្ជូនដ៏ធំ ធុន C-130 និងនាវាល្បាតសមុទ្រជាច្រើនគ្រឿងដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីយកមកបម្រើវិស័យការពារជាតិវៀតណាម។
ចំណុចនេះហើយដែលគេមើលឃើញថា វៀតណាមចោលសហរដ្ឋអាមេរិកមិនបានដាច់ខាត ចោលពួកបស្ចិមប្រទេសមិនបានដាច់ខាត ហើយក៏មិនអាចចោលមហាយក្សចិន ជាអ្នកជិតខាងបានផងដែរ។ គេថាមេដឹកនាំវៀតណាម កំពូលអ្នកមគ្គុទ្ទេសក៍ដើម្បីជាតិសាសន៍របស់ខ្លួន និងដើម្បីឥទ្ធិពលរបស់ខ្លួន៕