30 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ធ្វើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ សីហា នេះ​ថា ទំនាស់​ផ្ទៃក្នុង​ជាតិ​ខ្មែរ​នា​ពេលនេះ តម្រូវ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​វិធី​ស្រប​មួយ​ដើម្បី​ដោះស្រាយ​ការ​កើតទុក្ខ​មិន​សុខចិត្ត​របស់​ពលរដ្ឋ រួម​ទាំង​បក្ស​នយោបាយ​គ្រប់​និន្នាការ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម នា​ពេលនេះ។

លោក សេក សុជាតិ លើកឡើង​ថា សមាជ​ជាតិ​គឺ​មាន​សារសំខាន់​ណាស់​នៅ​ពេល​ដែល​កម្លាំង​ការពារ​ជាតិ​ខ្មែរ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែកបាក់ ឬ​ខ្វែង​គំនិត​គ្នា ព្រោះ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ អាច​លើក​យក​បញ្ហា និង​កង្វល់​របស់​ខ្លួន​មក​ដាក់​លើ​តុ​ដើម្បី​ជជែក​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​រួម​មួយ ជាពិសេស​ជុំវិញ​ការ​អនុវត្ត​ផ្សេងៗ​ទាំង​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​ដែល​ប្រាសចាក​ពី​គោលការណ៍​ដើម​របស់​រដ្ឋធម្មនុញ្ញ​កន្លង​មក។

ប្រភព​ដដែល​អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​បើក​ឱ្យ​មាន​សមាជ​ជាតិ នោះ​រដ្ឋាភិបាល​ក៏​មិន​ចាំបាច់​តម្រូវ​ឱ្យ​មន្ត្រី​រាជការ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដែរ ចំណែកឯ​បក្ស​ប្រឆាំង​ក៏​មិន​ចាំបាច់​ប្រកាស​កៀរគរ​ពលរដ្ឋ​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ខ្លួន ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នោះ​ឡើយ។

លោក សេក សុជាតិ បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ប្រើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​មែន នោះ​នឹង​នាំ​ឱ្យ​ជាតិ​ខ្មែរ​ទាំងមូល​ឈប់​យល់​ច្រឡំ​គ្នា និង​អាច​នាំ​ឱ្យ​ខ្មែរ​ឈាន​ទៅ​រក​ការ​សាមគ្គី​គ្នា ផ្សះផ្សា រួម​ទាំង​អាច​បង្កើត​នូវ​វប្បធម៌​ជាតិ​និយម​ដ៏​រឹងមាំ​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង។

ចាប់តាំងពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) ដោយ​ផ្ទាល់​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ មក ទំនាស់​ជាតិ​ខ្មែរ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បាន​ផ្ទុះ​ឡើង​លើ​ដំបៅ​ដែល​មាន​ស្រាប់​កាន់តែ​ខ្លាំង ក្នុង​នោះ​ភាគី​ទាំង​សងខាង​បាន​ប្រើ​វិធីសាស្ត្រ​រក​ការ​គាំទ្រ​ក្នុង​ចំណោម​ពលរដ្ឋ និង​មន្ត្រី​រាជការ​តាម​លទ្ធភាព​របស់​ខ្លួន​រៀងៗ​ខ្លួន។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៤ លិខិត​របស់​អគ្គស្នងការ​នគរបាល​ជាតិ​មួយ ត្រូវ​បាន​បែកធ្លាយ​ស្ដីពី​របាយការណ៍​ទិន្នន័យ​ស្ថិតិ​មន្ត្រី​នគរបាល​ជាតិ​ដែល​ចូលរួម​គាំទ្រ​ប្តូរ​ទម្រង់​រូបថត ឬ Frame Photo បង្ហាញ​ការ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​នៅ​ពេលនេះ។

ក្នុង​លិខិត​ដដែល​នេះ បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ដល់​មន្ត្រី​នគរបាល​ជាតិ​ឱ្យ​ចូលរួម​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ និង​បង្ហាញ​ការ​ជឿជាក់​លើ​រដ្ឋាភិបាល តាមរយៈ​នៃ​ការ​ប្តូរ​ទម្រង់​រូបថត ឬ Frame Photo ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ពេលនេះ។

ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​នគរបាល​ជាតិ​ដែល​ធ្វើ​តាម​ការ​ណែនាំ​មាន​ចំនួន​ជិត ៥​ពាន់​នាក់​ហើយ (៤៨៤៣​នាក់) ក្នុង​នោះ ស្នងការ-ស្នងការ​រង​មាន​ចំនួន ២៨​នាក់ មន្ត្រី​ចំណុះ​ការិយាល័យ​ជំនាញ​ទាំង ៣៣ មាន​ចំនួន​ជិត ២​ពាន់​នាក់ (១៨១៤​នាក់) មន្ត្រី​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង ១៤ មាន​ចំនួន​ជាង ២​ពាន់​នាក់ (២៦៧០​នាក់) និង​មន្ត្រី​កិច្ចសន្យា​មាន​ចំនួន​ជាង ៣០០​នាក់ (៣៣១​នាក់) ផង​ដែរ។

របាយការណ៍​នេះ ត្រូវ​បាន​ពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា រិះគន់​ថា ជា​ការ​គាបសង្កត់ និង​គំរាមកំហែង​មន្ត្រី​រាជការ​សាធារណៈ​ឱ្យ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) ប៉ុណ្ណោះ មិនមែន​ជា​ការ​ស្ម័គ្រចិត្ត​របស់​ពួកគេ​ទេ។ ជាង​នេះ​ទៅ​ទៀត ការ​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​ពី​ការ​ដាក់​ទោស​មន្ត្រី​រាជការ​ពី ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ បើ​ពួកគេ​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​នេះ ក៏​រឹតតែ​បង្ហាញ​ថា​មន្ត្រី​រាជការ​កំពុង​ស្ថិត​ក្នុង​ការ​គាបសង្កត់​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស