35.6 C
Phnom Penh

លោក សម រង្ស៊ី ចាត់ទុក​ការ​បង្ខំ​កុមារ​តូចៗ​ឱ្យ​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចាត់ទុក​ការ​បង្ខំ​កុមារ​តូចៗ​នៅ​តាម​គ្រឹះស្ថាន​អប់រំ ឱ្យ​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) គឺជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​កេងប្រវ័ញ្ច​លើ​កុមារ​ធ្ងន់ធ្ងរ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ សីហា នេះ​ថា របាយការណ៍​ថ្មី​មួយ​ពី​ប្រទេស​កម្ពុជា បាន​បង្ហាញ​ពី​កុមារ​តូចៗ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឃោសនា​របស់​លោក ហ៊ុន សែន ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV)។

លោក​ថា ការ​ធ្វើ​បែប​នេះ​បាន​បង្កើន​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ខាង​សីលធម៌​យ៉ាង​ខ្លាំង និង​ជា​ការ​រំលោភ​សិទ្ធិ​របស់​កុមារ​ផង​ដែរ ព្រោះ​កុមារ​តូចៗ​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ទាំងនេះ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​ការ​យល់ដឹង និង​សីលធម៌​របស់​ពួកគេ។

លោក សម រង្ស៊ី អះអាង​ថា ការ​បង្ខំ​ឱ្យ​កុមារ​តូចៗ​ទាំងនោះ​គាំទ្រ​នូវ​គោលនយោបាយ​របស់​រដ្ឋ ឬ​ការ​និទាន​រឿង​នយោបាយ ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​សិទ្ធិ​សេរីភាព​ក្នុង​ការ​គិត និង​ការ​បញ្ចេញមតិ​ដូច​ដែល​បាន​ធានា​ដោយ​អនុសញ្ញា​នៃ​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​កុមារ (CRC) ជាដើម។

លោក​បន្ត​ថា ការ​ប្រើ​កុមារ​ជា​ឧបករណ៍​សម្រាប់​ផ្ញើ​សារ​នយោបាយ រដ្ឋាភិបាល​មិន​ត្រឹមតែ​កេងប្រវ័ញ្ច​សិទ្ធិ និង​សេរីភាព​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ថែមទាំង​រារាំង​ពួកគេ​ក្នុង​ការ​បង្កើត​មតិ​ឯករាជ្យ​ដែល​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​របស់​កុមារ​ទៅ​ជា​ពលរដ្ឋ​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ថែម​ទៀត​ផង។

លោក​បន្ត​ទៀត​ថា ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូចខាត​ដល់​គោលបំណង​ពិត​នៃ​ការ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​សីលធម៌​ធ្ងន់ធ្ងរ​អំពី​ទំនួល​ខុសត្រូវ​របស់​អ្នក​កាន់​អំណាច​ថែម​ទៀត ត្បិត​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​កុមារ និង​លើ​អនាគត​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។

លោក សម រង្ស៊ី បញ្ជាក់​ថា វា​មាន​សារសំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ឈប់​ការ​អនុវត្ត​អំពើ​បែប​នេះ និង​សម្រាប់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ការពារ​សិទ្ធិ​របស់​កុមារ ដោយ​ធានា​ថា ការ​អប់រំ​គឺ​ដាច់ខាត​មិន​ឱ្យ​មាន​ការ​បង្ខិតបង្ខំ​បែប​នេះ​ឡើយ។

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៨ សីហា ថា បើ​ការ​ប្រកាស​របស់​កុមារ​តូចៗ​ទាំងនោះ​នៅ​ប្រទេស​កូរ៉េខាងជើង ឬ​ក្នុង​របប​សម័យ​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នោះ​ពុំ​មាន​អ្វី​ដែល​ត្រូវ​ឆ្ងល់​នោះ​ទេ ពីព្រោះ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​គឺ​គេ​តែងតែ​ធ្វើ​បែប​នេះ ដើម្បី​ធ្វើ​ប្រជាភិថុតិ​លើ​ពលរដ្ឋ​ខ្លួនឯង។

លោក មួង ណារ៉េត ចាត់ទុក​អំពើ​បែប​នេះ​ជា​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ធ្ងន់ធ្ងរ និង​ជា​អំពើ​បន្ទាបបន្ថោក​តម្លៃ​អនីតិជន ដោយ​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ​តូចៗ​ទាំងនោះ។

សកម្មជន​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា កុមារ​តូចៗ​ទាំងនោះ​គួរ​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​ការពារ​ពី​រដ្ឋាភិបាល​មិនមែន​ជា​ការ​កេងប្រវ័ញ្ច​បែប​នេះ​ទេ។

ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម មាន​ប្រភព​ចេញពី​សាលា​បឋមសិក្សា​បល្ល័ង្ក ឃុំ​តាគង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​បង្ហាញ​ថា​កុមារ​តូច​រាប់​រយ​នាក់​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ស្រែក​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV។ កុមារ​តូច​ទាំងនោះ ក៏​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ស្រែក​គាំទ្រ និង​ជឿជាក់​លើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ផង​ដែរ ខណៈ​គ្រឹះស្ថាន​អប់រំ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​កុមារ​តូចៗ​ស្រែក​ប្រកាស​គាំទ្រ​ក្នុង​ខ្លឹមសារ​ដូច​គ្នា​នេះ​ដែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស