រាជរដ្ឋាភិបាលនឹងរៀបចំឱ្យពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ទៅសិក្សាស្វែងយល់នៅព្រំដែនក្នុងតំបន់នៃគម្រោងសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីមានការប្រឆាំងតវ៉ានឹងការដាក់ខេត្តខ្មែរបួនក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងនាំពលរដ្ឋចុះទៅពិនិត្យពីភាពរីកចម្រើននៅតំបន់ CLV-DTA ដោយមានការសហការរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងគណៈកម្មការកិច្ចការព្រំដែន។
ប្រភពដដែលអះអាងថា លោកនឹងរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនទៅកាន់តំបន់ព្រំដែន ដើម្បីឱ្យមើលឃើញស្ថានភាពជាក់ស្ដែងនៅទីនោះផ្ទាល់ កុំឱ្យជឿគេដែលចេះតែថា។
គួររំឭកថា៖ ក្នុងទសវត្ស១៩៦០ រាជរដ្ឋាភិបាលបានរៀបចំដឹកនាំគណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យអន្តរជាតិដែលមានសមាជិកពីប្រទេសបី ឥណ្ឌាតំណាងឲ្យប្រទេសមិនចូលបក្សសម្ព័ន្ធ កាណាដាតំណាងឲ្យប្រទេសលោកសេរី និងប៉ូឡូញតំណាងឲ្យប្លុកសង្គមនិយម/កុម្មុយនីស្ត ហៅកាត់ថា ICC (International Control Commission) ដើម្បីទៅពិនិត្យតំបន់ព្រំដែននៅភាគឦសាន បន្ទាប់ពីសហរដ្ឋអាមេរិក ចោទរាជាណាចក្រកម្ពុជាថាជួយផ្តល់ជម្រកឲ្យទ័ពព្រៃយៀកណាមខាងជើង-យៀកកុង លាក់ខ្លួនធ្វើសកម្មភាពវាយប្រហារទៅលើប្រទេសយៀកណាមខាងត្បូង ជាសម្ព័ន្ធមិត្តអាមេរិកាំង និងទៅលើកងទ័ពអាមេរិកាំងក្នុងសង្គ្រាមយៀកណាម។
គណៈប្រតិភូអន្តរជាតិ ICC ទៅដល់ទីតាំង មើលមិនឃើញអ្វីទាំងអស់ដូចការចោទប្រកាន់ ពីព្រោះក្រសួងកិច្ចការបរទេសខ្មែរ បានផ្តល់ដំណឹងទៅដល់ពួកទ័ពព្រៃកុម្មុយនីស្តមុនរួចជាស្រេចទៅហើយ។
ការអះអាងពីមន្ត្រីរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមានការប្រឆាំងតវ៉ានឹងការដាក់ខេត្តខ្មែរក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរចេញធ្វើបាតុកម្មតវ៉ាទាមទារឱ្យបញ្ឈប់គម្រោងនេះជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលកម្ពុជាក៏បានបញ្ចេញកងកម្លាំងប្រដាប់អាវុធចល័តពេញទីក្រុងភ្នំពេញ ត្រៀមបង្ក្រាបបាតុកម្មប្រឆាំងនឹងគម្រោងនេះផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ការមិនសុខចិត្តរបស់ប្រជាពលរដ្ឋខ្មែរនៅពេលនេះ គឺចង់ឱ្យរដ្ឋាភិបាលដកខ្លួនចេញឱ្យផុតពីគម្រោងអភិវឌ្ឍន៍ត្រីកោណមួយនេះជាបន្ទាន់ប៉ុណ្ណោះ បើទោះបីជារដ្ឋាភិបាលធ្លាប់បានសន្យាជាមួយឡាវ និងវៀតណាម នាពេលកន្លងមកហើយក៏ដោយ។
ដំណាលពេលគ្នានេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក៏បានទម្លាយឯកសារមួយចំនួនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍នេះ ក្នុងនោះលោក ហ៊ុន សែន បានបកស្រាយលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយឯកសារស្តីអំពីសេចក្តីសម្រេចរបស់រដ្ឋសភា កាលពី ១៤ឆ្នាំមុន (ឆ្នាំ២០១០) ផងដែរ។
លោក ហ៊ុន សែន លើកឡើងថា នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម បានបង្កើតរៀងខ្លួននូវគណៈកម្មការសភាដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន។
លោក ហ៊ុន សែន អះអាងថា ជាងនេះទៀត គណបក្ស សម រង្សី និងគណបក្សផ្សេងទៀតដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឬសមាជិកព្រឹទ្ធសភាមណ្ឌល៨ ក៏បានចូលរួមក្នុងគណៈកម្មការសភានេះដែរ ហើយគណៈកម្មការនេះក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងទូលំទូលាយថែមទៀត៕